អន្តរជាតិ
ប៉ូលិស​ហុងកុង បកស្រាយ​ថា បារម្ភ​ពី​សុវត្ថិភាព​ទើប​ប៉ូលិស​បាញ់​បាតុករ​ចំ​ដើមទ្រូង​
02, Oct 2019 , 9:39 pm        
រូបភាព
ទិដ្ឋភាពនៃការបាញ់ប្រហារលើបាតុករហុងកុងម្នាក់ នាថ្ងៃទី ១ តុលា ២០១៩ អំឡុងការប៉ះទង្គិចបែបហិង្សា
ទិដ្ឋភាពនៃការបាញ់ប្រហារលើបាតុករហុងកុងម្នាក់ នាថ្ងៃទី ១ តុលា ២០១៩ អំឡុងការប៉ះទង្គិចបែបហិង្សា
ដោយ:
​មន្ត្រីប៉ូលិស​ហុងកុង បាន​បាញ់កាំភ្លើង​គ្រាប់​ពិត​លើ​បាតុករ​ម្នាក់ ព្រោះតែ​រូបគេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ នេះ​ជាការ​បកស្រាយ​របស់​ប៉ូលិស​ហុងកុង នៅ​ថ្ងៃ​ពុធ ទី​២ តុលា ។ ហេតុការណ៍​នេះ កើតឡើង​ក្រោយ​មានការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​កាលពី​ព្រលប់​ថ្ងៃទី​១ ខែតុលា ចំ​ថ្ងៃ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​នៅ​ប៉េកាំង មានការ​រៀបចំ​ព្យុហយាត្រា​យោធា​យ៉ាង​ធំ​សម្បើម​។​



​ការប៉ះទង្គិច​រវាង​ក្រុមអ្នកតវ៉ា​គាំទ្រ​ប្រជាធិបតេយ្យ និង​ប៉ូលិស​ហុងកុង បានអូសបន្លាយ​រាប់​ម៉ោង​នៅ​សង្កាត់​ចំនួន ៦ ក្នុង​ទីក្រុង​ហុងកុង ខណៈ​ក្រុមបាតុករ​ដៃ​ឆៅ​គាប់​ដុំថ្ម និង​ដប​សាំង​លើ​ប៉ូលិស​។ ប៉ូលិស បាន​ឆ្លើយតប​វិញ ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក កាំភ្លើង​គ្រាប់​ជ័រ និង​កាណុង​បាញ់​ទឹក​។

​ក្នុង​សង្កាត់ Tsuen Wan មន្ត្រីប៉ូលិស​ម្នាក់ បាន​បាញ់កាំភ្លើង​គ្រាប់​ពិត​នៅ​ចម្ងាយ​ជិត ដោយ​គ្រាប់​ទៅ​ចំ​ដើមទ្រូង​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​ឈ្មោះថា Tsnag Chi-kin ខណៈ​កម្លាំង​ប៉ូលិស រង​ការវាយប្រហារ​ដោយ​ក្រុមបាតុករ ដែល​ប្រដាប់​ដោយ​ដំបង​ដែក និង​ឆត្រ​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្នងការ​ប៉ូលិស​ហុងកុង លោក Stephen Lo បញ្ជាក់ថា មន្ត្រីប៉ូលិស​មានការ​ភិតភ័យ​ចំពោះ​សុវត្ថិភាព​ខ្លួនឯង​នៅថ្ងៃនោះ ក្រោយពី​មើលឃើញថា កម្លាំង​ប៉ូលិស​បាន​បាញ់កាំភ្លើង​ពិត​គំរាម​ចំនួន​៥​គ្រាប់​នៅ​ទូទាំង​ទីក្រុង​ហុងកុង​។ លោក អះអាង​បែបនេះ​៖«​ក្នុង​រយៈពេល​ខ្លី​នេះ  គាត់ [​មន្ត្រីប៉ូលិស​] បានសម្រេច​ចិត្ត ហើយ​បាញ់​លើ​បាតុករ​ម្នាក់​នោះ​»​។

