អត្ថបទពាណិជ្ជកម្ម
តើ​មាន​កត្តា​សំខាន់ៗ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​?
22, Sep 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ដូច​លោក​-​អ្នក​បាន​ជ្រាប​ខ្លះៗ​ហើយ​ថា កម្ពុជា​ជា​ប្រទេសមួយ ស្ថិតនៅក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ដែល​កំពុង​ទទួលបាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​មួយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​(GDP)​មាន​ប្រមាណ ៧.០% សម្រាប់​ឆ្នាំ​២០១៩ និង​ប្រហែល ៦.៨% ក្នុង​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB)​។​
​ក្នុង​រយៈពេល​ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច នៅ​ចន្លោះ​ឆ្នាំ​២០០៨ ឆ្លង​ដល់​២០០៩ មក រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ បន្តិច​ម្តងៗ រហូតដល់​បច្ចុប្បន្ន កម្ពុជា​អាច​រក្សា​កំណើនសេដ្ឋកិច្ច នៅ​កម្រិត ៧.០% ក្នុង​រយៈពេល ៥ ឆ្នាំ​ជាប់ៗ​គ្នា​។ 
 
​ប្រទេស​កម្ពុជា ត្រូវបាន​ពិភពលោក​ឲ្យ​តម្លៃ​ថា នឹង​អាច​ក្លាយទៅជា​កូន​នាគ​សេដ្ឋកិច្ច​មួយ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។ វិស័យ​ទាំង​បួន នៅតែ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​៖​វិស័យ​កសិកម្ម វិស័យ​វាយ​ន​ភណ្ឌ​(​រោងចក្រ​កាត់ដេរ​) វិស័យ​ទេសចរណ៍ និង​វិស័យ​សំណង់​(​អចលនទ្រព្យ​)​។ 
 
​កាវ​វិនិយោគ​ផ្ទាល់​ពី​បរទេស​
​យោងតាម​របាយការណ៍​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​អនុញ្ញាត ឲ្យ​បង្កើត​ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន ១៥៣ គម្រោង ដែល​ប្រើ​ទុនវិនិយោគ​ជាង ៥ ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ បាន​បង្កើត​ការងារ​ចំនួន ១៦៧,៣៣០ កន្លែង​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៨ មាន​១០៥ គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៣.៥ លាន​ដុល្លារ​។ 
 
​ក្រឡេក​មក​មើល​វិស័យ​សំណង់ និង​អចលនទ្រព្យ​វិញ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សកម្មភាព​នៃ​ការសាងសង់ និង​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ បាននិងកំពុង​មា​នភា​ព​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ពី​បរទេស​។ 
 
​លំហូរ​អ្នកវិនិយោគទុន​ពី​បរទេស យ៉ាងច្រើន​មក​បណ្តាក់ទុន និង​វិនិយោគ​នៅ​កម្ពុជា ខណៈ​ប្រទេសមួយ​នេះ កំពុងផ្តល់​សញ្ញា​វិជ្ជមាន​ច្រើន​លើសលប់​ក្នុងការ​វិនិយោគ​។ ជាពិសេស​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ គេ​ឃើញ​សន្ទុះ​លំហូ​អ្នកវិនិយោគ​ចិន​យ៉ាងច្រើន ចូលមក​កម្ពុជា ដើម្បី​វិនិយោគ​លើ​វិស័យ​ចម្បងៗ មានដូចជា គម្រោង​ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប រោងចក្រ និង​កាស៊ីណូ ជាដើម ដែល​រាប់​ថា​មាន​ទឹកប្រាក់​វិនិយោគ​ខ្ទង់លាន​ដុល្លារ​ក្នុង​មួយ​គម្រោងៗ​។ 
 
​វិស័យ​សំណង់​វិញ តាមរយៈ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ចេញ​របាយការណ៍​សំណង់​ដូចខាងក្រោម​៖ 

