ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​ឃាត់​បុរស​ម្នាក់​ពីបទ​ទទួល​បញ្ចាំ​ម៉ូតូ​ខុសច្បាប់​
20, Sep 2019 , 5:21 pm        
រូបភាព
រូបភាពពី​នគរបាលជាតិ
រូបភាពពី​នគរបាលជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​បើកហាង​បញ្ចាំ​ម៉ូតូ​ខុសច្បាប់ ដោយ​គ្មាន​លិខិតស្នាម​។ ការឃាត់ខ្លួន ធ្វើឡើង​ក្រោយពី​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​នោះ ហើយ​រកឃើញថា មានការ​ទទួល​ប​ញ្ជាំ​ម៉ូតូ​ខុសច្បាប់​ចំនួន​៥៦​គ្រឿង ក្នុង​សង្កាត់​សៀមរាប ខេត្តសៀមរាប ។​



​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា ទីតាំង​ខាងលើនេះ​ក៏​ធ្លាប់បាន​សមត្ថកិច្ច​ចុះបង្ក្រាប​ម្តង​រួចមកហើយ ប៉ុន្តែ​នៅតែ​ប្រព្រឹត្តិ​ទៀត​។ ទីតាំង​នោះ បាន​បើកទទួល​បញ្ចាំ​ម៉ូតូ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ទទួលយក​ម៉ូតូ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ អស់​រយៈពេល​ជា​យូរ​មកហើយ​ដែរ​។

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ម៉ូតូ​ទាំង​៥៦​គ្រឿង រួមទាំង​ម្ចាស់​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​សួរនាំ និង​ចាត់វិធានការ​តាមច្បាប់​។ តែ​យ៉ាងណា​អាជ្ញាធរ​រក្សាទុក​ម៉ូតូ ជា​បណ្តោះអាសន្ន​សិន ហើយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ ទើប​អាច​ឲ្យ​ម្ចាស់​ម៉ូតូ​យក​ម៉ូតូ​ទៅវិញ​៕

Tag:
 អាជ្ញាធរ​
 ​ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com