កីឡាជាតិ
ជាតិ
ក្រោយ​ឈ្នះ​កូរ៉េ​៣-១ នា​ជំនួប​មិត្តភាព កម្ពុជា​ជឿជាក់ថា​បាល់ទះ​អង្គុយ​ធ្វើបាន​ល្អ​នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​
25, Sep 2019 , 2:20 pm        
រូបភាព
លោក យី វាសនា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយជំនួបមិត្តភាពកម្ពុជា-កូរ៉េ
លោក យី វាសនា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយជំនួបមិត្តភាពកម្ពុជា-កូរ៉េ
ដោយ:
​ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា បាន​យកឈ្នះ​ក្រុម​មកពី​សាធារណរដ្ឋ​កូរ៉េ ក្នុង​លទ្ធផល ៣​សិត​ទល់នឹង​១​សិត នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស​។ លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា សង្កេតឃើញថា កម្រិត​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ជំនួប​មិត្តភាព កាលពី​ឆ្នាំ​២០១៨​។ កត្តា​នេះ ធ្វើ​ឲ្យ​លោក​រំពឹងថា ក្រុម​បាល់ទះ​អង្គុយ នឹង​ទទួលបាន​លទ្ធផល​ល្អ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ហ្វីលីពីន នា​ដើមឆ្នាំ​២០២០​ខាងមុខ​។ 



​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃទី​២៤ កញ្ញា បានរៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា ជាមួយ​ក្រុម​មកពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ដកស្រង់​បទពិសោធ និង​បច្ចេកទេស រវាង​ក្រុម​នៃ​ប្រទេស​ទាំងពីរ​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ទីលាន​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ ក្រុម​កីឡាករ​កម្ពុជា បាន​យកឈ្នះ​កូរ៉េ ក្នុង​លទ្ធផល ៣​សិត ទល់នឹង​១​សិត​។

​បើតាម​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា បាន​ប្រកួត​ដកស្រង់​បច្ចេកទេស ជាមួយ​ក្រុម​មកពី​កូរ៉េខាងត្បូង​មួយ​នេះ ពោលគឺ​ពួកគេ ធ្លាប់​ជួបគ្នា​ម្តង​នៅ​ឆ្នាំ​២០១៨ ដោយ​កាលណោះ កម្ពុជា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣​សិត ទល់នឹង ២​សិត​។ ការប្រកួត​មិត្ត​ភាពជា​បន្តបន្ទាប់ ដែល​រៀបចំ​រៀងរាល់​ឆ្នាំនេះ ធ្វើឡើង​ក្រោម​អនុសារណៈ​យោគយល់​គ្នា ដែល​ភាគ​ទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋ​កូរ៉េ​។



​ជាមួយ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កម្រិត​បច្ចេកទេស និង​សមត្ថភាព មានការ​កើនឡើង លោក យី វាសនា បាន​អះអាងថា ការប្រកួត​នេះ បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា​។ ក្រៅពី​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​កីឡាករ ភាគី​កូរ៉េ បានផ្តល់​កម្រាល​១​ឈុត មានតម្លៃ​ប្រមាណ​៧​ពាន់​ដុល្លារ សម្រាប់​បម្រើ​ឲ្យ​ការហ្វឹកហាត់ និង​ប្រកួត​បាល់ទះ​អង្គុយ ដល់​កម្ពុជា​ទៀតផង​។​

«​វា​ជាការ​ប្រកួត​មិត្តភាព តែ​បានផ្តល់​ផលប្រយោជន៍​ច្រើន​។ ទី​១. កីឡាករ​បាន​ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក​។ ទី​២. ឲ្យ​អាជ្ញាកណ្តាល​យើង មាន​បទពិសោធ​កាន់តែ​ខ្ពស់ ហើយ​ភាគី​កូរ៉េ​ថា អាជ្ញាកណ្តាល​កម្ពុជា មិនទាន់​ឈានដល់​កម្រិត​អន្តរជាតិ​ទេ តែ​អាច​ចាប់កំហុស​បានល្អ និង​ទី​៣​វា​បាន​ជួយ​បណ្តុះបណ្តាល​កីឡាករ​កម្ពុជា​។ ខ្ញុំ​សង្កេតឃើញថា កម្ពុជា​យើង​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់ជាង​កីឡាករ​មកពី​ទីក្រុង​ចេ​ជូ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា​។

​តាមរយៈ​ជ័យជម្នះ​នេះ និង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ ធ្វើ​ឲ្យ​អគ្គលេខាធិការ​រូបនេះ មានការ​ជឿជាក់ថា ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១០ នៅ​ប្រទេស​ហ្វីលីពីន នា​អំឡុង​ខែមករា ឆ្នាំ​២០២០ ខាងមុខ​។



​លោក​បានបង្ហាញ​ក្តី​រំពឹង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា អ្វីដែល​បងប្អូន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នៅពេលនេះ ខ្ញុំ​អាច​ទស្ស​ទាយ​ថា ដាច់ខាត​ពួកគាត់​នឹង​ទទួលបាន​មេដាយប្រាក់ សម្រាប់​ក្រុម​បាល់ទះ​អង្គុយ​របស់​យើង​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា បើ​គាត់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គាត់​ប្រហែលជា​អាច​ទទួលបាន​មេដាយមាស​»​។

​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ទៀត​នោះ គឺ​តាមរយៈ​ជ័យជម្នះ​របស់​ក្រុមកីឡា​បាល់ទះ​អង្គុយ​កម្ពុ​ជានា​ការប្រកួត​កន្លងមក​។ លោក យី វាសនា បាន​អះអាងថា នៅក្នុង​តំបន់​អាស៊ាន​មានតែ​មី​យ៉ាន់​ម៉ា ដែលជា​បេក្ខភាព​អូឡាំពិក​ប៉ុណ្ណោះ ដែល​កម្ពុជា​មិន​ធ្លាប់​យកឈ្នះ ក្រៅពីនេះ​កម្ពុជា​ធ្លាប់​យកឈ្នះ​ទាំងអស់​។ 

«​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​យើង​ឈ្នះ​អស់ហើយ ហើយ​យើង​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ក្រុម​ទាំង​១១​ក្នុង​តំបន់​អាស៊ាន យើង​គិតថា​ថៃ​ជា​ក្រុម​ខ្លាំងជាងគេ បន្ទាប់មក​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ឥឡូវនេះ​យើង​អាច​យកឈ្នះ​ថៃ​រហូត​សម្រាប់​ការជួបគ្នា​បី​បួន​ប្រកួត​កន្លងមកនេះ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា បើ​កម្ពុជា​អាច​យកឈ្នះ​ភូមា នោះ​កម្ពុជា​នឹង​អាច​ទទួលបាន​មេដាយមាស​»​។ លោក យី វាសនា ថ្លែង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​ការប្រកួត​មិត្តភាព​ជាមួយ​កូរ៉េ​។

​គួររំលឹកថា ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា​ទទួលបាន​មេដាយប្រាក់​ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៧ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕ 

Tag:
 បាល់ទះ​អង្គុយ​ជនពិការ​
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com