អន្តរជាតិ
តើ​អ្វី​ទៅជា​បដិវត្ត​អារ៉ាប់ Arab Spring ?
01, Oct 2019 , 8:39 am        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​បដិវត្ត​អារ៉ាប់ ឬ Arab Spring គឺជា​ការ​ងើបឡើង​របស់​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​វិ​វត្ត​ធំ​ឡើង​នៅក្នុង​បណ្តាល​ប្រទេស​តំបន់​អាហ្វ្រិក​ខាងជើង និង​មជ្ឈិមបូព៌ា​មួយចំនួន​ដូចជា ទុយ​នី​ស៊ី ម៉ា​រ៉ុ​ក ស៊ី​រី លី​ប៊ី អេ​ហ្ស៊ី​ប និង បា​រ៉ែ​ន​។ ជា​ការពិត​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅក្នុង​បណ្តា​ប្រទេស​ទាំងនេះ គឺ​កើតឡើង​នៅក្នុង​ខែ​និ​ទាឃ​រដូវ ឬ Spring នេះឯង​។ ដូចនេះហើយ​ទើប​គេ​ហៅ​បដិវត្តន៍​មួយ​នេះ​ថា Arab Spring​។​



​បដិវត្ត Arab Spring គឺជា​ការតវ៉ា​របស់​ប្រជាជន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​នៅក្នុង​បណ្តាល​ប្រទេសមួយ​ចំនួន​ដូចជា ទុយ​នី​ស៊ី ម៉ា​រ៉ុ​ក ស៊ី​រី លី​ប៊ី អេ​ហ្ស៊ី​ប និង បា​រ៉ែ​ន​។ ជាការ​ពិត ការ​ប៉ះ​បោរ​នៅក្នុង​ប្រទេស​ទាំងនេះ ខ្លះ​ក៏​ទទួលបាន​ជោគជ័យ ខ្លះ​ក៏មាន​សេរីភាព​ល្អប្រសើរ ខ្លះទៀត​ស្ទើរតែ​ខ្ទេចខ្ទី​ទាំងស្រុង​។​

​ជាការ​ពិត ដើមកំណើត​របស់ Arab spring គឺ​កើតចេញពី​បដិវត្ត​ផ្កាម្លិះ (Jasmine) ដែល​បាន​កើតឡើង​ក្នុងប្រទេស​ទុយ​នី​ស៊ីក្នុង​ខែធ្នូ ឆ្នាំ​២០១០​។  រឿងរ៉ាវ​ទាំងនោះ​គឺ​កើតចេញពី​អ្នកលក់​បន្លែ​តាមផ្លូវ លោក Mohammed Bouazizi បាន​ចាក់​សាំង​ដុត​ខ្លួន បន្ទាប់ពី​ប៉ូលីស​ទុយ​នី​ស៊ី បាន​រឹបអូស​យក​បន្លែ​របស់​គាត់​ដោយសារ​មិន អនុញ្ញាត​ឲ្យ​លក់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ វា​គឺជា​កត្តា​មួយ​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​មាន​បដិវត្ត​Jasmine នៅក្នុង​ប្រទេស​ទុយ​នី​ស៊ី​ឡើង​។ ការតវ៉ា​បានធ្វើ​ឡើង​នៅតាម​ដង​វិថី​នៃ​រដ្ឋធានី​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​នាំ​ឲ្យ​ប្រធានាធិបតី Zine El Abidine Ben Ali លាលែង​ពី​តំណែង និង​ភៀសខ្លួន​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​២០​ឆ្នាំ​។

​ដោយសារតែ​ព្រឹត្តិការណ៍​នេះ វា​បាន​ជំរុញ​ឲ្យ​សកម្មជន​នៅ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ចង់​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​ដូច​ទុយ​នី​ស៊ី​ដែរ​។ ឬ​សគល់​នៃ​ចលនា​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ចង់បាន​សេរីភាព​ក្នុងសង្គម និង​សិទ្ធិ​ចូលរួម​ក្នុង​ឆាកនយោបាយ​។ ជាក់ស្តែង​នៅក្នុង​រដ្ឋធានី​គែរ របស់​អេ​ហ្ស៊ី​ប មាន​ចលនា​បះបោរ Tahrir Square ហើយ​ករណី​មួយទៀត ដែល​ស្រដៀង​គ្នា​នោះដែរ គឺ​បាតុកម្ម​នៅក្នុង​ប្រទេស​បា​រ៉ែ​ន ។ ប៉ុន្តែ​មាន​ប្រទេស​ខ្លះទៀត​បាន​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល ដូច​ជាលី​ប៊ី ស៊ី​រី និង​យេ​ម៉ែន​ជាដើម​។​

