ភ្នំពេញ៖ មហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា បានរកឃើញភាពយន្តល្អផ្ដាច់គេទទួលបានជ័យលាភីលេខ១ដល់លេខ៣ហើយ។ ភាពយន្តខ្លីទាំង៣រឿងនេះ នឹងបន្តដំណើរទៅប្រទេសជប៉ុនដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
”លោកឪពុក” គឺជាភាពយន្តខ្លីដែលទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅប្រទេសកម្ពុជា ក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩នេះ។ ភាពយន្តខ្លីនេះត្រូវបានដឹកនាំផលិត ដោយក្រុមសិស្សមកពីវិទ្យាល័យព្រះមុនីវង្ឃ ដែលមានលោក សុខ កែវទិត្យវិជ្ជា លោក តាំង លីឃុន និងលោក ឃន ប៉េងលាភ។
ចំណែករឿង “កម្មផល” ជាប់ជ័យលាភីលេខ២។ រឿងនេះផលិតនិងដឹកនាំសម្ដែងដោយក្រុមសិស្សមកពីវិទ្យាល័យទួលទំពូង និងសាលារៀនអន្តរទ្វីបអាមេរិកកាំង។ សមាជិកក្នុងក្រុមនេះមានលោក ឆន ច័ន្ទតារាឈុនហួរ លោក ម៉ៅ សុវណ្ណាគង់ និងលោក នៅ រក្សាបុត្រ។
ជ័យលាភីលេខ៣ចុងក្រោយបានទៅលើរឿង “ការសម្រេចចិត្ត” ដែលផលិតនិងដឹកនាំសម្ដែងដោយសិស្សមកពីវិទ្យាល័យព្រះមុនីវង្ស។ ហើយសមាជិកក្នុងក្រុមនេះមាន កញ្ញា ហាប់ ម៉ូនីកា លោក គូ សុវឌ្ឍនៈ និងកញ្ញា ស៊ិន ពេជ្រម៉ាលី។
ភាពយន្តជាប់ជ័យលាភីទាំង៣រឿង ដែលមានក្រុមផលិតនិងដឹកនាំចំនួន៩រូប នឹងត្រូវអញ្ជើញទៅកាន់ប្រទេសជប៉ុនក្រោមកម្មវិធី JENESYS2019 ជាមួយសិស្សមកពីបណ្ដាប្រទេសអាស៊ានទាំង១០ ព្រមទាំងចិន ម៉ុងហ្គោលី កូរ៉េខាងត្បូង តៃវ៉ាន់ ទីម័រខាងកើត និងជប៉ុនដែលជាម្ចាស់ផ្ទះ។ សិស្សដែលមកពីបណ្ដាប្រទេសខាងលើ នឹងនាំយកភាពយន្តរបស់ខ្លួនទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងមិណាមិ អាវ៉ាជិ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ភាពយន្តចំនួន៦៩រឿង ដែលផលិតដោយសិស្សមកពី៣៤វិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា បានដាក់ចូលរួមប្រកួតក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩នេះ។ ក្នុងចំណោមភាពយន្តទាំង៦៩រឿង មានភាពយន្តចំនួន១៥រឿង ត្រូវបានសម្រិតសម្រាំងដើម្បីចាក់បញ្ចាំងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។
សូមបញ្ជាក់ថាការប្រកួតនេះ រៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ មហោស្រពភាពយន្តនេះ បានចាប់ផ្ដើមនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧ រហូតមក។ ចំណែកសិស្សានុសិស្សកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពតាំងពីឆ្នាំ២០០៩មក៕