ជាតិ
សង្គមជាតិ
អាជ្ញាធរ នឹងចាត់វិធានការ បើសមាគមគ្រូបង្រៀន ប្រារព្ធទិវាគ្រូបង្រៀនលើសពី «២០០នាក់» លោក រ៉ុន ឈុន (ពាក់អាងស) ទីប្រឹក្សាសមាគមគ្រូបង្រៀន
× ភ្នំពេញ៖«ការលើកកម្ពស់សិទ្ធិគ្រូបង្រៀន» ជាប្រធានសម្រាប់កម្ពុជាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ ក្នុងទិវាគ្រូបង្រៀនខាងមុខនេះ អាជ្ញាធរអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យប្រមាណ១០នាក់ប៉ុណ្ណោះ សម្រាប់ដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា និង ឧុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយឆ្លងកាត់កិច្ចពិភាក្សារួចមក សាលារាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យ ដែលមានអ្នកស្រី អ៊ុក ឆាយាវី ជាប្រធាន និង លោក រ៉ុង ឈុន ជាទីប្រឹក្សា ប្រារព្ធទិវាគ្រូបង្រៀនចាប់ពីម៉ោង៧ ដល់ម៉ោង១១ព្រឹក នៅទីលានប្រជាធិបតេយ្យ ដោយមានការចូលរួមប្រមាណតែ១៥០នាក់ទៅ២០០នាក់ប៉ុណ្ណោះ ដោយមិនត្រូវមានការដង្ហែក្បួនតាមផ្លូវសាធារណៈ សម្រាប់ទៅដាក់ញត្តិនៅក្រសួងអប់រំ និងឧុទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រីឡើយ។ ការដង្ហែក្បួនដាក់ញត្តិនេះ អាជ្ញាធរបង្គាប់ឲ្យមានអ្នកតំណាងគ្រូបង្រៀនតែ១០នាក់ប៉ុណ្ណោះ ដោយត្រូវជិះរថយន្តទេសចរណ៍ធុនតូចចំនួន២គ្រឿង និងរង់ចាំទទួលញត្តិ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា «បើមានការជួបជុំលើសពី២០០នាក់ឡើងទៅ សមត្ថកិច្ចនឹងចាត់វិធានការទប់ស្កាត់» ដើម្បីជៀសវាងការធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ប្រទេសជិតខាង ឬបំផុសញុះញង់ប្រជាពលរដ្ឋឲ្យកើតជាអំពើហិង្សា ដែលផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំវេទិកានេះ។
កំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទិវាគ្រូបង្រៀនពិភពលោករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្ពុជានឹងរៀបចំទិវាគ្រូបង្រៀននៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងឲ្យសមាគមគ្រូបង្រៀនដាក់ញត្តិដើម្បីទាមទារគោលការណ៍ដែលគ្រូបង្រៀនត្រូវការ សម្រាប់បំពេញកិច្ចការការងារជាគ្រូបង្រៀនឲ្យបានពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់គោលការណ៍ដែលគ្រូបង្រៀនឆ្នាំនេះទាមទារពីរាជរដ្ឋាភិបាលគឺ ការផ្តល់សម្ភារពិសោធន៍ សម្ភារឧបទេស កំព្យូទ័រ សៀវភៅមេរៀន សម្រាប់សិស្ស និងគ្រូ ដល់គ្រឹះស្ថានសិក្សា និងសាលារៀនគ្រប់កម្រិត។ ជាពិសេស ត្រូវផ្តល់ប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗ ជូនគ្រូបង្រៀនបន្ថែម និងត្រូវដំឡើងប្រាក់ខែគោលអប្បបរមា ជូនគ្រូបង្រៀន។
ទិវាគ្រូបង្រៀនពិភពលោក ប្រារព្ធធ្វើជារៀងរាល់ថ្ងៃទី៥ ខែតុលា ចាប់ពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ទិវានេះត្រូវបានបង្កើតឡើងដោយអង្គការយូណេស្កូ សម្រាប់រំលឹកគុណគ្រូបង្រៀនពិភពលោក ដែលបានអប់រំឲ្យមានគុណភាពដល់អ្នកជំនាន់ក្រោយ៕
Tag:
អាជ្ញាធរ
គ្រូបង្រៀន
ដង្ហែក្បួន
© រក្សាសិទ្ធិដោយ thmeythmey.com