ជាតិ
ការបាត់បង់គុណភាពទឹក និងលំហូរទឹក គឺជាកត្តាគំរាមកំហែងចម្បងចំពោះត្រីប្រាធំ អ្នកលក់ត្រីកំពុងកាត់ត្រីប្រាធំ ជាកង់ៗ នៅក្នុងផ្សារស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០១៨។ រូបភាព៖ ឈុត ឈាណា
× ត្រីប្រាធំ ជាប្រភេទត្រីទឹកសាប ដែលមានរស់នៅក្នុងទន្លេគង្គ បឹងធំៗ ហើយក៏ជាត្រីដែលគេនិយមចិញ្ចឹមក្នុងស្រះផងដែរ។ វាមានឈ្មោះវិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និងឈ្មោះជាភាសាអង់គ្លេស Striped catfish មានប្រវែងដងខ្លួនអតិបរមា ១៣០ ស.ម និងទម្ងន់អតិបរមា ៤៤.០ គីឡូក្រាម។ ជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ ត្រីប្រាធំ ចាកចេញពីទីកន្លែងដែលវារស់នៅផ្សេងៗ ចូលទៅក្នុងទន្លេមេគង្គលើ ដើម្បីទៅពង-កូន ចាប់ពីខែឧសភា ដល់ខែកក្កដា ហើយវិញត្រឡប់ចូលទៅទីជម្រកដើមវិញពេលទឹកស្រក ចាប់ពីខែកញ្ញា ដល់ខែធ្នូ។
នៅភាគខាងត្បូងនៃល្បាក់ខោនក្នុងខេត្តស្ទឹងត្រែង ត្រីប្រាធំ ធ្វើចរាចរផ្លាស់ទីចាប់ពីខែតុលា ដល់ខែកុម្ភៈ និងក្នុងចំនួនដ៏ច្រើននាខែវិច្ឆិកា និងខែធ្នូ។ នៅខ្សែទឹកខាងក្រោម វាធ្វើចរាចរផ្លាស់ទីចាប់ពីខែឧសភា ដល់ខែសីហា ដោយចាកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តកណ្តាល ឆ្ពោះទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ កូនត្រីប្រាធំមួយចំនួន បានចូលទៅក្នុងតំបន់វាលទំនាបលិចទឹក ពិសេសក្នុងបឹងទន្លេសាប និងមួយចំនួនទៀត ទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ វាស៊ីកំពឹស ក្តាម កាកសំណល់រុក្ខជាតិ និងត្រីជាអាហារ។
លក្ខណៈសម្គាល់៖ មានព្រុយពណ៌ប្រផេះ ឬខ្មៅ, ព្រុយខ្នងមានទ្រនង់ ៦, ស្និតស្រកីអភិវឌ្ឍធម្មតា, ត្រីប្រាធំនៅតូចមានឆ្នូតខ្មៅមួយតាមបណ្តោយដងខ្លួន និងឆ្នូតខ្មៅមួយទៀតស្ថិតនៅខាងក្រោមខ្សែឆ្នូតចំហៀងខ្លួន, ធំពេញវ័យប្តូរទៅពណ៌ប្រផេះ។ មានឆ្នូតពណ៌ខ្មៅនៅចាំពាកកណ្តាលព្រុយគូទ, មានឆ្នូតខ្មៅនៅព្រុយកន្ទុយ។
ត្រីប្រាធំ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «កំពុងរងគ្រោះជិតផុតពូជ» ដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១។ កត្តាគំរាមកំហែងចំពោះពួកវាមានដូចជា៖ ការនេសាទហួសកម្រិត, ការបាត់បង់ទីជម្រក។ ការបាត់បង់គុណភាពទឹក និងលំហូរទឹក គឺជាកត្តាគំរាមកំហែងចម្បងធំជាងគេ។ ត្រីប្រាធំ ហាក់ពឹងផ្អែកលើលំហូរទឹក ឬគុណភាពទឹក ដើម្បីជាជំនួយដល់ការផ្លាស់ទី និងពង-កូន ព្រមទាំងជួយបំបែកកូនតូចៗរបស់វា ឲ្យចូលទៅតាមតំបន់វាលទំនាបលិចទឹកនានាផងដែរ។ ផែនការទៅថ្ងៃអនាគត នៃការសាងសង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជាផលរំខានដល់វដ្តជីវិតរបស់ពួកវា។ នៅប្រទេសកម្ពុជា ដង់ស៊ីតេត្រីប្រាធំក្នុងធម្មជាតិ បានធ្លាក់ចុះយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com