កីឡាជាតិ
ជាតិ
ដាវ នីម ជាប់ជាកីឡាករល្អ ខណៈ Conor Nester ឈ្នះពានគ្រូល្អលើកទី៣
× កីឡាករ ដាវ នីម របស់ក្លិបបាល់ទាត់គីរីវង់សុខសែន បានជាប់ជាកីឡាករល្អជាងគេប្រចាំខែសីហា ខណៈលោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ជាប់ជាគ្រូបង្វឹកដឹកនាំល្អជាងគេ។ នេះជាលើកទី៣ហើយ សម្រាប់គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ ដែលបានគ្រងតំណែងគ្រូបង្វឹកមានស្នាដៃដឹកនាំល្អជាងគេ។
ខ្សែប្រយុទ្ធ ដាវ នីម ត្រូវបានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា(CNCC) វាយតម្លៃឲ្យជាប់ជាកីឡាករបង្ហាញទម្រង់លេងល្អជាងគេប្រចាំខែសីហា។ វាយតម្លៃបែបនេះ ធ្វើឡើងក្រោយរូបគេបានបង្ហាញទម្រង់លេងដ៏ល្អនាជំនួបគីរីវង់សុខសែនជ័យយកឈ្នះក្រសួងការពារជាតិ ២-១ កាលពីថ្ងៃទី២៤ ខែសីហា នៅទឹកដីទ័ព ដោយកាលណោះរូបគេរកបានពីរគ្រាប់ម្នាក់ឯង។
នាជំនួបសប្តាហ៍ទី១៨កាលពីថ្ងៃទី៤ ខែសីហា នៅកីឡដ្ឋានស្តាតចាស់ ដាវ នីម រកបានមួយគ្រាប់ ដើម្បីរួមចំណែកក្នុងជ័យជម្នះ ២-០ របស់គីរីវង់សុខសែនជ័យលើក្រុមណាហ្គាវើល។ សម្រាប់ពីរប្រកួតទៀតក្នុងខែសីហា គីរីវង់ បញ្ចប់លទ្ធផលគ្មានការស៊ុតបញ្ចូលទីជាមួយសូលទីឡូអង្គរ និងចាញ់ប៉ូលិស ៣-១។
ជាមួយគ្នានេះលោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រូវបាន CNCC វាយតម្លៃឲ្យជាប់ជាគ្រូបង្វឹកដឹកនាំល្អជាងគេ។ ការវាយតម្លៃនេះ ធ្វើឡើងក្រោយគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ ដឹកនាំជួយឲ្យព្រះខ័នរាជស្វាយរៀងឈ្នះអគ្គិសនីកម្ពុជា ៧-០ បឹងកេត ២-១ កំពង់ចាម ៥-០ និងស្មើ ១-១ ជាមួយអង្គរថាហ្គឺរ។
នេះជាពានរង្វាន់គ្រូបង្វឹកមានស្នាដៃដឹកនាំល្អជាងគេលើកទី៣សម្រាប់លោក Conor Nester ក្នុងរដូវកាលនេះ ពោលគឺគ្រូបង្វឹកដឹកនាំឲ្យព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់ចាញ់រូបនេះ ធ្លាប់ឈ្នះពានរង្វាន់នេះពីរលើករួចមកហើយកាលពីខែមិនា និងមេសា កន្លងទៅ៕
Tag:
Conor Nester
ដាវ នីម
Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com