ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
បុគ្គលិកសន្តិសុខ នឹកផ្ទះ នឹកកូន នឹកភរិយាដែរ ប៉ុន្តែត្រូវយាមពេលភ្ជុំ!
× ភ្នំពេញ៖ អ្នកធ្វើការជាសន្តិសុខដែលមិនបានឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌធំ ចង់ទៅជួបមុខប្រពន្ធកូនរបស់ខ្លួននៅស្រុកកំណើត។ ប៉ុន្តែក្រុមហ៊ុនសន្ដិសុខមួយចំនួនមិនបានអនុញ្ញាតច្បាប់ឱ្យពួកគេឡើយ បើទោះបីពួកគេមិនបានឈប់នៅថ្ងៃភ្ជុំធំទៅហើយនោះ។ តែទោះជាយ៉ាងណាក៏មានក្រុមហ៊ុនសន្តិសុខខ្លះ បានអនុញ្ញាតច្បាប់ឱ្យបុគ្គលិកឈប់ឆ្លាស់គ្នា ដើម្បីបានទៅជួបជុំញាតិមិត្តដែរ។
អង្គុយនៅមាត់ទ្វារបន្ទប់សម្រាន្តក្បែរកន្លែងយាមម៉ូតូ បុរសជាសន្តិសុខម្នាក់ហាក់មានអារម្មណ៍តប់ប្រមល់ ក្នុងទឹកមុខស្រពាប់ស្រពោន។ សុំមិនបញ្ចេញឈ្មោះ បុរសសម្បុរស្រអែម រង្វង់ភ្នែកស្អាតដូចជាភ្នែកកូនឆ្មារូបនេះ មិនត្រូវបានក្រុមហ៊ុនអនុញ្ញាតច្បាប់ឱ្យឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌឡើយ។
ងើបមុខឡើងបន្តិចក្រោយពីឱនមុខចុះយ៉ាងយូរ ធ្វើឱ្យឃើញគ្រាប់ភ្នែករាងក្រហមបន្តិចដោយការមើលទូរសព្ទច្រើន អ្នកមកពីខេត្តកំពង់ចាមរូបនេះប្រាប់ពីស្ថានភាពការងាររបស់ខ្លួន៖«ខ្ញុំធ្វើការរាល់ថ្ងៃគឺគ្មានថ្ងៃឈប់សម្រាកទេ ហើយខ្ញុំធ្វើការ២វេន ដូច្នេះខ្ញុំនៅកន្លែងធ្វើការពេញ២៤ម៉ោង។ ពីមុនក្រុមហ៊ុនមានច្បាប់ឱ្យបុគ្គលិកឈប់សម្រាក ប៉ុន្តែឥឡូវគេបិទច្បាប់ហើយ ដូច្នេះខ្ញុំមិនអាចសុំច្បាប់បានទេ»។
ឱនមុខជ្រប់មើលរូបថតប្រពន្ធនិងកូនក្នុងទូរសព្ទ ក្នុងសភាពហាក់គ្មានកម្លាំងក្នុងខ្លួន និងមានទុក្ខកង្វល់ បុរសកូនពីររូបនេះត្អូញត្អែរថា៖«បើខ្ញុំឈប់មានច្បាប់គេកាត់ប្រាក់តាមថ្ងៃដែលខ្ញុំឈប់ ប៉ុន្តែបើខ្ញុំឈប់មិនមានច្បាប់គេនឹងកាត់ប្រាក់របស់ខ្ញុំគុណនឹង២។ អ្នកណាមិនចង់ទៅផ្ទះពេលបុណ្យ តែបើគេមិនឱ្យច្បាប់ទៅម៉េចកើត។ ធ្វើការរាល់ថ្ងៃអត់មានថ្ងៃឈប់ ក៏មិនមានបញ្ហាទេសម្រាប់ខ្ញុំ ប៉ុន្តែថ្ងៃបុណ្យធំៗដូចជាចូលឆ្នាំឬភ្ជុំ ខ្ញុំចង់ឈប់ទៅជួបជុំគ្រួសារខ្ញុំដែរ»។
ពេលសួរថាហេតុអ្វីមិនទៅរកការងារដែលប្រសើរជាងនេះ បុរសរាងទាបទ្រនាប់រូបនេះ ឆ្លើយបែបអស់សង្ឃឹម៖«ខ្ញុំមិនចង់ទៅធ្វើការឯណាទៀតទេ។ ខ្ញុំធ្លាប់បរាជ័យ ខ្ញុំធ្លាប់រកស៊ីខាត ដូច្នេះពេលនេះខ្ញុំគិតអ្វីមិនចេញទាំងអស់»។
មានស្ថានភាពប្រសើរជាងសន្តិសុខខាងលើបន្តិច លោក ឈើយ ហៀង វ័យ៥៥ឆ្នាំ មានច្បាប់ឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌចំនួន៣ថ្ងៃ។ ប៉ុន្តែក្រុមហ៊ុនក៏កាត់ប្រាក់ខែរបស់លោកនៅថ្ងៃឈប់នោះដែរ ព្រោះតែលោកមិនបានធ្វើការ។ តែទោះជាយ៉ាងណា លោក ហៀង មិនមានអារម្មណ៍ល្អក់កករឡើយ។