​យ៉ាងណាមិញ ក្រុមបាតុករ បាន​ថ្កោលទោស​កំណើន​ការប្រើ​កាំភ្លើង​គ្រាប់​ពិត​របស់​មន្ត្រីប៉ូលិស​។ តាមរយៈ​បណ្តាញ​សង្គម Twitter សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ Joshua Wong បាន​រិះគន់​ខ្លាំងៗ​ថា ទីក្រុង ហុងកុង បាន​ធ្លាក់ចូល​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​ប៉ូលិស​យ៉ាងពិត​ប្រាកដ ហើយ​កងកម្លាំង​សន្តិសុខ បាន​ចូល​កាន់កាប់​ទីក្រុង​ទាំងស្រុង​។​

​នេះ ជា​លើកទីមួយ​ហើយ​ដែល ក្រុមអ្នកតវ៉ា​ហុងកុង​រង​ការបង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ដោយ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត​បែបនេះ​ក្នុងពេល​ជិត​៤​ខែ​ចុងក្រោយ​នៃ​ការធ្វើ​បាតុករ​ទាំង​ហិង្សា និង​អហិង្សា​ក្នុង​ទីក្រុង​នេះ​។

​វីដេអូ​នៃ​សកម្មភាព​បាញ់​នេះ ត្រូវបាន​ថត​ទុក និង​ចែកចាយ​លើ​បណ្តាញ​សង្គម​។ ហើយ​នៅ​ថ្ងៃទី​២ ខែតុលា មនុស្ស​រាប់រយ​នាក់ បាន​ឈរ​នៅក្រៅ​បរិវេណ​សាលារៀន​របស់​យុវជន​ដែល​ត្រូវ​ប៉ូលិស​បាញ់​នោះ​។ ពួកគេ​បាននាំគ្នា​លើក​បដា​ដែលមាន​បង្ហាញ​រូបភាព​នៃ​ការបាញ់​នោះ និង​មាន​ពាក្យស្លោក​មួយចំនួន​ផងដែរ​។

​បាតុករ​ម្នាក់​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ខណៈ​នេះ អាជ្ញាធរ បាន​អះអាងថា ស្ថានភាព​របស់​យុវជន​នេះ​បាន​ធូរស្រាល​ច្រើន​ហើយ​។ យោងតាម​ព័ត៌មាន​ចុងក្រោយ​របស់​អាជ្ញាធរ​ម​ន្ទីរ​ពេទ្យ ស្ថានភាព​បច្ចុប្បន្ន​រប​ស់​បុរសរងគ្រោះ​នោះ គឺមាន​លក្ខណៈ​ល្អប្រសើរ​។

​ក្នុងការ​ប៉ះទង្គិច​នា​ថ្ងៃបុណ្យ​ជាតិចិន កាលពី​ថ្ងៃ​១ តុលា ប៉ូលិស​ហុងកុង អះអាងថា មន្ត្រី​ខ្លួន​ចំនួន​២៥​នាក់ រងរបួស ហើយ​ក្នុងនោះ មាន​ខ្លះ​ឆេះ​ខ្លោច​ដោយសារ​សាំង​ដែល​ក្រុមបាតុករ​គាប់​មក​ពួកគេ​។ សាំង​នេះ ក៏​ធ្វើ​ឲ្យ​អ្នកកាសែត​មួយចំនួន​របួស​ផងដែរ​។ របាយការណ៍​របស់​ម​ន្ទីរ​ពេទ្យ បង្ហាញថា មនុស្ស​ច្រើនជាង ៧០​នាក់ ត្រូវបាន​គេ​បញ្ជូនមក​ព្យាបាល ហើយ​មនុស្ស ១៦០​នាក់ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​១ ខែតុលា​៕

Tag:
 ហុងកុង​
  ប៉ូលិស​
  បាតុករ
© រក្សាសិទ្ធិដោយ thmeythmey.com