ជាតិ
សង្គមជាតិ
ព្រះ​សក្យមុនី​ចេតិយ​នៅ​ភ្នំ​អដ្ឋរស្ស ជា​តំណាង​ខេត្តកណ្តាល​
21, Sep 2019 , 10:23 am        
រូបភាព
ភ្នំពេញ៖ ​ក្រសួងមហាផ្ទៃ​សម្រេច​ដាក់​ព្រះ​សក្ស​មិ​នី​ចេតិយ​នៅ​ភ្នំ​អដ្ឋរស្ស ជា​និមិត្តសញ្ញា​តំណាង​ខេត្តកណ្ដាល ជា​ផ្លូវការ សម្រាប់​ប្រើប្រាស់​នៅក្នុង​ពិធីការ​នានា ដូចជា​ក្បាល​លិខិត ឯកសារ សោម​សំបុត្រ​ផ្លូវការ និង​ករណី​ចាំបាច់​ផ្សេងៗ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ថ្ងៃទី​១៩​កញ្ញា ឆ្នាំ​២០១៩​។

 
​ក្រសួងមហាផ្ទៃ​បាន​កំណ​ត​និមិត្តសញ្ញា​ខេត្តកណ្ដាល មាន​រាង​និង​រូបភាព​ដូចជា មាន​រាង​មូល រង្វង់​មូល​ពណ៌​មាស​ព័ទ្ធជុំវិញ ដែល​តំណាង​ឲ្យ​ទឹកដី​នៃ​ខេត្តកណ្ដាល​។ មហា​ចេតិយ​ចំនួន​៣ តំណាង​ឲ្យ​ជាតិ សាសនា ព្រះមហាក្សត្រ និង​អំណាច​ទាំង​៣​របស់​រដ្ឋ គឺ​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ 
 
​ចំណែក​ព្រះ​សក្ស​មុនី​ចេតិយ ជា​តំណាង​ឲ្យ​ទី​តម្កល់​នូវ​ព្រះ​សារីរិកធាតុ​ជាទីគោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ព្រះពុទ្ធសាសនា​។ កំពូលចេតិយ តំណាង​ឲ្យ​អរិយធម៌ និង​ភាព​ខ្ពង់ខ្ពស់​នៃ​ប្រជាជាតិ​កម្ពុជា​តាំងពី​បុរាណ និង​ក្បូរ​ក្បាច់រចនា តំណាង​ឲ្យ​ភាព​ស៊ី​វិ​ល័យ ភាព​រីកចម្រើន អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការ​ប្រៃ​ក្លាយ​ទឹក​ទីជនបទ​ទៅជា​ទីក្រុង​។ រីឯ​ឆ័​ត្រ​រួត​៧​ជាន់ តំណាង​ឲ្យ​ថ្ងៃ​ទាំង​៧ និង​ជ័យជំនះ​៧​មករា​។ រូប​ភ្នំ​ព្រះរាជ​ទ្រព្យ តំណាង​ឲ្យ​មណ្ឌល​ដែនដី និង​ការគ្រប់គ្រង​ទឹកដី​នៃ​ខេត្តកណ្ដាល​។ ដោយឡែក ដើមឈើ​ពណ៌​បៃតង តំណាង​ឲ្យ​បរិស្ថាន​ល្អ​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ភាព​រីកចម្រើន​នៃ​វិស័យ​កសិកម្ម​។ រូប​ពពក តំណាង​ឲ្យ​ភាពត្រជាក់ត្រជុំ សុខដុមរមនា​រស់​ប្រជាជន​៕
 

Tag:
 ខេត្តកណ្ដាល​
  និមិត្តសញ្ញា​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com