ជាតិ
បុណ្យភ្ជុំបិណ្ឌ
បុណ្យ មិនអាចលាងបាបបានឡើយ
× អ្នកមិនអាចធ្វើបាប ហើយក៏ត្រឡប់មកធ្វើបុណ្យ ដើម្បីលាងជម្រះបាបនោះឡើយ។ ធ្វើអំពើអាក្រក់ ត្រូវតែទទួលផលបាប ធ្វើអំពើល្អ ត្រូវតែទទួលផលបុណ្យ។ នេះជាច្បាប់ធម្មជាតិ។
បុណ្យនិងបាប គឺជារឿងពីរផ្សេងគ្នា មិនអាចយកមកស៊ីសងគ្នាបានទេ។ បុណ្យ មិនអាចលុបលាងបាបបានទេ ហើយបុណ្យក៏មិនអាចសាបសូន្យដោយសារការសាងបាបបានដែរ។ ទោះបីសាងបុណ្យប៉ុនផ្ទៃមហាសាគរក៏ដោយ ក៏អ្នកមិនអាចយកទៅលាងជម្រះបាបបានដែរ សូម្បីតែប៉ុនល្អងធូលី។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ឧទាហរណ៍ថា បើអ្នកកាប់បំផ្លាញព្រៃឈើ កេងប្រវ័ញ្ចសម្បត្តិជាតិ ប្រព្រឹត្តអំពើពុករលួយ ឆក់យកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីស្រែចម្ការ ជិះជាន់ កាប់សម្លាប់ជីវិតអ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួន និងផលប្រយោជន៍គ្រួសារ បក្សពួក អ្នកត្រូវតែទទួលរងនូវផលនៃអំពើបាបទាំងនេះដែរ។ អ្នក មិនអាចសាងបាបទាំងនេះហើយ រួចទៅធ្វើបុណ្យ ដើម្បីលាងជម្រះនោះទេ។
បើទោះបីជាអ្នក ធ្វើបុណ្យក្នុងរដូវបុណ្យភ្ជុំបិណ្ឌទាំង១៥ថ្ងៃ ធ្វើបុណ្យកឋិន ចំណាយទ្រព្យកសាងព្រះពុទ្ធប្បដិមាគ្រប់ព្រះវិហារ ឬកសាងព្រះវិហារគ្រប់វត្តអារាមក៏ដោយ ក៏អ្នកមិនអាចយកមកដោះដូរជាមួយនឹងអំពើបាប ដែលអ្នកបានប្រព្រឹត្តដែរ។ បាបគឺបាប បុណ្យគឺបុណ្យ។ សាងបាបប៉ុនណា អ្នកត្រូវតែទទួលបាបប៉ុណ្ណឹង។ សាងបុណ្យប៉ុនណា អ្នកក៏ត្រូវតែទទួលបុណ្យប៉ុណ្ណឹងដូចគ្នាដែរ។
បុណ្យនិងបាប មានសេចក្តីប្រៀងធៀបជាច្រើន ដើម្បីបញ្ហាក់ ថាសភាវទាំងពីរនេះ មិនអាចលាយឡំគ្នាបាន។ បុណ្យនិងបាប ប្រៀបដូចជាទឹកនិងប្រេង។ បើទោះបីជាទឹកនិងប្រេង ស្ថិតក្នុងកែវតែមួយក៏ពិតមែន តែវត្ថុទាំងពីរនេះ មិនអាចក្លាយជាវត្ថុតែមួយជាដាច់ខាត។ សារធាតុទឹកនៅតែជាទឹក សារធាតុប្រេងនៅតែជាប្រេង។
បុណ្យនិងបាប ក៏អាចប្រៀបដូចជាដើមស្វាយនិងដើមបញ្ញើក្អែកដូច្នេះដែរ។ កុំថាឡើយដើមឈើដទៃ ដែលដុះឆ្ងាយពីដើមស្វាយ សូម្បីតែដើមបញ្ញើក្អែក ដែលដុះជាប់នឹងដើមស្វាយក៏ដោយ ក៏មិនអាចក្លាយទៅជាដើមស្វាយបានដែរ។ ស្វាយ នៅតែជាស្វាយ បញ្ញើក្អែក នៅតែជាបញ្ញើក្អែក។ វល្លិ៍ ដែលដុះហ៊ុមព័ទ្ធស្ទើរពេញដើមស្វាយ តែវល្លិ៍ នៅតែជាវល្លិ៍ ហើយស្វាយនៅតែជាស្វាយ។ វល្លិ៍ មិនអាចក្លាយជាស្វាយបានទេ ហើយស្វាយក៏មិនអាចក្លាយជាវល្លិ៍បានដែរ។
ឧបមាយ៉ាងណា សេចក្តីពិតនៃច្បាប់ធម្មជាតិក៏ដូច្នេះដែរ។ បើអ្នកធ្វើបុណ្យ អ្នកនឹងទទួលអំពើជាកុសល តែបើអ្នកធ្វើបាប អ្នកក៏ត្រូវតែទទួលអំពើជាអកុសលដែរ។ បាប មិនអាចយកបុណ្យមកលាងជម្រះបានឡើយ ហើយបុណ្យ ដែលអ្នកបានធ្វើ ក៏មិនរលាយសាបសូន្យ ដោយសារតែអ្នកប្រព្រឹត្តអំពើបាបដែរ។ សភាវទាំងពីរនេះ ឲ្យផលពីរផ្សេងគ្នាជាដរាប៕
Tag:
ភ្ជុំបិណ្ឌ
បុណ្យបាប
© រក្សាសិទ្ធិដោយ thmeythmey.com