អ្នកនិពន្ធ ប៊ុន ចាន់​និមល​៖«​ចង់​រីកចម្រើន​, ចង់​ផ្លាស់​ប្ដូរជីវិត សូម​ជ្រើសរើស​សៀវភៅអាន​ឲ្យ​ត្រូវ​នឹង​ខ្លួនឯង​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកនិពន្ធ ប៊ុន ចាន់​និមល​៖«​ចង់​រីកចម្រើន​, ចង់​ផ្លាស់​ប្ដូរជីវិត សូម​ជ្រើសរើស​សៀវភៅអាន​ឲ្យ​ត្រូវ​នឹង​ខ្លួនឯង​»
26, Sep 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ធ្លាប់​បាក់​ទឹកចិត្ត ធ្លាប់​គិត​សម្លាប់ខ្លួន ប៉ុន្តែ ក្រោយ​អាន​សៀវភៅ​ជាច្រើន​ក្បាល បានធ្វើ​ឲ្យ​អ្នកស្រី ប៊ុន ចាន់​និមល អាច​ផ្លាស់​ប្ដូរជីវិត​ខ្លួនឯង​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ប៊ុន ចាន់​និមល បញ្ជាក់ថា​៖«​ខ្ញុំ​បាន​យក​ចំណុច​ពិសេស និង​ពាក្យ​គន្លឹះ​ក្នុង​សៀវភៅ​មក​អនុវត្ត​សម្រាប់​ជីវិត​សព្វថ្ងៃ​»​។ សម្រាប់​អ្នកនិពន្ធ​ខ្សែភាពយន្ត និង​ជា​ម្ចាស់​ផលិតកម្ម​សាស្ត្រ រូបនេះ ចាត់ទុក​សៀវភៅ ជា​វត្ថុ​ដ៏​មានតម្លៃ​, ជា​មិត្ត​ដ៏​ជិតស្និត និង​ជា​គ្រូ បន្ទាប់ពី​ឪពុកម្ដាយ និង​គ្រួសារ​។ ប្រសិនជា ចង់​ជោគជ័យ​លឿន អ្នកស្រី ចាន់​និមល ជំរុញ​ឲ្យ​អាន​សៀវភៅ​ទៅតាម​អ្វីដែល​យើង​កំពុង​ធ្វើ និង​អ្វីដែល​យើង​ចង់បាន​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​អ្នកស្រី ប៊ុន ចាន់​និមល ម្ចាស់​ផលិតកម្ម​សាស្ត្រា ដូចតទៅ​៖ 



​សុភាសិត​ខ្មែរ​ពោលថា «​អាន​ច្រើន កើន​ប្រាជ្ញា​» ជា​សុភាសិត​ដែល​ត្រឹមត្រូវ​ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ ហើយ​ទទួលបាន​ប្រយោជន៍​ពី​សៀវភៅ​។ ចំពោះ​អ្នកស្រី ប៊ុន ចាន់​និមល ការអាន​សៀវភៅ ពិតជា​សំខាន់ ព្រោះ​រាល់​ពេលដែល​អ្នកស្រី​ជួប​ឧបសគ្គ ដោយ​ងាក​មក​អាន​សៀវភៅ គឺ​គ្រប់យ៉ាង​ជា​ដំណោះស្រាយ​។ 
 
​អ្នកនិពន្ធ​ខ្សែភាពយន្ត ប៊ុន ចាន់​និមល រៀបរាប់ថា ការអាន​សៀវភៅ មិនមែន​អាន​ដើម្បី​តែ​ចាំ​នោះទេ ប៉ុន្តែ អាន​ដើម្បី​យក​គន្លឹះ​។ អ្នកនិពន្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ ចូលចិត្ត​អាន​សៀវភៅ​តាំងពី​ចូលរៀន​ថ្នាក់​ទី​៧ ដោយ​ផ្ដើម​អាន​ប្រភេទ​រឿង​ប្រលោមលោក​។ មកដល់​បច្ចុប្បន្ននេះ អ្នកស្រី ប៊ុន ចាន់​និមល នៅតែ​បន្ត​អាន​សៀវភៅ​ជាប្រចាំ ដោយ​មួយ​សប្ដាហ៍ អ្នកស្រី​អាន​ចប់​មួយ​ក្បាល​។ 
 
​បើតាម​អ្នកស្រី ប៊ុន ចាន់​និមល សៀវភៅ​ដែល​លើកទឹកចិត្ត​អ្នកស្រី​ជាងគេ គឺ​សៀវភៅ​ចំណងជើង «​ហេ​រ៉ូ​» ។ អ្នកស្រី បញ្ជាក់​បន្ថែមថា អាន​សៀវភៅ ក៏ត្រូវ​ជ្រើសរើស​ប្រភេទ​សៀវភៅ​សម្រាប់​អាន​ឲ្យ​ត្រូវ​នឹង​ខ្លួនឯង​ផងដែរ​។ អ្នកស្រី និមល បាន​ចែករំលែក​ការជ្រើសរើស​សៀវភៅ​សម្រាប់​អាន​យ៉ាង​ដូច្នេះ​៖«​ដំបូង សួរ​ខ្លួនឯង​ថា​ខ្លួនឯង​កំពុង​ធ្វើ​អ្វី ចង់បាន​អ្វី​។ ប្រសិនបើជា និស្សិត​ត្រូវ​រក​សៀវភៅ​ណា​ដែល​ត្រូវ​នឹង​អ្វី​យើង​រៀន​, ប្រសិនបើជា អ្នកជំនួញ​ត្រូវ​អាន​សៀវភៅ​ថ្នាក់ដឹកនាំ ឬ​ប្រភេទ​រកស៊ី​»​។​
 
​មនុស្ស​មួយចំនួន គិតថា​ការអាន​សៀវភៅ​ជាការ​ធុញទ្រាន់ ប៉ុន្តែ សម្រាប់​អ្នកស្រី និមល ការអាន​សៀវភៅ​មិនបាន​ធ្វើ​ឲ្យ​អារម្មណ៍​ធុញទ្រាន់​ទេ តែ​វា​នាំនូវ​ភាពសប្បាយ​និង​ចំណេញ​ច្រើន​។ ជា​រៀងរាល់ ថ្ងៃមុន​ពេល​ចូល​គេង អ្នកស្រី​ក៏បាន​ចំណាយពេល​អាន​សៀវភៅ​កន្លះ​ម៉ោង​ផងដែរ​៕​
 
«​សៀវភៅ គឺ​សំខាន់​ខ្លាំង ប្រសិនបើជា ចង់​ជោគជ័យ​លឿន​, ចង់​រីកចម្រើន វា​អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង និង​ការតាំង​ចិត្ត​។ សៀវភៅ ជា​វត្ថុ​មួយ​មានតម្លៃ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​ដើរ​ទៅរក​ផ្លូវ​ត្រឹមត្រូវ និង​មានឱកាស​រីកចម្រើន​ស​ម​ត្ថ​ភាព​ខ្លួនឯង​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​អ្នកនិពន្ធ​ខ្សែភាពយន្ត ប៊ុន ចាន់​និមល​៕ 

Tag:
 អាន​សៀវភៅ​
  អ្នកនិពន្ធ​
  ប៊ុន ចាន់​និមល​
© រក្សាសិទ្ធិដោយ thmeythmey.com