ស្វាយរៀង មានឱកាស​គ្រង​ជើងឯក​កាន់តែ​ខ្ពស់ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​អស់​ឱកាស​
កីឡាជាតិ
ជាតិ
ស្វាយរៀង មានឱកាស​គ្រង​ជើងឯក​កាន់តែ​ខ្ពស់ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​អស់​ឱកាស​
24, Sep 2019 , 3:39 pm        
រូបភាព
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង មានឱកាស​កាន់តែ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ រដូវ​កាល​ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​វិសាខា នា​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​២៣ កញ្ញា នៅ​កីឡដ្ឋាន​វិសាខា​។ ភ្នំពេញ​ក្រោ​ន​បាន​បន្ត​យកឈ្នះ​ក្រសួងការពារជាតិ ៤-១ នា​ជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ដោយឡែក ណាហ្គា​វើ​ល ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក បាន​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះ​។​



​ឱកាស​គ្រង​ជើងឯក​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០១៩ សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង នៅតែមាន​ភាគរយ​ខ្ពស់​ដដែល ទោះបី​ពួកគេ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​វិសាខា​ក៏ដោយ​។ បើសិន​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ អាច​យកឈ្នះ​ក្រសួងការពារជាតិ នា​ជំនួប​សប្តាហ៍​ទី​២៤ នៅ​ថ្ងៃទី​២០ តុលា លើ​ទឹកដី​ខ្លួន នោះ​ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​រដូវ​កាល​នេះ ទាំង​នៅសល់​ពីរ​ប្រកួត​តែម្តង​។​

​បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​កំពូល​តារាង​មាន​៥៩​ពិន្ទុ ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក្រោយ​២៣​ប្រកួត​ឈ្នះ​១៨ ស្មើ​៥​។ ក្រុម​ដែល​អាច​ប្រជែង​ជើងឯក​ជាមួយ​ក្រុម​នេះ​បាន​មានតែ​វិសាខា​មួយ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៥១​ពិន្ទុ ដែលមាន​គម្លាត​រហូត​៨​ពិន្ទុ បន្ទាប់ពី​ពួកគេ​មិនអាច​រក​៣​ពិន្ទុ​នៅលើ​ទឹកដី​ខ្លួន​កាលពី​ម្សិលមិញ​។

​មុន​ម្ចាស់ផ្ទះ​វិសាខា​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ៤-១ ដើម្បី​បន្ថែម​លើ​ជ័យជម្នះ ៣-០ នៅ​ជើង​ទី​១​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​ជើងឯក​លី​គ​កំពូល​៦​សម័យកាល​មួយ​នេះ ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦​បណ្តោះអាសន្ន​មាន​៣៨​ពិន្ទុ​។

​ដោយឡែក ណាហ្គា​វើ​ល​ម្ចាស់​ជើងឯក​លី​គ​កំពូល​រដូវ​កាល​មុន បាន​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះ ក្រោយ​ពួកគេ​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​បឹងកេត នា​ជំនួប​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ កាលពី​ថ្ងៃអាទិត្យ ទី​២២ កញ្ញា​។ បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤៨​ពិន្ទុ ដែលមាន​គម្លាត​១១​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ខណៈ​ការប្រកួត​នៅសល់តែ​៣​ប្រកួត​៕


Tag:
 Cambodian League 2019
  ព្រះខ័ន​រាជ​ស្វាយរៀង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com