​ទិន្នន័យ​សំណង់​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៣,២៩០ គម្រោង មាន​ផ្ទៃក្រឡា​ចំនួន ១២,៣៧៨,១១៩ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ៥,៧៥៥,០៧០,១២០ ដុល្លារ​។ បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៣,៤១៨ គម្រោង ផ្ទៃក្រឡា​ចំនួន ១១,៣៨១,៨៨៣ ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៦,៧៩៨,៦៦៣,១២៥ ដុល្លារ​។ មានន័យថា មានការ​ថយចុះ​ចំនួន ១៥.៣៥%​។ 
 
​អ្នកវិភាគ​មើលឃើញថា ថ្វីដ្បិតតែ​គម្រោង​វិនិយោគ ហាក់​មានការ​ធ្លាក់ចុះ​បន្តិច សម្រាប់​ឆ្នាំ​២០១៨ ប៉ុន្តែ​ពួកគាត់​មើលថា ក្នុង​ឆ្នាំ​២០១៩ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​អចលនទ្រព្យ​នេះ នឹង​កើន​ឡើងវិញ ដោយសារតែ​កំណើន​វិនិយោគិន​ចិន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។ កត្តា​ដែល​អ្នកជំនាញ​មើលឃើញថា​ឆ្នាំ​២០១៩ នេះ​នឹងមាន​កំណើន​ទុនវិនិយោគ​ឡើងវិញ ដោយសារតែ​បច្ចុប្បន្ន ប្រទេសជាតិ​មាន​ស្ថានភាព​នយោបាយ​ល្អ ស្ថានភាព​សេដ្ឋកិច្ច​នៅ​រក្សាបាន​កម្រិត ៧.០% សកម្មភាព​សាងសង់ និង​អភិវឌ្ឍ​យ៉ាង​មមាញឹក លំហូរ​អ្នកវិនិយោគ​ចូលមក​វិនិយោគ​ច្រើន ដែល​កត្តា​នេះ ធ្វើ​ឲ្យ​មាន​សញ្ញាណ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​កើនឡើង ហើយ​តម្លៃ​ដីធ្លី ក៏​នៅតែ​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​
 
​ដូច​បាន​សង្កេតឃើញ​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​កត់សម្គាល់ឃើញ​លំហូរ​នៃ​វិនិយោគិន​ចិន បាន​ចូលមក​បណ្តាក់ទុន និង​រកស៊ី​នៅ​ប្រទេស​កម្ពុជា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​នៅ​ក្រុងព្រះសីហនុ ដែល​គេ​រំពឹងថា សកម្មភាព​សាងសង់ និង​ការអភិវឌ្ឍ​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​សន្ទុះ​ខ្លាំងក្លា​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះហើយ ទើប​អ្នកជំនាញ​បាន​រំពឹងទុក​ថា ក្នុង​ឆ្នាំ​២០១៩ នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិតជា​កើនឡើង​យ៉ាងពិត​ប្រាកដ​។​
 
​លំហូរ​អ្នកវិនិយោគទុន​ចិន និង​កូរ៉េ កំពុងតែ​ចូល​ច្រើន ពិសេស​អ្នកវិនិយោគ​ចិន ក្នុង​រយៈពេល​ជាង ៣ ឆ្នាំ​ចុង​ក្រោយនេះ ដែល​បាន​ផ្តោតលើ​ការវិនិយោគ​ប្រភេទ​ខុន​ដូ កាស៊ីណូ តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ សិប្បកម្ម សណ្ឋាគារ និង​ផ្ទះសំណាក់​។​ល​។​
​កំណើន​តម្រូវការ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រសើរឡើង​
 
