ជាតិ
បុណ្យភ្ជុំបិណ្ឌ
ពុទ្ធឱវាទ៖ មិនសាងបាប សាងតែកុសល និង ធ្វើចិត្តឲ្យស្អាត
× ព្រះសម្មាសម្ពុទ្ឋ ជាបុគ្គលត្រាស់ដឹងនូវសព្វញ្ញូតញ្ញាណ កាលពីជាង ២៥០០ឆ្នាំមុន នៅប្រទេសឥណ្ឌា។ សព្វញ្ញូតញ្ញាណ គឺជាការសម្រេចដឹងនូវអ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ។ ធម៌ដែលព្រះអង្គទ្រង់សម្តែងមិនមែនជាអ្វីដែលព្រះអង្គទ្រង់បង្កើតឡើងដោយព្រះអង្គឯងនោះទេ តែជាអ្វីដែលមានស្រាប់ក្នុងធម្មជាតិ។ ប៉ុន្តែព្រះអង្គ ជាអ្នកស្វែងរកឃើញនូវសច្ចធម៌ទាំងពួង ហើយទ្រង់ក៏សម្តែងនិងបើកបង្ហាញពីរឿងពិតទាំងនោះ ដើម្បីបានជាប្រយោជន៍ដល់សត្វលោក។
អស់រយៈពេល៤៥ព្រះវស្សានៃការត្រាស់ដឹងរបស់ព្រះបរមគ្រូ ព្រះអង្គទ្រង់លះបង់ព្រះកាយពលក្នុងការសម្តែងព្រះធម៌ប្រោសសត្វលោក ដើម្បីឲ្យសត្វលោក បានសម្រេចនូវធម៌ រួចចាកទុក្ខក្នុងវាលវដ្តសង្សារ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វាន (ការរលត់សង្ខារ) ព្រះអរហន្ត (បុគ្គលសម្រេចធម៌ដោយការប្រតិបត្តិ និងការស្តាប់នូវព្រះធម៌ពីព្រះសម្មាសម្ពុទ្ឋ) និងអ្នកប្រាជ្ញទាំងឡាយ បានប្រមូលចងក្រងព្រះធម៌ទាំងនោះ ឲ្យក្លាយជាគម្ពីរ ដោយមានលក្ខណៈ ជារបៀបទៅតាមលំដាប់លំដោយ ដែលយើងហៅថាព្រះត្រៃបិដក។ ព្រះត្រៃបិដក គឺសំដៅលើ គម្ពីរគោលបីប្រភេទ ក្នុងព្រះពុទ្ឋសាសនា រួមមាន ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម។
ព្រះធម៌ដែលលោកអ្នកប្រាជ្ញចងក្រងទាំងនោះ បើគិតជាប្រភេទនៃគម្ពីរមាន៣គម្ពីរ។ ៣គម្ពីរបើគិតជាក្បាលមាន១១០ក្បាល។ ១១០ក្បាលបើគិតជាខន្ឋ មាន៨៤០០០ព្រះធម្មខន្ឋ ។ ដូច្នេះយើងឃើញថា ព្រះធម៌ដែលព្រះសាស្តា ទ្រង់សម្តែងរយៈពេល៤៥ព្រះវស្សា គឺមានរហូតដល់៨៤០០០ព្រះធម្មខន្ឋឯណោះ។
ប៉ុន្តែ ប្រសិនបើសង្ខេបឬបង្រួញព្រះពុទ្ធោវាទទាំង៨៤០០០ព្រះធម្មខន្ធនោះ គឺនៅសល់តែ៣ប្រការប៉ុណ្ណោះ។ ព្រះធម៌ទាំងបីប្រការនោះ គឺជាមូលដ្ឋានឱវាទដ៏សំខាន់ក្រៃលែង ដែលព្រះអង្គទ្រង់អប់រំមនុស្ស ដើម្បីជាមាគ៌ាឆ្ពោះទៅកាន់សុខសុភមង្គលក្នុងជីវិតរស់នៅនាពេលបច្ចុប្បន្ន និងទៅបរលោក។ ព្រះពុទ្ឋឱវាទទាំងបីប្រការនោះគឺ ការមិនធ្វើអំពើបាបទាំងពួង ការធ្វើអំពើកុសលទាំងពួង និង ការធ្វើចិត្តឲ្យស្អាតផូរផង់។