លោកប្រាប់ពីអារម្មណ៍របស់ខ្លួន៖«ខ្ញុំមានអារម្មណ៍ធម្មតា។ យើងមកធ្វើការទើបយើងបានលុយ ដូច្នេះបើយើងឈប់សម្រាកប៉ុន្មានថ្ងៃ គេក៏កាត់លុយយើងទៅតាមថ្ងៃនោះដែរ។ ពេលមានបុណ្យបែបនេះទាល់តែយើងសុំច្បាប់ទើបបានឈប់។ ហើយយើងមិនអាចឈប់ច្រើនថ្ងៃបានទេ ព្រោះកន្លែងការងារមិនមានកម្លាំងធ្វើការ។ បើខ្ញុំធ្វើការចំថ្ងៃបុណ្យគេថែមប្រាក់ឱ្យខ្ញុំគុណនឹង២»។
ធ្វើការ២វេនក្នុងមួយថ្ងៃលោក ហៀង សម្រាន្តនៅកន្លែងធ្វើការតែម្ដង គឺនៅក្រោមសំយ៉ាងផ្ទះល្វែងដែលជាកន្លែងលក់សំបុត្រយន្តហោះ ដោយគ្រាន់តែមានប៉ៅអី១ខ្នើយកើយ១និងភួយ១ប៉ុណ្ណោះ៖«ខ្ញុំធ្វើការមួយវេនបាន១៥០ដុល្លារ ហើយខ្ញុំធ្វើ២វេនបាន៣០០ដុល្លារ។ ប្រាក់ខែបានតិចខ្ញុំមិនអាចជួលផ្ទះបានទេ។ ម្យ៉ាងខ្ញុំធ្វើការ២វេន ដូច្នេះខ្ញុំសម្រាកនៅកន្លែងធ្វើការតែម្ដងទៅ»។
បុរសដែលមានឪពុកនិងម្ដាយមានអាយុជាង៨០ឆ្នាំរូបនេះ បានផ្ញើប្រាក់ទៅជូនអ្នកមានគុណរួចជាស្រេចហើយ ក្នុងរដូវបុណ្យភ្ជុំនេះដើម្បីឱ្យពួកគាត់បានធ្វើបុណ្យ។ បើទោះបីមិនមានពេលឈប់សម្រាកក្ដី ប៉ុន្តែម្ចាស់ក្រុមហ៊ុនដែលលោកយាម បានអនុញ្ញាតឱ្យលោកឆ្លៀតយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃរយៈពេល២ម៉ោងដែរ នៅថ្ងៃធ្វើការធម្មតា។
«អ្នកធ្វើការនៅទីនេះដូចជាគ្រួសារខ្ញុំដែរ ពេលគេមកធ្វើការខ្ញុំក៏សប្បាយចិត្ត។ ថៅកែនៅទីនេះ គាត់ចិត្តល្អ គាត់ឱ្យខ្ញុំសម្រាក២ម៉ោងយកចង្ហាត់ទៅវត្តដែលនៅជិតៗនេះ។ ហើយបុគ្គលិកនៅទីនេះ គាត់ធ្វើបាយម្ហូបយកមកជូនខ្ញុំឱ្យយកទៅវត្ត ហើយបាយម្ហូបសម្រាប់ឱ្យខ្ញុំហូបមានផ្សេងទៀត»។
មកមើលពីស្ថានភាពការងាររបស់សន្តិសុខមួយរូបទៀត ដែលហាក់មានលក្ខខណ្ឌការងារប្រសើរជាងសន្តិសុខទាំង២នាក់ខាងលើ។ ឈរនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិកលោក វង់ ឆារ៉ាន់ អាយុ៣៩ឆ្នាំ បានឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌ៣ថ្ងៃដោយមិនមានការកាត់ប្រាក់ខែឡើយ។ លោកត្រូវសម្រាកពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកញ្ញានេះ ហើយចូលបំពេញការងារនៅថ្ងៃទី២៧វិញ។ លោកក៏ទទួលបានប្រាក់គុណនឹង២ សម្រាប់ការធ្វើការនៅថ្ងៃបុណ្យដែរ។
«ខ្ញុំសរសើរក្រុមហ៊ុននេះគេមានច្បាប់ទម្លាប់ត្រឹមត្រូវ។ នៅទីនេះយើងធ្វើការមួយសប្ដាហ៍ពេញក៏ពិតមែន ប៉ុន្តែបើសិនជាយើងឈឺ ឬយើងត្រូវទៅការមិត្តភ័ក្ដិ ឬយើងមានរវល់អ្វី យើងសុំច្បាប់គេមិនកាត់ប្រាក់ខែយើងទេ។ ហើយក្រុមហ៊ុននេះឱ្យលុយបុគ្គលិកខ្ចីមួយខែ២ដង បើសិនជាយើងត្រូវការលុយចាំបាច់ដោះស្រាយបញ្ហា ដល់ពេលបើកប្រាក់ខែគេកាត់យកវិញ»។
រដូវភ្ជុំបិណ្ឌខ្មែរមានជំនឿថា យមបាលនឹងដោះលែងប្រេតឱ្យមកជួបកូនចៅដែលនៅរស់ ព្រមទាំងមកទទួលអាហារភោជនដែលកូនចៅបានឧទ្ទិសឱ្យ។ ប៉ុន្តែបែរមកមនុស្សវិញ ដោយសារលក្ខខណ្ឌការងារ ធ្វើឱ្យពួកគេមិនបានទៅស្រុកជួបប្រពន្ធកូននិងមាតាបិតា៕
© រក្សាសិទ្ធិដោយ thmeythmey.com