អន្តរជាតិ
វៀតណាម​ត្រូវបាន​គេ​ជំរុញ​ឲ្យ​ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​គោក​ទៅជា​ផ្លូវទឹក​វិញ​
20, Sep 2019 , 7:59 pm        
រូបភាព
វៀត​ណាម​អាច​កាត់​បន្ថយ​ការ​បញ្ជេញ​ឧស្ម័ន​កាបូន​ដោយ​ប្តូរ​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​មក​ផ្លូវ​ទឹក​វិញ។
វៀត​ណាម​អាច​កាត់​បន្ថយ​ការ​បញ្ជេញ​ឧស្ម័ន​កាបូន​ដោយ​ប្តូរ​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​មក​ផ្លូវ​ទឹក​វិញ។
ដោយ: VOA
 ​ហូជីមិញ ៖ ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស វៀតណាម លឿន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅក្នុង​ពិភពលោក​នេះ​។ នេះ​បើ​យោងតាម​ការវិភាគ​មួយ​ក្នុងពេល​ថ្មីៗ​នេះ​អំពី​ថាមពល​នៅក្នុង​ពិភពលោក​របស់​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន BP​។ លទ្ធផល​នៃ​វិភាគ​នេះ​កាន់តែ​ជំរុញ​ជាបន្ទាន់​ថែមទៀត​ទៅលើ​សេចក្ដីរាយការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា កន្លងទៅនេះ​ដោយ​ធនាគារពិភពលោក​។ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​ផ្ដល់​អនុសាសន៍​ទៅលើ​វិធី​ដែល​វៀតណាម​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​និង​ដើម្បី​សម្រេចបាន​ទៅតាម​គោលដៅ​ដែល​ដាក់ចេញ​នៅក្នុង​កិច្ចព្រមព្រៀង​ប​ម្រែ ប​ម្រួ​ល​អាកាសធាតុ​ទីក្រុង​ប៉ារីស​។

 
​អ្នកសរសេរ​របាយការណ៍​មួយ​ដែលមាន​កម្រាស់​១៣០​ទំព័រ​ផ្ដោតទៅលើ​ការកើនឡើង​ឧស្សាហកម្ម​ដឹកជញ្ជូន​នៅ​ប្រទេស​វៀតណាម ហើយ​បានផ្ដល់​អនុសាសន៍​ឲ្យ​វៀតណាម​ប្ដូរ​ពី​ការប្រើប្រាស់​យានយន្ដ​ដឹកជញ្ជូន​តាមផ្លូវ​គោក​ទៅជា​ផ្លូវទឹក​វិញ​។​
 
​លោក Ousmane Dione នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស វៀតណាម ដែលមាន​ការិយាល័យ​នៅ​ទីក្រុង ហាណូយ បាន​មានប្រសាសន៍ថា​៖ «​ប្រព័ន្ធ​ដឹកជញ្ជូន​ដ៏​ល្អ​មួយ​គឺ​ចាំបាច់​ណាស់​សម្រាប់ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​វៀតណាម​នៅតែ​រីកចម្រើន​។ សេដ្ឋកិច្ច​វៀតណាម​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​បរទេស និង​ការភ្ជាប់​ទំនាក់ទំនង​ចល័ត​។ យើង​សង្ឃឹមថា លទ្ធផល​ដែល​បាន​រកឃើញ​និង​អនុសាសន៍​នៅក្នុង​របាយការណ៍​ថ្មី​នេះ​នឹង​ជួយ​ប្រទេស​វៀតណាម​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​វិស័យ​ដឹកជញ្ជូន​ដ៏​ខ្លាំងក្លា​និង​ប្រកបដោយ​និរន្តរ​ភា​ព‍​»​។​
 
​របាយការណ៍​នេះ​ក៏បាន​វិភាគ​ទៅលើ​ដំណោះស្រាយ​ចំនួន​៨​ដែល​វៀតណាម​អាច​នឹងធ្វើ​តេស្ត​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាមរយៈ​ការផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​ការប្ដូរ​ទៅប្រើ​ប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​និង​ការបង្កើន​ការប្រើប្រាស់​ប្រេង​ជីវសាស្ត្រ​ជាដើម​។ របាយការណ៍​នេះ​ក៏បាន​សន្និដ្ឋានថា ដំណោះ ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ការប្ដូរ​ពី​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​គោក ទៅជា​មធ្យោបាយ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​វិញ​។ ការធ្វើ​ដូច្នេះ​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ចំនួន​២២​លាន​៨​សែន​តោន​ត្រឹម​ឆ្នាំ​២០៣០​ខាងមុខនេះ​។​
 
​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ទី​ពីរ​គឺត្រូវធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​តិច​និង​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​តិច ដែល​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​រហូតដល់​ទៅ​១៥​លាន​៨​សែន​តោន​ត្រឹម​ឆ្នាំ​២០៣០​។​
 
