អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាណត្តិ​ប្រធានាធិបតី Tsai Ing-wen តៃវ៉ាន់​បាត់​មិត្ត​៦​ប្រទេស​, នៅសល់​១៥​ទៀត
28, Sep 2019 , 11:29 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ រូបភាព AFP
​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ ប្រទេស​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​នៅតែ​សល់​១៥​ទៀត​ប៉ុណ្ណោះ​។ ក្នុង​អាណត្តិ​ប្រធានាធិបតី Tsai Ing-wen ដែល​ផ្ដើម​ពី​ឆ្នាំ​២០១៦ មក តៃវ៉ាន់​បាន​បាត់បង់​សម្ព័ន្ធមិត្ត​ដល់​ទៅ​៧​ប្រទេស ហើយ​ដែល​បាន​ងាក​ទៅ​ទទួលស្គាល់​ចិនដីគោក​ជា​តំណាង​ស្របច្បាប់​របស់​ចិន​ទាំងមូល​វិញ​។ បច្ចុប្បន្ន ប៉េកាំង​កំពុង​ព្យាយាម​អូសទាញ​ប្រទេស​សេសសល់​ឲ្យ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដោយ​សន្យា​ផ្ដល់ជំនួយ​អភិវឌ្ឍ​ច្រើនៗ​។​

 
​មុន​ឆ្នាំ​២០១៦ ពេល​អ្នកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី តៃវ៉ាន់​មាន​សម្ព័ន្ធមិត្ត​ទូទាំង​ពិភពលោក​ចំនួន​២២​ប្រទេស​។ ប៉ុន្តែ​បី​ឆ្នាំ​កន្លងទៅ ប្រទេស​ដែល​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​នៅសល់តែ​១៥​ប្រទេស​ប៉ុណ្ណោះ​។ សម្ព័ន្ធមិត្ត​តៃវ៉ាន់ ទំនងជា​បន្ត​ស្រក​ចុះ​ទៀត បើ​អ្នកស្រី Tsai មិន​ផ្លាស់​ប្ដីរ​ជំហរ​ក្នុង​ទំនាក់ទំនង​ជាមួយ​ដីគោក​ទេនោះ ព្រោះ​ជំហរ​ងាក​ទៅរក​ការផ្ដាច់​ខ្លួន​នេះហើយ ដែល​ធ្វើ​ឲ្យ​ប៉េកាំង​សម្រុក​អូសទាញ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​ឲ្យ​ប្ដូរ​ចិត្ត​នោះ​។​
 
​រដ្ឋ​អាហ្វ្រិក​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប ជា​ប្រទេស​ដំបូង​គេ ដែល​បោះបង់​តៃវ៉ាន់​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក​ស្រី Tsai នៅ​ខែធ្នូ ឆ្នាំ​២០១៦ ។ ប៉ា​ណា​ម៉ា ជា​ប្រទេស​បន្ទាប់​ដែល​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​នៅ​ខែមករា ឆ្នាំ​២០១៧ ។ មកដល់​ឆ្នាំ​២០១៨ តៃវ៉ាន់​បាន​បាត់បង់​មិត្ត​បី​ប្រទេស​ទៀត មាន​រដ្ឋ​អាហ្វ្រិក​បួ​គី​ណា​ហ្វា​សូ រដ្ឋកា​រ៉ា​អ៊ី​ប​សាធារណរដ្ឋ​ដូ​មី​និក​ក្នុង​ខែឧសភា និង​អែល សាវ៉ា​ឌ័​រ​ក្នុង​ខែសីហា​២០១៨ ។ ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន និង​គី​រី​បាទី ក៏​បោះបង់​តៃវ៉ាន់​ទៀត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ។  
 
​ក្នុងចំណោម​ប្រទេស​ដែល​នៅ​ទទួលស្គាល់​តៃវ៉ាន់ មាន​រដ្ឋ​អាហ្វ្រិក​មួយ គឺ​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី (​ពីមុន​ឈ្មោះ ស្វា​ស៊ី​ឡង់​) ខណៈ​បុរី​វ៉ា​ទី​កង់​ជា​រដ្ឋ​តែមួយគត់​នៅ​អឺរ៉ុប​ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​។ នៅ​ឯកា​រ៉ា​អ៊ី​ប និង​អាមេរិក​កណ្ដាល​វិញ តៃវ៉ាន់​មាន​មិត្ត​ដូចជា បេ​លី​ស​, ហៃ​ទី​, ហុង​ឌុយ​រ៉ា​ស​, នី​កា​រ៉ា​ហ្កា​, ក្វា​តេ​ម៉ា​ឡា​, សាំង​លូ​ស៊ី​, St Vincent and the Grenadines, St Kitts and Nevis ហើយ​នៅ​តំបន់​ឡាទីន​មាន​មួយ​ប្រទេស​ដែរ គឺ​ប៉ា​រ៉ា​ហ្កា​យ​។ 
 
​នៅ​តំបន់​ប៉ាស៊ីហ្វិក តៃវ៉ាន់​មាន​សម្ព័ន្ធមិត្ត​ជា​ប្រទេស​កោះ​តូចៗ​ដូចជា ណូ​រូ​, ប៉ា​ឡាវ​, ទូ​វ៉ា​លូ​, Marshall Islands ៕

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com