កីឡាជាតិ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
កីឡាករ​ជម្រើសជាតិ​ម្នាក់ៗ នឹងរង​ពិន័យ​បើ​ចូល​ហ្វឹកហាត់​មិនទាន់​ថ្ងៃ​កំណត់ ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​
27, Sep 2019 , 5:29 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​និង​ឈុត​ធំ ដែល​កំពុង​ហ្វឹកហាត់​នៅតាម​សហព័ន្ធ​នានា​និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឲ្យ​សម្រាក​ចំនួន​៣​ថ្ងៃ ដើម្បី​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​។ ពួកគេ​ត្រូវ​ត្រឡប់មក​ហ្វឹកហាត់​នៅ​ថ្ងៃ ដែល​ក្រសួង​បានកំណត់​ជា​កំហិត បើ​ពុំ​នោះទេ ពួកគេ​នឹងរង​ការពិន័យ​។​



​ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កម្ពុជា​លោក ប៉ុន សុខ បាន​បញ្ជាក់ថា លោក​នឹងមាន​វិធានការ​ដាក់ពិន័យ​ចំពោះ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​និង​ឈុត​ធំ​រូប​ណា ដែល​ចូល​ហ្វឹកហាត់​មិនទាន់​ថ្ងៃ​កំណត់ បន្ទាប់ពី​ចូលរួម​បុណ្យ​ភ្ជុំ​បិ​ណ្យ​។ ការពិន័យ​នឹង​ធ្វើតាម​លក្ខខណ្ឌ ដែល​បានចែង​នៅក្នុង​បទ​បញ្ហា​ផ្ទៃក្នុង​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា គឺអាច​ហៅ​ទៅ​អប់រំ​ណែនាំ ឬ​ដាក់ពិន័យ​ជាដើម​។ នេះ​បើតាម​ការ​បញ្ជាប់​បន្ថែម​របស់លោក ប៉ុន សុខ​។



​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​និង​ឈុត​ធំ បាន​ជួប​ឪពុកម្តាយ សាច់ញាតិ​បងប្អូន​នៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ដែលជា​សេនាធិការ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទទួលបន្ទុក​លើ​ការបណ្តុះបណ្តាល បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា​។ កីឡាករ​ទាំងអស់​ត្រូវ​ចូល​ជំរំ​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សម្រាប់​ការ​ហ្វឹ​កាហាត់​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​និង​ឈុត​ធំ​មាន​បេសកកម្ម​ធំៗ​ពីរ គឺ​ពួកគេ​ត្រូវ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕

Tag:
 ​ក្រុម​ជម្រើសជាតិ​កម្ពុជា​
  ប៉ុន សុខ
© រក្សាសិទ្ធិដោយ thmeythmey.com