​ប្ដូរ​ការដឹកជញ្ជូន​តា​ម​ផ្លូវគោក​ទៅជា​តាម​ផ្លូវទឹក​និង​ផ្លូវដែក​វិញ​
 
​វៀតណាម​មាន​ឆ្នេរសមុទ្រ​រហូតដល់​ប្រវែង​៣២១៨ គីឡូម៉ែត្រ​ឯណោះ ហើយ​ក៏មាន​ដីសណ្ដ​ទន្លេ​ចំនួន​ពីរ​ធំៗ​ផងដែរ​នៅតាម​តំបន់​សំខាន់​នានា ដូចជា​ដីសណ្ដ​ទន្លេមេគង្គ​នៅ​ប៉ែក​ខាងត្បូង​ក្បែរ​ទីក្រុង ហូជីមិញ និង​ទន្លេ​ក្រហម​នៅ​ប៉ែក​ខាងត្បូង​ក្បែរ​ទីក្រុង ហាណូយ​។ ថ្វីត្បិតតែ​ផ្លូវទឹក​ទាំងនេះ​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ក៏ដោយ ក៏មាន​ការកើនឡើង​នូវ​ការពឹង​ផ្អែកលើ​រថយន្ត​ដឹកទំនិញ​ធំៗ​ដើម្បី​ដឹកទំនិញ​តាមផ្លូវ​គោក​ផងដែរ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ការវិនិយោគ​បន្ថែមទៀត​ទៅលើ​ផ្លូវទឹក​កាន់តែ​ចាំបាច់ ប្រសិនបើ​ប្រទេស​វៀតណាម​ចង់​រួមចំណែក​ធ្វើការ​លើ​វិស័យ​ដឹកជញ្ជូន​នោះ​។ នេះ​បើ​យោងតាម​របាយការណ៍​ដ​ដែល​នោះ​។​
 
​ដោយសារតែ​ប្រទេស​វៀតណាម​ក៏មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់បំផុត​មួយ​ដែរ​នៅក្នុង​ពិភពលោក ប្រទេស​នេះ​មាន​កំណើន​ភាគហ៊ុន​នៅក្នុង​ពាណិជ្ជកម្ម​ពិភពលោក ដែល​ត្រូវការ​ធនធាន​ថាមពល​និង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​កាន់តែ​ច្រើនជាង​មុន​។​
 
​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​កំណើន​ការប្រើប្រាស់​ថាមពល​នៅ​ទូទាំងប្រទេស​វៀតណាម​ច្រើនជាង​មុន រាប់​ចាប់ពី​កំណើន​តម្រូវការ​រថយន្ត​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម រហូតដល់​វិស័យ​សំណង់​ដែល​ត្រូវការ​សាងសង់​អគារ​ផ្ទះជួល​និង​ការិយាល័យ​កាន់តែច្រើន​។ អ្នក​បរិស្ថាន​បាន​ឆ្លើយតប​ទៅនឹង​ចំណុច​នេះ​វិញ​តាមរយៈ​ការស្នើ​ឲ្យ​ពលរដ្ឋ​វៀតណាម​ព្យាយាម​ប្រើប្រាស់​ប្រភព​ថាមពល​ផ្សេង​មក​ជំនួស​វិញ​។​
 
​លោកស្រី Nguy Thi Khanh នាយិកា​មជ្ឈមណ្ឌល Green Innovation and Development Center ហៅ​កាត់​ថា GreenID ដែលជា​អង្គការ​ការពារ​បរិស្ថាន​មិន​ស្វែងរក​ប្រាក់កម្រៃ​មួយ​នៅ​ទីក្រុង ហាណូយ បាន​និយាយថា​៖ «​ក្នុងនាម​ជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅដោយ​ថាមពល​ចម្រុះ​និង​ថាមពល​ដែល​អាច​ផលិត​បាន​វិញ​យ៉ាងច្រើន​លើសលុប ប្រទេស​វៀតណាម​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ប្រសិនបើ​ប្រទេស​នេះ​ងាក​មក​ផលិត​ថាមពល​ស្អាត​កាន់តែ​ឆាប់រហ័ស​ន‍ោះ​»​។​
 
​លោកស្រី​បាន​បន្ថែមទៀតថា ចាប់ពីពេលនេះ​តទៅ ការប្រើប្រាស់​ថាមពល​ដែល​អាច​ផលិត​វិញ​បាន​កាន់តែច្រើន​នឹង​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ឥន្ធនៈផូស៊ីល កាត់បន្ថយ​ការបំពុល​បរិស្ថាន កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ផ្ដល់​អត្ថប្រយោជន៍​មួយចំនួន​ទៅលើ​សេដ្ឋកិច្ចសង្គម​។​
 
​បន្ថែម​ពីលើ​ការប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ជើងគោក​ទៅជា​ជើង​ទឹក​វិញ ធនាគារពិភពលោក​ក៏បានផ្ដល់​អនុសាសន៍​ឲ្យ​ប្រើ​ដំណោះស្រាយ​ផ្សេងៗ​បញ្ចូល​គ្នា​ផងដែរ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​។ មធ្យោបាយ​ទាំងនោះ​រួមមាន​ដូចជា​ការ​ងាក​ទៅប្រើ​ប្រាស់​យានយន្ដ​ប្រើ​អគ្គិសនី ការបង្កើត​បទដ្ឋាន​ប្រើប្រាស់​ប្រេង​ស្អាត វិនិយោគ​ទៅលើ​ការប្រើប្រាស់​រថយន្តក្រុង​និង​រថភ្លើង​សាធារណៈ និង​ការប្ដូរ​ពី​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ថ្នល់​ទៅជា​ផ្លូវដែក​វិញ​។​
 
​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀតថា វិធីសាស្ត្រ​ដែលមាន​តុល្យភាព​មួយ​អាច​នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​នៅក្នុង​វិស័យ​ដឹកជញ្ជូន​របស់​វៀតណាម​ត្រឹម​៩%​ត្រឹម​ឆ្នាំ​២០៣០ ហើយ​អាច​កាត់បន្ថយ​បាន​រហូតដល់​២០% ប្រសិនបើ​មានការ​គាំទ្រ​ពី​សំណាក់​ម្ចាស់ជំនួយ​និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​នានា​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com