ជាតិ
សង្គមជាតិ
ព្រះសក្យមុនីចេតិយនៅភ្នំអដ្ឋរស្ស ជាតំណាងខេត្តកណ្តាល
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃសម្រេចដាក់ព្រះសក្សមិនីចេតិយនៅភ្នំអដ្ឋរស្ស ជានិមិត្តសញ្ញាតំណាងខេត្តកណ្ដាល ជាផ្លូវការ សម្រាប់ប្រើប្រាស់នៅក្នុងពិធីការនានា ដូចជាក្បាលលិខិត ឯកសារ សោមសំបុត្រផ្លូវការ និងករណីចាំបាច់ផ្សេងៗ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី១៩កញ្ញា ឆ្នាំ២០១៩។
ក្រសួងមហាផ្ទៃបានកំណតនិមិត្តសញ្ញាខេត្តកណ្ដាល មានរាងនិងរូបភាពដូចជា មានរាងមូល រង្វង់មូលពណ៌មាសព័ទ្ធជុំវិញ ដែលតំណាងឲ្យទឹកដីនៃខេត្តកណ្ដាល។ មហាចេតិយចំនួន៣ តំណាងឲ្យជាតិ សាសនា ព្រះមហាក្សត្រ និងអំណាចទាំង៣របស់រដ្ឋ គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
ចំណែកព្រះសក្សមុនីចេតិយ ជាតំណាងឲ្យទីតម្កល់នូវព្រះសារីរិកធាតុជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាចំពោះព្រះពុទ្ធសាសនា។ កំពូលចេតិយ តំណាងឲ្យអរិយធម៌ និងភាពខ្ពង់ខ្ពស់នៃប្រជាជាតិកម្ពុជាតាំងពីបុរាណ និងក្បូរក្បាច់រចនា តំណាងឲ្យភាពស៊ីវិល័យ ភាពរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រៃក្លាយទឹកទីជនបទទៅជាទីក្រុង។ រីឯឆ័ត្ររួត៧ជាន់ តំណាងឲ្យថ្ងៃទាំង៧ និងជ័យជំនះ៧មករា។ រូបភ្នំព្រះរាជទ្រព្យ តំណាងឲ្យមណ្ឌលដែនដី និងការគ្រប់គ្រងទឹកដីនៃខេត្តកណ្ដាល។ ដោយឡែក ដើមឈើពណ៌បៃតង តំណាងឲ្យបរិស្ថានល្អសម្បូរដោយធនធានធម្មជាតិ និងភាពរីកចម្រើននៃវិស័យកសិកម្ម។ រូបពពក តំណាងឲ្យភាពត្រជាក់ត្រជុំ សុខដុមរមនារស់ប្រជាជន៕
Tag:
ខេត្តកណ្ដាល
និមិត្តសញ្ញាខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com