ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ «​ខ្ញុំ​គោរព​ខ្លាំងណាស់​ចំពោះ​ព្រះរាជ​ទស្សនវិស័យ​សម្ដេច​ឪ​»
19, Sep 2019 , 1:32 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ភ្នំពេញ​៖ នយោបាយ​ការបរទេស​ដែល​កម្ពុជា អនុវត្ត​គោរព​គោលនយោបាយ​ចិន​តែមួយ គឺជា​ព្រះរាជ​ទស្សនៈវិស័យ​វែងឆ្ងាយ​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ​នរោត្តម សីហនុ សម្រាប់​ត្រួស​ត្រាយផ្លូវ​ឱ្យ​កម្ពុជា ឈានទៅ​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន​ចំនួន​៣ គឺ CRI, CCTV, Xinhua និង​សារព័ត៌មាន Fresh News ។​

 
«​ខ្ញុំ​មានការ​គោរព​ខ្លាំងណាស់​ជាមួយ​ទស្សនវិស័យ​របស់​សម្ដេច​ឪ អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ​កម្ពុជា​»​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​វាយតម្លៃ​ខ្ពស់​លើ​នយោបាយ​ការបរទេស​របស់​ព្រះ​បរម​រតន​កោដ្ឋ ។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ចង់​បញ្ជាក់ថា ព្រះ​បរម​រតន​កោដ្ឋ មាន​ព្រះរាជតម្រិះ ឈ្លាសវៃ​ក្នុងការ​សម្រេចព្រះរាជហទ័យ ជ្រើស​រើសយក​ការគោរព​ទៅលើ​គោលនយោបាយ​ចិន​តែមួយ ពោលគឺ​មិន​ទទួលស្គាល់​កោះ​តៃវ៉ាន់ ជា​រដ្ឋ​ឯករាជ្យ​តាម​ការទាមទារ​ផ្ដាច់ខ្លួន រួមទាំង​កៅអី​នៅ​អង្គការសហប្រជាជាតិ​ជាដើម​។​
 
​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ទស្សនវិស័យ​វែងឆ្ងាយ​នៃ​នយោបាយ​ការបរទេស​របស់​អតីតព្រះមហាក្សត្រ​នេះ គឺជា​នាវា​នាំឱ្យ​កម្ពុជា​ឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍ​សព្វថ្ងៃនេះ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​អះអាងថា ខ្លួន​បាន​ដើរ​តាម​គន្លង​នយោបាយ​ការបរទេស​ព្រះ​បរម​រតន​កោដ្ឋ​នេះ បាន​និយាយ​ដូច្នេះ​៖«​ការអនុវត្ត​នូវ​គោលនយោបាយ​ចិន​តែមួយ វា​ជាការ​គោរព​អធិបតេយ្យភាព​ចិន ។ ការគោរព​អធិបតេយ្យភាព​ចិន វា​មានតម្លៃ​ស្មើ​ការគោរព​អធិបតេយ្យភាព​កម្ពុជា​ខ្លួនឯង​។ ខ្ញុំ​លើក​ឧទាហរណ៍​ថា ប្រសិន​មាន​ប្រទេស​ណាមួយ ចង់​កាត់ផ្ដាច់​ខេត្ត​ណាមួយ​របស់​កម្ពុជា ចេញទៅ​រដ្ឋ​ឯករាជ្យ សួ​ថា កម្ពុជា មានការ​ខឹង​ទេ​?​មានការ​តូចចិត្ត​? មានការ​ជំទាស់​ទេ​? ពិត​ជាមាន​ការខឹង មានការ​តូចចិត្ត មានការ​ជំទាស់​។ ចិន​ក៏​ដូចគ្នា​ដែរ បើសិន​មានការ​ប៉ុនប៉ង ឱ្យ​តៃវ៉ាន់ បង្កើត​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ​នោះ ចិន​ពិតជា​មិន​យល់ស្រប​ទេ​។ ដូច្នេះ នេះ​ជាត​ម្លៃ​ដែល​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ត្រួសត្រាយ​កាលពី​ពេលមុន​។ ហើយ​ខ្ញុំ ក៏ដូចជា​សម្ដេច​ព្រះមហា​ក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បន្តវេន​ពី​សម្ដេចព្រះ​នរោត្តម សីហនុ ជា​រៀង​រហូតមក​»​។​

សូមស្ដាប់សំឡេង៖
 

មិនតែប៉ុណ្ណោះ​ទេ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​ណែនាំ​ទៅដល់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ហាម​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ទៀតផង ខណៈដែល​កម្ពុជា កំពុងមាន​ភាពស្អិតល្មួត​លើ​ផ្នែក​ការទូត រួមទាំង​កិច្ចសហប្រតិបត្តិការ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រង​ជ្រុងជ្រោយ​។ លើសពីនេះ​ទៀត​សម្ដេច ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន​ចិន​ទាំង​៣ គឺ CRI, CCTV, Xinhua ថា ដ្បិត​មាន​អ្នករកស៊ីជនជាតិតៃ​វ៉ាន់មួយចំនួន ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​កម្ពុជា​មិន​ផ្ដល់​សិទ្ធិ​ឱ្យ​តៃវ៉ាន់ បើក​ស្ថាន​តំណាង​ទូត​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។ 
 
​គួរ​បញ្ជាក់ថា កម្ពុជា​-​ចិន ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត ចាប់តាំងពី​ឆ្នាំ​១៩៥៨​មក ដោយ​អតីតព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហនុ និង​ប្រធានាធិបតី​ចិន ម៉ៅ សេទុង ។ ហើយ​ប្រទេស​ទាំងពីរ ទើបតែ​ប្រារព្វ​ចំណង​ការទូត​៦០​ឆ្នាំ កាលពី​ឆ្នាំ​២០១៨​កន្លងមក​។ តាមរយៈ​ទំនាក់ទំនង​ជិតស្និទ និង​ស៊ីជម្រៅ​នេះ ប្រទេស​ទាំងពីរ បាន​ព្រៀម​ព្រៀង​ដំឡើង​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ ការសម្រេច​នេះ ធ្វើឡើង​អំឡុង​ជំនួប​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ (Wen Jiabao)​។​
 
​ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន​នោះ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។  ជារួម​ភាគី​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន ស្ទើរតែ​ទាំងអស់​ទាំង​សេដ្ឋកិច្ច​, នយោបាយ​, សន្តិសុខ​,​ការទូត​,​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។ ដែល​ទំនាក់ទំនង​បង្កើតឡើង សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ដែល​បានដាក់​ចេញ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ផ្សេង​៕

Tag:
 ​ហ៊ុន សែន​
  ព្រះមហាក្សត្រ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com