ជាតិ
​​​ន​យោ​បាយ​ជាតិ​
១៣​ឆ្នាំ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ជាង​៦​ពាន់​នាក់ ទៅ​ជួយ​ប្រទេស​៨​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​
21, Sep 2019 , 4:59 pm        
រូបភាព
រូបពី Xinhua
រូបពី Xinhua
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​១៣ ឆ្នាំ​ហើយ ដែល​កម្ពុជា បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ៦,៣៥១​នាក់ (​ស្រី​៣២៦​នាក់​) ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​សារលិខិត​សម្ដេច ហ៊ុន សែន ដែល​ថ្លែង​អបអរ​ទិវា​សន្តិភាព​អន្តរជាតិ ដែល​ប្រារព្វ​នៅ​ថ្ងៃទី​២១ កញ្ញា​នេះ​។​
 
​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ទោះបីជា​បេសកកម្ម​ទាំងនេះ ប្រកបដោយ​ហានិភ័យ និង​គ្រោះថ្នាក់​ក្តី ក៏​កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​នៅតាម​ចំណុចក្តៅ​នោះ នៅតែមាន​ឆន្ទៈ​មោះមុត ក្នុង​ការបន្ត​រួមចំណែក​ជួយសង្គ្រោះ​ប្រទេស​ដទៃ ឱ្យ​ទទួលបាន​សន្តិភាព និង​ចាក​ផុតពី​ទុក្ខវេទនា​នៃ​សង្គ្រាម និង​ការបំផ្លិចបំផ្លាញ​។​
 
​សារលិខិត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖«​កម្ពុ​ជាមាន​មោទនភាព​ក្រៃលែង ដែល​បានប្រែក្លាយ​បទពិសោធន៍​ដ៏​ល្វីង​ជូរចត់​នៃ​សង្គ្រាមស៊ីវិល ឱ្យទៅជា​ការចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក​។ កម្ពុជា​បានប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​ធ្លាប់​បានទទួល​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ទៅជា​ប្រទេស​ដែល​បាន​នឹង​កំពុង​បញ្ជូន​កងកម្លាំង​ជា​បន្តបន្ទាប់ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ទៅ​បណ្ដា​ប្រទេស​នានា ដែល​កំពុង​ស្ថិតនៅក្នុង​ភ្លើងសង្គ្រាម​»​។​
 
​បច្ចុប្បន្ន​កម្ពុជា បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​៨ រួមមាន ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្ដាល លី​បង់ ស៊ី​ប ស៊ី​រី និង​ម៉ាលី ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។​
 
​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា ក៏​ធ្លាប់​ជួបប្រទះ​បញ្ហា​វាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​នៅក្នុង​តំបន់​នៃ​ប្រទេស​នីមួយៗ​ដែរ​។ កាលពី​ខែឧសភា ឆ្នាំ​២០១៧​កន្លងមក កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៤​នាក់​បាន​ស្លាប់ ដោយសារ​ត្រូវ​ក្រុម​ពួក​ឧទ្ទាម Anti-Balaka បាន​ពួនស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​។​
 
​ដ្បិត​ធ្លាប់មាន​សោកនាដកម្ម មកលើ​កងទ័ព​កម្ពុជា​បែបនេះ​ក្តី ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ញ៉ម​នឹង​បញ្ហា​នេះ​ទេ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅតែ​ប្រកាស​ជំហរ​បញ្ជូន​កង​ទ័​ចូលរួម​ប្រយុទ្ធប្រឆាំង​បញ្ហា​ប្រឈម​នានា​ក្នុង​ពិភពលោក ក្រោម​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដែល​កម្ពុជា​បានចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ ២០០៦​មកនេះ​៕
 
 
 

Tag:
 ហ៊ុន សែន​
  មួក​ខៀវ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com