ជាតិ
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
លោក ថោង ខុន បញ្ជាឲ្យមន្ទីរទេសចរណ៍រៀបចំវត្តទេសចរណ៍គំរូនិងវិថីម្ហូបអាហារ នៅថ្ងៃភ្ជុំបិណ្ឌ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត រៀបចំ «វត្តទេសចរណ៍គំរូនិងវិថីម្ហូបអាហារ» ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ។
«ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវអនុវត្តសារាចរណែនាំស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ ឲ្យមានប្រសិទ្ធភាព ដោយសហការជាមួយក្រសួងធម្មការ និងសាសនា រួមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំវត្តទេសចរណ៍គំរូនិងវិថីម្ហូបអាហារ»។ នេះបើតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍បានចុះផ្សាយដែលលោក ថោង ខុន ថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល៩ខែ ដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោករដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច នៅតាមគោលដៅទេសចរណ៍នីមួយៗ និងសហការជាមួយកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពភ្ញៀវទេសចរឲ្យបានហ្មត់ចត់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com