ការមិនធ្វើអំពើបាប៖ គឺព្រះអង្គ ចង់អប់រំមនុស្ស ឲ្យឈប់បន្តការប្រព្រឹត្តអំពើបាបទាំងពួង ដែលខ្លួនធ្លាប់មានពីអតីតកាលនិងបច្ចុប្បន្ន ដែលបង្កផលប៉ះពាល់និងការឈឺចាប់ដល់មនុស្សសត្វដទៃ ហើយនាំឲ្យខ្លួនឯងវិនាសអន្តរាយ។ អំពើបាបទាំងនោះ មានដូចជា ការកាប់សម្លាប់ជីវិតមនុស្សសត្វ ការឆក់យកទ្រព្យដោយមានម្ចាស់ហួងហែង ការប្រព្រឹត្តឆ្គាំឆ្គងលើកូនប្រពន្ឋអ្នកដទៃ ការភូតកុហកបោកប្រាស់ និង ការជិះជាន់កេងប្រវ័ញ្ច ជាដើម។
ការធ្វើអំពើល្អ៖ គឺព្រះអង្គ មានព្រះបំណងឲ្យយើងគ្រប់គ្នា ចាប់ផ្តើមធ្វើអំពើល្អទាំងពួង មិនមែនឈប់ធ្វើអំពើអាក្រក់ហើយ ឈប់ធ្វើអ្វីៗ ហើយសំងំនៅស្ងៀមនោះទេ។ ការធ្វើអំពើល្អ ដូចជា ការមិនបៀតបៀនឈ្នានីសអ្នកដទៃ ការចេះជួយសង្គ្រោះអ្នកដទៃ ការចេះចែករំលែកសេចក្តីសុខ និងទ្រព្យសម្បត្តិដែលខ្លួនមានដល់អ្នកដទៃ ការចូលរួមជួយដោះស្រាយបញ្ហាសាច់ញាតិ ក្រុមគ្រួសារ បងប្អូនក្នុងសហគមន៍ និង ការជួយគិតគូរដល់បញ្ហាសង្គមទាំងមូល ផងដែរ។
ការធ្វើចិត្តឲ្យស្អាតផូរផង់៖ គឺព្រះអង្គ ចង់ឲ្យយើងជម្រះចិត្តឲ្យស្អាតបរិសុទ្ឋ ដោយកម្ចាត់ចោលនូវកិលេស ជាគ្រឿងសៅហ្មងទាំងឡាយឲ្យអស់ពីខន្ធសន្តានរបស់យើង។ គ្រឹះនៃកិលេសដែលធ្វើឲ្យចិត្តយើងសៅហ្មង កន្ទក់កន្ទេញនោះ គឺ លោភៈ ទោសៈ និងមោហៈ។ ទោសៈ គឺសេចក្តីចង់បាននូវអ្វីៗគ្រប់យ៉ាងគ្មានព្រំដែន ទោសៈ គឺការក្រោធខឹងនឹងវត្ថុក្នុងលោក មោហៈ គឺភាពវង្វេងក្នុងលោក ដោយយល់ខុសពីការពិតចំពោះធម្មជាតិ។
ព្រះពុទ្ធឱវាទទាំង៣ប្រការនេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សលោក។ ប្រសិនបើមនុស្សគ្រប់វណ្ណៈក្នុងសង្គម ក៏ដូចជាក្នុងពិភពលោកទាំងមូល មានធម៌ទាំង៣ប្រការនេះ អំពើហិង្សាក្នុងគ្រួសារ ភាពចលាចលវឹកវរក្នុងសង្គម សង្គ្រាមលើពិភពលោក ប្រាកដជាមិនអាចកើតឡើងបានឡើយ។ បើមនុស្សមិនធ្វើអំពើបាប តែធ្វើតែអំពើល្អ ដោយចេះជួយសង្គ្រោះគ្នាទៅវិញទៅមក និងមានចិត្តផូរផង់ ដោយម្នាក់ៗសុទ្ឋតែជាមនុស្សស្អាតបរិសុទ្ឋិរៀងៗខ្លួន សុភមង្គលក្នុងគ្រួសារ សាមគ្គីភាពក្នុងសង្គម សន្តិភាពក្នុងពិភពលោក ច្បាស់ជាកើតឡើងជាក់ជាមិនខាន៕
Tag:
ភ្ជុំបិណ្ឌ
ពុទ្ធឱវាទ
© រក្សាសិទ្ធិដោយ thmeythmey.com