អន្តរជាតិ
យុវតី Greta Thunberg ប្រាប់​មេដឹកនាំ​ពិភពលោក​នៅ UN៖ «​យើង​កំពុង​តាមដាន​អ្នក​»
24, Sep 2019 , 11:59 am        
រូបភាព
សកម្មជនបរិស្ថាន Greta Gunberg ថ្លែងសន្ទុរកថា នៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ UN ថ្ងៃ ២៣ កញ្ញា ២០១៩
សកម្មជនបរិស្ថាន Greta Gunberg ថ្លែងសន្ទុរកថា នៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ UN ថ្ងៃ ២៣ កញ្ញា ២០១៩
ដោយ:
​សកម្មជន​បរិស្ថាន Greta Thunberg បាន​បង្កើត​សុន្ទរកថា​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅ​បណ្តា​មេដឹកនាំ​ពិភពលោក ដែលមាន​វត្ត​មាននៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ នៅ​ថ្ងៃ​ចន្ទ ទី ២៣ កញ្ញា ដោយ​ចោទប្រកាន់​ពួកគេ​ថា បរាជ័យ​ចាត់វិធានការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។  Thunberg ចោទសួរ​ចំៗ​ថា​៖«​ហេតុដូចម្ដេច​អ្នក​ហ៊ាន​បែបនេះ​?»​។



​នៅ​ចំពោះមុខ​មេដឹកនាំ​ប្រមាណ​៦០ នាក់ មកពី​ជុំវិញ​ពិភពលោក យុវតី​ជនជាតិ​ស៊ុយអែត វ័យ ១៦ ឆ្នាំ Greta Thunberg និយាយ​ទាំង​ក្តុកក្តួល​ថា​៖«​នេះ​គឺ​ខុស​ទាំងស្រុង​។ ខ្ញុំ​ពុំគួរ​អង្គុយ​នៅទីនេះ​ឡើយ​។ ខ្ញុំ​គួរ​ត្រលប់​ទៅ​សាលារៀន​នៅ​ជ្រុង​ម្ខាង​នៃ​មហាសមុទ្រ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​មករក​ពួកយើង​ជា​មនុស្ស​វ័យក្មេង​សម្រាប់​ក្តីសង្ឃឹម​ទៅវិញ​។ ហេតុដូចម្តេច​អ្នក​ហ៊ាន​បែបនេះ​?»​។

«​អ្នក​បាន​លួច​ក្តី​សុបិន និង​កុមារភាព​ខ្ញុំ ជាមួយ​ពាក្យ​មិនបានការ​របស់​អ្នក​»​។ Thunberg និយាយ​បែបនេះ ដោយបាន​ទទូច​ឲ្យ​មេដឹកនាំ​ទាំងនេះ​ដាក់ចេញ​វិធានការ​ជាបន្ទាន់​ដើម្បី​ប្រយុទ្ធប្រឆាំង​បញ្ហា​ប្រែ​ប​ម្រួ​ល​អាកាសធាតុ​។ ត្រង់នេះ យុវតី​ក្លាហាន​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​កំពុង​តាមដាន​អ្នក​»​។

«​យើង​កំពុងស្ថិត​នៅត្រង់ចំណុច​ផ្តើម​នៃ​ការ​ផុត​ពូជ [​មនុស្សជាតិ​] ហើយ​រឿង​ដែល​អ្នក​អាចនិយាយបាន គឺ លុយ​និង​កំណើនសេដ្ឋកិច្ច​»​។ យុវតី Thunberg លើកឡើង​បែបនេះ ដោយ​ស្រែកថា​៖«​ហេតុដូចម្តេច​អ្នក​ហ៊ាន​ធ្វើបែបនេះ​!»​។

Thunberg បានក្លាយ​បុគ្គល​ដ៏​លេខ​ធ្លោ​លើ​ឆាក​អន្តរជាតិ ចំពោះមុខ​កំណើន​នៃ​ចលនា​យុវជន​ប្រឆាំង​ភាព​អសកម្ម​របស់​ពិភពលោក​ចំពោះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន មនុស្ស​រាប់លាន​នាក់ បាន​ចូលរួម​តវ៉ា​នៅ​ទូទាំង​ពិភពលោក​សម្រាប់​បុព្វ​ហេតុនេះ​។​

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គុ​យ​តេ​រ៉េ​ស (António Guterres) ដែលជា​អ្នករៀបចំ​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​ឆ្នាំ​២០១៩​នេះ បាន​និយាយថា ពិភពលោក ស្ថិតក្នុង​រណ្ដៅ​អាកាសធាតុ​ដ៏​ជ្រៅ​មួយ ហេតុដូច្នេះ សកម្មភាព​បន្ទាន់ ត្រូវការ​ដាក់ចេញ​ជា​ចាំបាច់​។ ត្រង់នេះ លោក គូសបញ្ជាក់ថា​៖«​ពេលវេលា​ជិត​អស់ហើយ ប៉ុន្តែ​វា​មិនទាន់​យឺត​ពេល​ឡើយ​»​។ 

​អធិប​កា​រប​តី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល (Angela Markel) និយាយថា ប្រទេស​លោកស្រី នឹង​បង្កើន​លុយ​ទ្វេដង ដល់ ៤,៤​ពាន់​លាន​ដុល្លារ ក្នុងការ​តាំងចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ប្រយុទ្ធ​បញ្ហា​ការឡើង​កម្តៅ​ផែនដី​។ ចំណែក ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង លើកឡើងថា អង្គការ​អន្តរជាតិ ដូចជា ធនាគារពិភពលោក ជាដើម បាន​សន្យា​ផ្តល់ជំនួយ ៥០០​លាន​ដុល្លារ​ទៀត ដើម្បី​ការពារ​ព្រៃ​ត្រូ​ពិ​ក​។​

​មេដឹកនាំ​ប្រេ​ស៊ី​ល និង​អូស្ត្រាលី អវត្តមាន​ក្នុងជំនួប​កំពូល​នេះ​។ ចំណែក​ចិន​បាន​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ម​ក​ជំនួស​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​គេ​រំពឹងថា មិន​ចូលរួម​ស្តាប់​កិច្ចប្រជុំ​កំពូល​នេះ​ទាំងស្រុង​នោះ បានបង្ហាញ​ខ្លួន​ដោយ​យ៉ាង​ភ្ញាក់ផ្អើល តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​៕

Tag:
 Greta Thunberg
  UN
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com