ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​(›) និង​សញ្ញា​(‹) សម្រាប់​ប្រើ​ខុសគ្នា​ដូចម្តេច​?
24, Sep 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សិស្ស និស្សិត​ដែល​សិក្សា​ផ្នែក​អក្សរសាស្ត្រ និង​គណិតវិទ្យា ប្រាកដជា​ដឹង​ច្បាស់​ពី​របៀប​ប្រើប្រាស់​សញ្ញា​ទាំងពីរ​នេះហើយ​។ ប៉ុន្តែ ក៏​នៅមាន​ពលរដ្ឋ​មួយចំនួន​មាន​ភាពស្រពេចស្រពិល​ក្នុងការ​ប្រើប្រាស់ សញ្ញា​ទៅជា ឬ​ធំ​ជាង​(›) និង​សញ្ញា​មកពី ឬ​តូច​ជាង​(‹) នេះ​នៅឡើយ​ទេ​។



​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានបញ្ជាក់​ពី​របៀប​ប្រើប្រាស់​សញ្ញា​ទាំងពីរ​នេះ​សម្រាប់​ប្រើ​នៅក្នុង​អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា​។ សញ្ញា​(›)​សម្រាប់​ប្រើ​នៅក្នុង​អក្សរសាស្ត្រ​ខ្មែរ ជា​សញ្ញា​សម្គាល់ថា «​ទៅជា គឺ​ក្លាយទៅជា ឬ​ប្រែ​ទៅជា​»​។ ឧទាហរណ៍​៖ ដេក​+ {​ប៉​-}› ផ្តេក (​ដេក ក្លាយទៅជា ផ្តេក​)​។ រុក​{-​ន​}›​រនុក​។ ម្យ៉ាងទៀត គេ​ក៏​អាច​ប្រើ​ជា​សញ្ញា​ព្រួញ (→) ជួស​សញ្ញា​(›)​ទៅជា ក៏បាន​ដែរ​។ ឧទាហរណ៍​៖ ដេក​+{​ប៉​-}→  ផ្តេក​។

​សញ្ញា​(›) សម្រាប់​ប្រើ​នៅក្នុង​គណិតវិទ្យា​វិញ ជា​សញ្ញា​សម្គាល់ថា​«​ធំ​ជាង​» មានន័យថា ចំនួន ឬ​លទ្ធផល​គណនា​ចំនួន​នៅ​ខាងឆ្វេង​ធំ​ជាង ចំនួន ឬ​លទ្ធផល​គណនា​ចំនួន ដែល​នៅ​ខាងស្តាំ​សញ្ញា​។ ឧទាហរណ៍​៖ ៥+៧ ›១០​។​

​សម្រាប់​សញ្ញា (‹)  សម្រាប់​ប្រើ​នៅក្នុង​អក្សរសាស្ត្រ​ខ្មែរ មានន័យថា​«​មកពី​»​គឺ​ពាក្យ ឬ​កន្សោមពាក្យ ឬ​ល្បះ​នៅ​ខាងឆ្វេង​សញ្ញា​នេះ​មកពី​ពាក្យ ឬ​កន្សោមពាក្យ ឬ​ល្បះ​ដែល​នៅ​ខាងស្តាំ​សញ្ញា​នេះ​។ ឧទាហរណ៍​៖  វប្បធម៌​‹ វប្ប​+​ធម៌​(​ពាក្យ វប្បធម៌ ផ្សំ​ពី​ពាក្យ វប្ប និង​ធម៌​)​។ ក្នុង​ត្រង់ចំណុច​នេះ គេ​ក៏​អាច​ប្រើ​ជាស​ញ្ញា (←) ក៏បាន​។ ឧទាហរណ៍​៖ វប្បធម៌​←​វប្ប​+​ធម៌​។
​បើ​គេ​ប្រើស​ញ្ញា​(‹)​នេះ​នៅក្នុង​គណិតវិទ្យា​វិញ សម្រាប់​សម្គាល់​លើ «​ចំនួន ឬ​លទ្ធផល​គណនា​ចំនួន​នៅ​ខាងឆ្វេង​តូច​ជាង​ចំនួន ឬ​លទ្ធផល​គណនា​ចំនួន​នៅ​ខាងស្តាំ​»​។ ឧទាហរណ៍​៖ ៥+៧ ‹១៥​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com