​គេ​បានកត់សម្គាល់​ឃើញថា តម្លៃ​ដីធ្លី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៅតែ​បន្ត​កើនឡើង​ឥតឈប់ឈរ ដោយសារតែ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឥតឈប់ឈរ និង​ប្រភពធនធាន​ធម្មជាតិ​សម្បូរបែប ឱកាស​វិនិយោគ​មាន​ច្រើន សកម្មភាព​នៃ​ការសាងសង់​គម្រោង​នានា កំពុង​កើតឡើង​ព្រោងព្រាត​។ រីឯ​កត្តា​ប្រជាសាស្ត្រ (​កំណើនប្រជាជន ១៦.៤៩ លាន​នាក់ ក្នុង​ឆ្នាំ​២០១៩) តម្រូវការ​នៅមាន​ច្រើន ការផ្គត់ផ្គង់​នៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ (​ផ្លូវ​ខ្វាត់ខ្វែង ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​) ជួយ​បម្រើ​ដល់​ការដឹកជញ្ជូន​គ្រប់​ប្រភេទ ពិសេស​បណ្តាញ​ផ្លូវជាតិ​លេខ ៤ ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។ អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ និង​មួយ​ខ្សែ​ទៀត ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រួល​ដល់​សកម្មភាព​នៃ​ការដឹកជញ្ជូន និង​ការ​ចរាចរ​គ្រប់​ប្រភេទ​។ 
 
​ស្ថិរភាព​នយោបាយ​
​ស្ថានភាព​នយោបាយ​ល្អ មិន​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ ម្យ៉ាងទៀត តម្លៃ​ដី​នៅ​ប្រទេស​កម្ពុជា ហាក់​មាន​កម្រិត​ទាប​នៅឡើយ ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន ចិន ថៃ កូរ៉េ តៃវ៉ាន់ ហ្វីលីពីន ហុងកុង វៀតណាម ម៉ាឡេស៊ី​ជាដើម​។  
 
​អ្នកជំនាញ​វិនិយោគ​ចិន​បាន​បង្ហើប​ឲ្យ​ដឹងថា កម្ពុជា​នៅមាន​រយៈពេល ៣០​ឆ្នាំ​ទៀត ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​ក្លាយទៅជា​ហុងកុង ឬ​សិង្ហ​បុរី​នាពេល​បច្ចុប្បន្ន​។ ដូច្នេះ​មានន័យថា ឱកាស​វិនិយោគ​នៅមាន ៣០ ឆ្នាំ​ទៀត សម្រាប់​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ចំណែក​តម្លៃ​ដីធ្លី ក៏​នៅតែ​បន្ត​កើនឡើង​តាម​ល្បឿន​សេដ្ឋកិច្ច និង​ដំណើរ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​។ 
 
​ការបង្ហាញ​ជូន​ខាងលើ គឺ​កត្តា​សត្យានុម័ត ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​អំណះអំណាង នៃ​តម្លៃ អចលនទ្រព្យ​(​ដី​) នៅតែ​អាច​បន្ត​កើនឡើង នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​កម្ពុជា​។ ជាពិសេស តំបន់​ដែលមាន​ការអភិវឌ្ឍ ទីប្រជុំជន តំបន់ឧស្សាហកម្ម ពិសេស​តម្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ នេះ​តែម្តង ដែល​នៅ​បន្ត​មាន​សញ្ញា​វិជ្ជមាន រយៈពេល​វែង​ថែមទៀត​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា តម្លៃ​ដី​នៅ​ប្រទេស​កម្ពុជា មាន​កំណើន​មិន​ដូចគ្នា​ទេ ក្នុង​មួយឆ្នាំៗ ដោយ​តំបន់​ខ្លះ​ឡើង​ចន្លោះ​ពី ៥% ទៅ ១៥% ក្នុង​មួយឆ្នាំ​។ រីឯ​តំបន់​ខ្លះ ឡើង​ពី​ឡើង​ពី ១៥% ទៅ​៥០%​ក្នុង​មួយឆ្នាំៗ​។ ហើយ​តំបន់​ខ្លះទៀត ក៏​ឡើងដល់ ១០០% ឬ ២០០% ក្នុង​មួយឆ្នាំ អាស្រ័យ​ទៅដោយ​ស្ថានភាព​វិនិយោគ គម្រោង​អភិវឌ្ឍ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ការអភិវឌ្ឍ​តំបន់​នោះ​ជាដើម​៕ 
 
 
​អត្ថបទ​ពាណិជ្ជកម្ម​

© រក្សាសិទ្ធិដោយ thmeythmey.com