ជាតិ
សមាគម​សិល្បករ​ខ្មែរ ស្វែងរក​សិល្បករ​ចាស់ៗ ដែលមាន​ជីវភាព​ខ្វះខាត​ដើម្បី​ផ្ដល់ជំនួយ​
20, Sep 2019 , 10:19 pm        
រូបភាព
រូបពី​ហ្វេសប៊ុកលោក សុះ ម៉ាច
រូបពី​ហ្វេសប៊ុកលោក សុះ ម៉ាច
​ភ្នំពេញ​៖ សមាគម​សិល្បករ​ខ្មែរ កំពុង​ស្វែងរក​សិល្បករ​សិល្បការិនី​ដែលមាន​វ័យ​ចំណាស់​និង​មាន​ជីវភាព​ខ្វះខាត ដើម្បី​ផ្ដល់ជំនួយ​ដល់​ពួកគាត់​ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​នេះ​។ លោក សុះ ម៉ាច ដែល​ត្រូវបាន​សមាគម​សិល្បករ​ខ្មែរ​ជ្រើសតាំង​ឱ្យធ្វើ​កិច្ចការ​នេះ បាន​បញ្ជាក់ថា ជំនួយ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ផ្ដល់ជូន​ចំពោះតែ​សិល្បករ​សិល្បការិនី​ចាស់ៗ ដែលមាន​ជីវភាព​ខ្វះខាត​ប៉ុណ្ណោះ​។​


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុះ ម៉ាច បាន​បញ្ជាក់ថា ជំនួយ​ឧបត្ថម្ភ​នេះ គឺ​សម្រាប់តែ​សិល្ប​ករចាស់ៗ​ណា​ដែល​មិន​ធ្លាប់​ទទួល​ជំនួយ​ពី​សមាគម​សិល្បករ​ខ្មែរ​ពីមុន​តែប៉ុណ្ណោះ​។ លោក​ថា ការផ្ដល់​ជំនួយ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុង​បំណង​ជួយ​សិល្ប​ករចាស់ៗ​ឱ្យមាន​ប្រាក់​ធ្វើបុណ្យ​។​
 
«​ខ្មែរ​យើង​មាន​ទំនៀមទម្លាប់​ចែករំលែក​តាំងពី​សម័យ​ដើម​។ អ្វីដែល​យើង​ធ្វើ គឺ​យើង​ចង់ឱ្យ​សិល្បករ​ដែល​គាត់​ខ្វះខាត គាត់​អាចមាន​ប្រាក់​ខ្លះ​ដើម្បី​ធ្វើបុណ្យ ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​។ យើង​ចង់​ជូន​គាត់​ឱ្យបាន​មុន​ថ្ងៃ​ភ្ជុំ​ធំ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុះ ម៉ាច​។​

​ទោះជា​យ៉ាងណា​អ្វី​ដែលជា​ឧបសគ្គ​សម្រាប់​សមាគម​សិល្បករ​ខ្មែរ គឺ​ការពិបាក​ស្វែងរក​សិល្បករ​ចាស់ៗ​ដែលមាន​ជីវភាព​ខ្វះខាត​។ លោក សុះ ម៉ាច ក៏បាន​សុំ​ការសហការ​ពី​មហាជន​ក្នុង​ការផ្ដល់​អាសយដ្ឋាន ឬ​ដំណឹង​ពី​សិល្ប​ករចាស់ៗ​ដែលមាន​ជីវភាព​ខ្វះខាត​ទាំង​នោះដែរ​។

​លោក​បញ្ជាក់ថា​៖«​យើង​ពិបាក​ស្វែងរក​សិល្បករ​ចាស់ៗ​ដែលមាន​ជីវភាព​ខ្វះខាត ព្រោះ​យើង​មិនដឹងថា​ពួកគាត់​រស់នៅ​ទីណា​ខ្លះ​ទេ​។ ខ្ញុំ​សង្ឃឹមថា​ពួកគាត់​ព្រមទាំង​មហាជន នឹង​ទាក់ទង​មក​សមាគម​សិល្បករ​ខ្មែរ ប្រាប់​ពី​មនុស្ស​ដែល​ពួកយើង​កំពុង​ស្វែងរក​»​។​

​លោក សុះ ម៉ាច នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​សមាគម​សិល្បករ​ខ្មែរ​នឹង​ផ្ដល់ជំនួយ​អ្វីខ្លះ ឬ​ជា​ទឹកប្រាក់​ចំនួន​ប៉ុន្មាន ដល់​សិល្បករ​វ័យ​ចំណាស់​ក្រក្រី​ឡើយ​។​

​ប្រសិនបើ​មហាជន​ស្គាល់​ឬ​ដឹង​ពី​អាសយដ្ឋាន​របស់​សិល្បក​រ​ចាស់ៗ ដែលមាន​ជីវភាព​ខ្វះខាត និង​មិនដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ពី​សមាគម​សិល្បករ​ខ្មែរ​ពីមុនមក អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ ០១៧ ៤៨ ០១ ៧៧ និង ០៨៧ ២៧ ៦៦ ៦៣៕

Tag:
 សិល្បករ​
  សិល្បៈ​
  សមាគម​សិល្បករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com