​យ៉ាងណាមិញ មិនមែន​រាល់​បដិវត្តន៍​គឺ​ល្អ​ដូច​នៅ​ទុយ​នី​ស៊ី ដែល​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ល្អ​ជាង​មុន​នោះទេ ប៉ុន្តែ​ប្រទេស​ខ្លះ​ស្ថានភាព​នៅតែ​អាក្រក់​ដដែល​។ ជាក់ស្តែង​នៅ​អេ​ហ្ស៊ី​ប ប្រជាជន​បានធ្វើ​បដិវត្ត​ទម្លាក់​លោក ហូ​ស្នី បូ​បា​រ៉ា​ក់ (Hosni Mubarak)​។ ប៉ុន្តែ​ភាព​ផ្តាច់ការ​នៅតែ​បន្ត​លងបន្លាច​ប្រទេស​អា​ហ្ស៊ី​ប​ដដែល បន្ទាប់ពី​ការបោះឆ្នោត​មាន​បញ្ហា​ចម្រូងចម្រាស់​ក្នុង​ឆ្នាំ​២០១២​។ ទាក់ទង​នឹង​រឿងនេះ លោក​Abdel Fattah el-Sisi រដ្ឋមន្ត្រី​ការពារជាតិ​បានធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៣ ហើយ​បាន​ដឹកនាំ​ប្រទេស​រហូតមកដល់​ពេលបច្ចុប្បន្ន​។​

​ចំណែក​នៅក្នុង​ប្រទេស​លី​ប៊ី​វិញ ក្រុម​បះបោរ​បាន​ទម្លាក់​មេដឹកនាំ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី (Muammar Gaddafi) នៅ​ខែធ្នូ ឆ្នាំ​២០១១​។​ចំណែក​លោក ហ្កា​ដា​ហ្វី ត្រូវបានធ្វើ​ទណ្ឌកម្ម និង​ប្រហារជីវិត​ដោយ​ក្រុម​អ្នកប្រឆាំង​។ បើទោះបីជា​លោក​បាន​បាត់បង់​ជីវិត​ហើយក៏​ដោយ ប៉ុន្តែ​ប្រទេស​លី​ប៊ី​នៅតែ​ស្ថិតក្នុង​សង្គ្រាមស៊ីវិល​ដដែល ហើយ​ក្រុមប្រឆាំង​ទាំងពីរ​ភាគី​នៅតែ​បន្ត​បែក​ចែក​តំបន់​ក្នុងប្រទេស​លី​ប៊ី​គ្រប់គ្រង​ដដែល​។ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ វា​បាន​បង្ក​ឲ្យ​ប្រជាជន​ស៊ីវិល​ស្លាប់ និង​រងរបួស​ជាច្រើន ជាពិសេស​គឺ​ត្រូវ​ការជំនួស​ជាច្រើន​ពី​អង្គការ​មនុស្សធម៌​។ រីឯ​ប្រជាជន​មួយចំនួនទៀត បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ដើម្បី​ស្វែងរក​នូវ​ជា​ជីវិត​រស់នៅ​ថ្មី​។​

​បន្ថែម​ពីលើ​នេះ បដិវត្ត​Arab Spring មិន​ត្រឹមតែ​បង្កចលាចល​នៅក្នុង​ប្រទេស​លី​ប៊ី​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ក​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី​ថែមទៀត​។ បដិវត្តន៍​នៅក្នុង​បណ្តាល​ប្រទេស​ទុយ​នី​ស៊ី និង​អេ​ហ្ស៊ី​ប បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ធ្វើការ​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល បា​សា អាល់​អាសាដ​។

​ការ​ផ្តួល​រលំ​រដ្ឋាភិបាល​នេះ​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​រវាង​រដ្ឋាភិបាល និង​ក្រុម​បះបោរ​នៅក្នុង​ប្រទេស ជាពិសេស​គឺ​ការ​ចូលមក​ពាក់ព័ន្ធ​ពី​ក្រុម​ប្រទេស និង​ក្រុមមនុស្ស​មួយចំនួន​ដូចជា អាមេរិក រុស្ស៊ី អ៊ីរ៉ង់ តួ​ក​គី ក្រុម​ភេ​វ​កម្ម​ជាដើម​។ ដោយសារតែ​បញ្ហា​ស្មុគស្មាញ​ទាំងនេះហើយ សង្គ្រាម​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​លាន​នាក់​។ ជាពិសេស​បញ្ហា​ចំណាកស្រុក កង្វះ​ស្បៀងអាហារ ថ្នាំពេទ្យ​នៅតែ​ជា​បញ្ហា​ចម្បង​នៅក្នុង​ប្រទេស​ស៊ី​រី​រហូតមកដល់​ពេលបច្ចុប្បន្ន​៕

​ប្រភព www.history.com

© រក្សាសិទ្ធិដោយ thmeythmey.com