អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ប្រារព្ធ​ទិវា​ឱសថការី​ពិភពលោក ដោយមានឱសថការីចូលរួម​​ជាង​២០០​នាក់
26, Sep 2019 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ផលិត​ឱសថ​សាណូ​ហ្វី​កម្ពុជា​បានរៀបចំ​កម្មវិធី​អបអរ «​ទិវា​ឱសថការី​ពិភពលោក​» ឆ្នាំ​២០១៩ ដោយ​ភ្ជាប់​ជាមួយ​ការចែករំលែក​ចំណេះដឹង​ពី​សំណាក់​អ្នកជំនាញ​ក្រោម​ប្រធានបទ ស្តីពី «​ការណែនាំ​ការអនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន​» ទៅកាន់​ឱសថការី​ជាង​២០០​នាក់ នៅ​សណ្ឋាគារ​ភ្នំពេញ និង​តាមរយៈ​ការផ្សាយ​ផ្ទាល់​ទៅកាន់​ខេត្តសៀមរាប និង​បាត់ដំបង​នា​ថ្ងៃទី​២៥ កញ្ញា​។​
​ជា​រៀងរាល់ឆ្នាំ​ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃទី​២៥ កញ្ញា ទូទាំង​ពិភពលោក​ក្រោម​ប្រធាន​ផ្សេងៗ​គ្នា ក្នុង​គោលបំណង​លើកទឹកចិត្ត​ឱសថការី​ប្រើប្រាស់​ថ្ងៃនេះ ដើម្បី​រៀបចំ​សកម្មភាព​លើកកម្ពស់​ការយល់ដឹង និង​តស៊ូ​មតិ​សម្រាប់​តួនាទី​ឱសថការី ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាជន​កាន់តែ​ល្អប្រសើរ​ទូទាំង​ពិភពលោក​។​

  
 
​ដោយឡែក​សម្រាប់​កម្ពុជា​វិញ កម្មវិធី​ឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​តាមរយៈ​កិច្ចសហការ និង​ផ្សារភ្ជាប់​ជាមួយ​អ្នកជំនាញ​ថែទាំ​សុខភាព ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​នៃ គោលការណ៍​អនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន​។ កញ្ញា Monsinee Sathirakawinskul អគ្គនាយិកា​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បាន​មានប្រសាសន៍ថា៖«​យើង​ដឹង​ហើយ​ថា ឱសថការី​ប្រើប្រាស់​ចំណេះដឹង​ដ៏​ទូលំទូលាយ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​ដើរតួនាទី​យ៉ាងសំខាន់​ជា​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការថែរក្សា​គាំទ្រ​សុវត្ថិភាព​អ្នកជំងឺ​តាមរយៈ​ការធានា និង​ផ្តល់ជូន​ការប្រើប្រាស់​ឱសថ​ប្រកបដោយ​ភាពត្រឹមត្រូវ ល្អប្រសើរ និង​កាត់បន្ថយ​បញ្ហា​ដែល​អាច​កើតឡើង​នានា​ក្នុងការ​ប្រើប្រាស់​ថ្នាំពេទ្យ និង​ដើរតួនាទី​យ៉ាងសំខាន់​ជាច្រើន​ទៀត»​។​
 
​កញ្ញា​ក៏បាន​បន្ថែមទៀតថា «​យើង​ជឿជាក់ថា ព្រឹត្តិការណ៍​ថ្ងៃនេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដើម្បី​ការអនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន ធ្វើ​ឲ្យ​លទ្ធភាព​ទទួលបាន​ឱសថ​កាន់តែ​ល្អប្រសើរ​ឡើង និង ការប្រើប្រាស់​ប្រកបដោយ​ភាពត្រឹមត្រូវ ស្វែងយល់​ពី​គោលការណ៍​គ្រប់គ្រង​គុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និង​រួមចំណែក​លើ​ផ្នែក​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​ជីវិត​ដ៏​ពេញលេញ​មួយ»​។​

  
 
​ថ្លែង​ក្នុង​ទិវា​ឱសថការី​ពិភពលោក ២៥ កញ្ញា នេះ​ផងដែរ លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង​គ្រឿងសំអាង បាន​ថ្លែង​នូវ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ពិតជា​បាន​ចូលរួមចំណែក​ផ្តល់ឱកាស​ឲ្យ​ឱសថការី​ពី​គ្រប់​មជ្ឈដ្ឋាន​ជួបជុំ​ផ្តោះ​ប្តូរ​យោបល់ ចំណេះដឹង និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។ លើសពីនេះទៅទៀត កម្មវិធី​នេះ​ក៏​ជួយ​ឲ្យ​ឱសថការី​ជំនាន់​ក្រោយៗ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ រៀនសូត្រ​ពីគ្នា​នូវ​អ្វី​ដែលជា​ចំណុច​ខ្វះខាត និង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ទាន់​សម័យកាល​។​
 
​ជាមួយគ្នានេះ លោក​ឱសថការី អ៊ា​វ តារា​រដ្ឋ មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង​គ្រឿងសំអាង ក៏បាន​លើកឡើង​ផងដែរ​ថា គោលការណ៍​អនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន​គឺជា​ដំណាក់កាល​មួយ​ដ៏​សំខាន់ ក្រោយពី​ឆ្លងកាត់​ដំណាក់កាល​នៃ​ផលិតកម្ម ការ​ទុកដាក់ និង​ការដឹង​ជញ្ជូន​។ ដូច្នេះ​ឱសថស្ថាន​ជា​អ្នកថែរក្សា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធិភាព​នៃ​ឱសថ​ទៅដល់​អ្នកជំងឺ​ផ្ទាល់​។ ក្នុងនោះ​លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​សុវត្ថិភាព​នៃ​ឱសថ​ដោយ​លើកឡើងថា ពេលខ្លះ​ឱសថ​មាន​គុណភាព និង​ប្រសិទ្ធិភាព​ហើយ ក៏ប៉ុន្តែ​ប្រសិន​ការផ្តល់​ឱសថ​មិនបាន​ត្រឹមត្រូវ មិន​ចំ​គោលដៅ ឬ​តាម​វេជ្ជបញ្ជា​ច្បាស់លាស់ នោះ​ហើយ​គឺជា​ការបង្ក​ឲ្យ​មាន​បញ្ហា​។ ដូច្នេះហើយ​គោលការណ៍​អនុវត្ត​ល្អ​នេះ​ជួយ​ឲ្យ​ការផ្តល់​ឱសថ​ប្រកបដោយ​សុវត្ថិភាព​ជូន​ដល់​អតិថិជន​។​

  
 
​គួរ​រម្លឹក​ផងដែរ​ថា ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ឱសថ សាណូ​ហ្វី​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ចូលរួមចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ការយល់ដឹង ចែករំលែក​ចំណេះដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ជូន​ដល់​អ្នកជំនាញ​ថែទាំ​សុខភាព និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ទៀតផង​៕

(អត្ថបទពាណិជ្ជកម្ម)

 

 

© រក្សាសិទ្ធិដោយ thmeythmey.com