កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ ៣​ពិន្ទុ​ទៀត​សម្រាប់ Liverpool, Arsenal ឈ្នះ ក្រោយពេល Spurs, Man Utd ចាញ់​
23, Sep 2019 , 12:49 pm        
រូបភាព
Liverpool នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការយក​ឈ្នះ Chelsea ២-១ និង​ជា​ជ័យជម្នះ​លើក​ទី​៦​ជាប់ៗ​គ្នា នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩​។ Arsenal បើ​ទោះ​សល់​គ្នា​១០​នាក់ ហើយ​ត្រូវ Aston Villa នាំមុខ​១​គ្រាប់​ទៀត​នោះ បាន​វាយបក​តាម​ឈ្នះ​៣-២ វិញ ខណៈដែល Man Utd ទទួលបាន​ត្រឹម​លទ្ធផល​ខកចិត្ត​ក្រោយ​ចាញ់ West Ham United ២-០​។​



​មួយ​គ្រាប់​របស់​ខ្សែការពារ Trent Alexander-Arnold នៅ​នាទី​១៤ និង​ខ្សែប្រយុទ្ធ Roberto Firmino នៅ​នាទី​៣០ បាន​នាំ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​សម្រាប់​ស​ប្តា​ហ៍​ទី​៦​ដោយ​ទទួលបាន​ពិន្ទុសរុប​១៨​ពិន្ទុ​ពេញ​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៦​ជាប់​គ្នា​របស់ Liverpool ដូចដែល​ពួកគេ​ធ្វើបាន​នៅ​រដូវ​កាល​មុន​ដែរ បើ​ទោះ​ពួកគេ​បាន​ត្រឹម​រងជើង​ឯក​ក្តី​។



​ម្ចាស់​ជើងឯក​ចាស់ Manchester City នៅតាម​ពីក្រោយ​ពិន្ទុ Liverpool ចំនួន​៥​ពិន្ទុ​ដដែល បើ​ទោះ​ពួកគេ​យកឈ្នះ​ក្រុម​បាត​តារាង Watford យ៉ាង​ចាស់ដៃ​ក្នុង​ល​ទ្ធុ​ផល ៨-០ ក៏ដោយ​។


​ដោយឡែក Manchester United និង Tottenham Hotspur សុទ្ធតែ​បរាជ័យ​រៀងខ្លួន​នៅក្រៅ​ដី​។ បិសាច​ក្រហម​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​ក្នុងជំនួប​ទល់ West Ham ដែល​របូត​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ខណៈដែល​ពួកគេ​បាន​ចំណាយលុយ​សន្ធឹក​ដើម្បី​នាំចូល​ខ្សែការពារ​ថ្លៃ​លើ​លោក​មក​រួម​ក្រុម​ក្តី​។ ២​គ្រាប់​របស់​ក្រុម​ញញួរ​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Andriy Yarmolenko នៅ​ចុង​វគ្គ​ទី​១ និង​ខ្សែការពារ Aaron Cresswell នៅ​នាទី​៨៤​។ Man Utd នៅ​លេខ​រៀង​ទី​៨ មាន​៨​ពិន្ទុ​ពី​ការប្រកួត​៦​លើក ឈ្នះ​២ ចាញ់​២ និង​ស្មើ​២​។​



​មាន់​ខ្នាយ​មាស បើ​ទោះ​នាំមុខ​១​គ្រាប់​មុន​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Harry Kane ក្តី ប៉ុន្តែ​នៅតែ​ត្រូវ Leicester City វាយបក​យកឈ្នះ​វិញ​ដោយ​លទ្ធផល ២-១​។ ខ្សែការពារ Ricardo Pereira ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​៦៩ មុនពេល​ខ្សែបម្រើ​ឆ្នើម James Maddison បន្ថែម​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨៥​សម្រាប់​ក្រុម​រហស្សនាម​កញ្ជ្រោង​។ ជ័យជម្នះ​នេះ​បាន​នាំ Leicester ឡើងទៅ​ចំណាត់ថ្នាក់​ទី​៣ មាន​១១​ពិន្ទុ ខណៈ Spurs មាន​៨​ពិន្ទុ ឈរ​លេខ​៧​។​



​សម្រាប់ Arsenal វិញ នេះ​ជា​សប្តាហ៍​ដ៏​អស្ចារ្យ​របស់​ពួកគេ​តាមរយៈ​ការ​វាយបក​តាម​ឈ្នះ​គូប្រជែង Aston Villa វិញ​បើ​ទោះ​នៅសល់​គ្នា​ត្រឹម​១០​នាក់​ក៏ដោយ​។

​ខ្សែបម្រើ John McGinn ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ Aston នៅ​នាទី​២០ មុនពេល​ខ្សែការពារ​របស់​កាំភ្លើង​ធំ Ainsley Maitland-Niles ទទួលបាន​កាត​ក្រហម​នៅ​នាទី​៤១​។ ចូលដល់​វគ្គ​ទី​២ Arsenal ដែលមាន​គ្នា​១០​នាក់ អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់​ខ្សែបម្រើ Nicolas Pepe នៅ​នាទី​៥៩ មុនពេល​ខ្សែប្រយុទ្ធ Wesley ជួយ Aston នាំមុខ​ជាថ្មី​នៅ​១​នាទី​បន្ទាប់​។



​អ្វីដែល​មិនគួរ​ឲ្យ​ជឿ​ង​សម្រាប់ Arsenal ពួកគេ​នៅតែ​រកបាន​៣​ពិន្ទុ​ពី​ការប្រកួត​នេះ​ក្រោយពេល​ខ្សែការពារ  Calum Chambers ស៊ុត​តាម​ស្មើ​នៅ​នាទី​៨១ ហើយ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជា​អ្នកសម្រេច​គ្រាប់​ជ័យជម្នះ​តាមរយៈ​ការទា​ត់បាល់​ពី​ន័យ (free kick) ដ៏​ល្អ​នៅ​នាទី​៨៤​។ ចប់​ការប្រកួត Arsenal ឈ្នះ​ម្ចាស់ផ្ទះ Aston ៣-២ ដើម្បី​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Premier League មាន​១១​ពិន្ទុ​។​

Aston Villa ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​មាន​៤​ពិន្ទុ ស្មើគ្នា​ជាមួយ  Wolverhampton ហើយ Watford នៅ​បាត​តារាង​មាន​២​ពិន្ទុ​៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com