អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​លពីរ​គ្រាប់ ក្រោយ​ប្រកាស​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​
02, Oct 2019 , 10:15 am        
រូបភាព
រូបភាព (KCNA)
រូបភាព (KCNA)
​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២ ខែតុលា បាន​សាកល្បង​បាញ់​កាំជ្រួច​ពីរ​គ្រាប់​ទៀត ចូលទៅក្នុង​សមុទ្រ​ជប៉ុន​ខាងកើត​។ នេះ​ជាការ​បាញ់​លើក​ទី​៩ ហើយ​ក្រោយ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ជួបគ្នា​នៅ​តំបន់​គ្មាន​យោធា​កាលពី​ខែ​ចុងខែ​មិថុនា​។ ការបាញ់​លើក​នេះ គឺ​បន្ទាប់ពី​កាសែត​ក្នុងស្រុក​កូរ៉េខាងជើង​ប្រកាសថា ជំនួប​អាមេរិក និង​កូរ៉េខាងជើង​នឹង​កើតមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។



​យោធា​កូរ៉េខាងត្បូង​កំពុង​ឃ្លាំង​មើល​ស្ថានភាព​នៃ​ការសាកល្បង​មី​ស៊ី​ល ហើយ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ស្ថានការណ៍​យោធា​មួយ​នេះ ។ យោធា​កូរ៉េខាងត្បូង​បាន​អះអាង​ដូចនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែតុលា ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ចូល​សមុទ្រ​ខាងកើត​។​

​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​គូសបញ្ជាក់ថា នា​វេលា​ម៉ោង​៧ ព្រឹក មី​ស៊ី​ល​ប៉ា​លី​ស្ទិ​កមួយ​គ្រាប់​បាន​ធ្លាក់ចូល​ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ខណៈពេល​មួយគ្រា​ប់​ទៀត បាន​ធ្លា​ក់នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ជប៉ុន​។ ប៉ុន្តែ​វា​មិនបាន​ប៉ះពាល់​យន្តហោះ​ចម្បាំង ឬ​នាវា​នៅក្បែ​តំបន់​នោះឡើយ​។​

​ទាក់ទង​ទៅនឹង​ការសាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​នេះ គេ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​លំអិត​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា​វា​ទំនងជា​បាញ់​ចេញពី​ខេត្ត Wonsan និង Kangwon សំដៅទៅ​សមុទ្រ​ជប៉ុន​ខាងកើត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។​

​ការបាញ់​មី​ស៊ី​ល​លើក​នេះ ធ្វើឡើង​ក្រោយ​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ឆេ ស៊ុន​ហ៊ី ប្រកាស​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​នៅ​អំឡុង​សប្ដាហ៍​នេះ​៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com