កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Ferrari បាត់សាមគ្គីភាព ជួយ Hamilton ដែលបើកឲ្យ Mercedes ឈ្នះការប្រណាំងនៅរុស្ស៊ី
× Lewis Hamilton ទទួលជ័យជម្នះក្នុងការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ឬកាំជ្រួចលើផ្ទៃរាប នៅឯទីលាន Russian Grand Prix ក្នុងប្រទេសរុស្ស៊ី នាថ្ងៃទី២៩ ខែកញ្ញា។ នេះជាការឈ្នះលើកទី៩ ក្នុងចំណោមការប្រណាំង១៦ទីលានរបស់ម្ចាស់ជើងឯកចាស់ សម្រាប់រដូវកាល២០១៩នេះ។
ក្នុងការប្រកួតប្រជែងលើចម្ងាយផ្លូវចំនួន៥៣ជុំ ក្នុងក្រុង Sochi អ្នកប្រណាំងសញ្ញាតិអង់គ្លេសដែលបើកបរឲ្យក្រុម Mercedes បានប្រើថេរវេលា ១ម៉ោង ៣៣នាទី និង៣៨.៩៩២វិនាទី ដើម្បីឈ្នះការប្រណាំងនៅទីលានទី១៦នេះ។
អ្វីដែលគួរចាប់អារម្មណ៍ ជ័យជម្នះរបស់ Hamilton លើកនេះកើតឡើងបន្ទាប់ពីកូនក្រុមប្រណាំងរបស់ Ferrari គឺ Charles Leclerc និង Sebastian Vettel មានភាពចម្រូងចម្រាសគ្នា ខណៈដែលអ្នកទាំងពីរស្ទើរតែឈ្នះការប្រណាំងនេះទៅហើយ។
Vettel អ្នកប្រណាំងសញ្ជាតិអាល្លឺម៉ង់ដែលមិនគោរពបទបញ្ជារបស់ក្រុមបានបោះបង់ការប្រណាំងនេះត្រឹមជុំទី១៥ បើទោះខ្លួនកំពុងនាំមុខគេក៏ដោយ។ មិត្តរួមក្រុម Leclerc បានធ្លាក់ពីលេខ២ទៅលេខ៣ ហើយ Valtteri Bottas ដៃគូ Hamilton ដែលបើកឲ្យក្រុម Mercedes បានលេខ២ពីការប្រណាំងនៅរុស្ស៊ីនេះ។
ការបែកបាក់សាមគ្គីក្រុម Ferrari នេះ បានផ្តល់ឱកាសខ្ពស់បំផុតសម្រាប់ម្ចាស់ជើងឯក៥សម័យ Hamilton ដើម្បីរក្សាតំណែងជើងឯករបស់ខ្លួននៅរដូវកាល២០១៩នេះ ដ្បិតមានពិន្ទុនាំមុខដាច់។
ឆ្លងកាត់ការប្រកួត១៦ទីលានចុងក្រោយ Hamilton ឈរនៅកំពូលតារាងមាន៣២២ពិន្ទុ តាមពីក្រោយដោយមិត្តរួមក្រុម Bottas មាន២៤៩ពិន្ទុ និងលេខ៣ Charles Leclerc របស់ Ferrari មាន២១៥ពិន្ទុ។ ព្រឹត្តិការណ៍ F1 រដូវកាលនេះនៅសល់៦ទីលានទៀតប៉ុណ្ណោះ ហើយការប្រណាំងបន្ទាប់ពីប្រទេសរុស្ស៊ី នឹងបន្តទៅកាន់ទឹកដីជប៉ុន Japan Grand Prix ចាប់ពីថ្ងៃទី១១-១៣ ខែតុលា។
ដោយឡែកសម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Hamilton និង Bottas បានជួយក្រុម Mercedes បន្តការនាំមុខកាន់តែឆ្ងាយពីគូប្រជែង Ferrari រហូតដល់១៦២ពិន្ទុឯណោះ។ Mercedes រកបាន ៥៧១ពិន្ទុ និងFerrari មាន៤០៩ពិន្ទុ។ Red Bull Racing Honda នៅលេខ៣ មាន៣១១ពិន្ទុ៕
Tag:
Lewis Hamilton
Formula One
© រក្សាសិទ្ធិដោយ thmeythmey.com