ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
នាយករដ្ឋមន្ត្រី រម្លឹក​ពី​រដ្ឋធម្មនុញ្ញ​ថា «​កម្ពុជា ដាច់ខាត​គោរព​រាជានិយម​និង​ប្រជាធិបតេយ្យ​»
24, Sep 2019 , 8:19 pm        
រូបភាព
រូបថតឯកសារ៖ AFP
រូបថតឯកសារ៖ AFP
ដោយ: ថ្មីៗ
​ក្នុង​ទិវារ​ម្លឹ​ប​ខួប​២៦​ឆ្នាំ នៃ​ការប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​អបអរសាទរ និង​ឆ្លៀត​រម្លឹក​ពី​ខ្លឹម​សំខាន់ៗ​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​។



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេចនាយក​រដ្ឋមន្ត្រី បានសរសេរថា​៖«​ចំណុច​សំខាន់ៗ​បំផុត​មួយចំនួន ដែល​បានចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជា​ត្រូវគោរព​ដាច់ខាត​នូវ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។

​មាត្រា​១​នៃ​រដ្ឋធម្មនុញ្ញ ចែងថា «​កម្ពុជា ជា​ព្រះរាជាណាចក្រ ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​»​។ ចំណែក​មាត្រា​១៥៣​ថ្មី បាន​ហាមប្រាម​ដាច់ខាត​ថា «​ការសើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិនអាច​ធ្វើ​បានឡើយ កាលបើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​»​។​

​ប្រមុខ​រដ្ឋាភិបាល បន្ថែមថា រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ដាច់ដោយឡែក​ពីគ្នា​រវាង​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ ហើយក៏​បានអនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង គោលការណ៍​នីតិរដ្ឋ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់កំពូល ដូច្នេះ ច្បាប់ និងសេចក្តីសម្រេច​ទាំងឡាយ​របស់​ស្ថាប័នរដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចាប់កំណើត​ជាថ្មី​តាំងពី​ឆ្នាំ​១៩៩៣​មក មាន​១៧​ជំ​ពួក និង​១៦០​មាត្រា​។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ , សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច​,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។ ក្នុង​រយៈពេល​២៦​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​រហូតដល់​ទៅ​៩​លើក​៕


Tag:
 រដ្ឋធម្មនុញ្ញ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com