ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារអ្វីខ្លះល្អសម្រាប់សុខភាពខួរក្បាល?
× ខួរក្បាល ជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សរសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធភាព។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលជួយជំរុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជំរុញការចងចាំ ៖
១. ត្រីសម្បូរខ្លាញ់៖ ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសរសៃប្រសាទផងដែរ។ ការទទួលទានត្រីសម្បូរខ្លាញ់ថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើឲ្យខួរក្បាលស្ងប់ទៀតផង។
២. សូកូឡាខ្មៅ៖ សូកូឡាខ្មៅជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល flavonoids ចាំបាច់សម្រាប់សុខភាពខួរក្បាលទប់ស្កាត់បញ្ហាគួរឱ្យបារម្ភផ្សេងៗ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ។
៣. អាហារមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene៖ Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរឲ្យត់សម្គាល់។ ដូច្នេះកុំភ្លេចបន្ថែមអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ Lycopene រួមមានការ៉ុត ប៉េងប៉ោះ ឪឡឹក ម្ទេសក្រហមជាដើមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៤. ប្រេងដូង៖ ប្រេងដូងមានផ្ទុកនូវសារធាតុប្រឆាំងការរលាកនិងប្រឆាំងបាក់តេរីដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាលផងដែរ។ ការបន្ថែមប្រេងដូងក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើនថាម
ពលខួរក្បាល។
៥. ខ្ទឹមស៖ ខ្ទឹមសជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ដែលផ្ដល់ប្រយោជន៍ប្រសើរណាស់សម្រាប់ទាំងសុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាល។ ការទទួលទានខ្ទឹមសជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងបង្កើនការចងចាំផងដែរ។ បន្ថែមខ្ទឹមសពី ២ ទៅ ៨ កំពឹសក្នុងអាហាររបស់អ្នក។
៦. ទឹក៖ គ្រាន់តែទទួលទានទឹកធម្មតាក៏ជួយរក្សាសុខភាពខួរក្បាល បង្កើនការចងចាំ និងកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយទប់ស្កាត់ជំងឺជាច្រើនបានផងដែរ។ ដើម្បីជាការប្រសើរចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ។
៧. ស៊ុត៖ ស៊ុត គឺមានផ្ទុកសម្បូរទៅដោយសារធាតុ choline ជាប្រភេទនៃវីតាមីន B មួយដែលប្រើប្រាស់ដោយខួរក្បាលដើម្បីបង្កើតម៉ូលេគុលនិងភ្នាសកោសិកាថ្មីៗ។
៨. គ្រាប់ធញ្ញជាតិ៖ ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត សណ្ដែកដី គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយជាដើម។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់ឲ្យខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com