Barca វាយបក​យកឈ្នះ Inter ឯ Liverpool បាន​៣​ពិន្ទុ​ពី Salzburg ទាំង​ប្រផិតប្រផើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
Barca វាយបក​យកឈ្នះ Inter ឯ Liverpool បាន​៣​ពិន្ទុ​ពី Salzburg ទាំង​ប្រផិតប្រផើយ​
03, Oct 2019 , 11:31 am        
រូបភាព
​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ Luis Suarez គ្រប់គ្រាន់​សម្រាប់​ជួយ Barcelona ទទួលបាន​៣​ពិន្ទុ ពី​គូប្រជែង Inter Milan តាមរយៈ​ការ​វាយបក​តាម​ឈ្នះ​ដោយ​លទ្ធផល ២-១ នា​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ពាន Champions League​។ ម្ចាស់​ការពារ​តំណែង​ជើងឯក Liverpool ក៏​ទទួលបាន​៣​ពិន្ទុ​ដែរ ក្រោយ​យកឈ្នះ Red Bull Salzburg ក្នុង​លទ្ធផល​ប្រទាញប្រទង់ ៤-៣​។​



​ការប្រកួត​នៅ​កីឡដ្ឋាន Camp Nou នៅ​រាត្រី​ថ្ងៃទី​២ តុលា ទើប​ចាប់ផ្តើមបាន​៣​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lautaro Martinez អាច​គ្រាប់​បាល់​នាំ​មុខមុន​ឲ្យ Inter Milan តាមរយៈ​ការបញ្ជូន​ពី​មិត្ត​រួម​ក្រុម Alexis Sanchez ហើយ​លទ្ធផល ១-០ រក្សា​រហូត​ចប់​វគ្គ​ទី​១​។​



​ចួ​លដ​ល់វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​១៣​នាទី Luis Suarez បាន​បំប៉ោង​សំណាញ់​ទី​យ៉ាង​អស្ចារ្យ​ពី​ការបញ្ជូន​ពី Arturo Vidal ដើម្បី​តាម​ស្មើ​ឲ្យ Barca វិញ​។ ក្រោម​ការដាក់​សម្ពាធ​ដ៏​ខ្លាំងក្លា​ពី​ក្រុម​ម្ចាស់ផ្ទះ​រហូតដល់​នាទី​៨៤ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គា​យ​ដដែល​នេះ​អាច​សម្រេច​គ្រាប់​ទី​២​និង​ជា​គ្រាប់​ជ័យជម្នះ​ដើម្បី​ជួយ Barca ឈ្នះ Inter ២-១​។​



​ក្នុង​ពូ​ល F នេះដែរ Borussia Dortmund បានទទួល​ជ័យជម្នះ​លើ Slavia Prague ដោយ​លទ្ធផល ២-០ សម្រាប់​ជំនួប​លើក​ទី​២ ដោយ​លទ្ធផល​នេះ​បាន​នាំ​ឲ្យ​ក្រុម​ពី​អាល្លឺម៉ង់​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៤​ពិន្ទុ តាម​ពីក្រោយ​ដោយ Barcelona មាន​៤​ពិន្ទុ​ដូចគ្នា រីឯ Inter និង Slavia Prague នៅ​លេខ​រៀង​បន្តបន្ទាប់ មាន​១​ពិន្ទុ​ដូចគ្នា​។​

​ដោយឡែក​ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​អឺរ៉ុប Liverpool អាច​រកបាន​៣​ពិន្ទុ​លើកដំបូង​ក្នុង​ពូ​ល E ក្រោយ​យកឈ្នះ Salzburg ៤-៣​។ នៅ​កីឡដ្ឋាន Anfield ហង្ស​ក្រហម​បាន​នាំមុខ​មុន​ដល់​ទៅ​៣​គ្រាប់ ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​តាម​យក​ស្មើ​វិញ មុនពេល​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah សម្រេច​គ្រាប់​ទី​៤​ឲ្យ​ម្ចាស់ផ្ទះ​។​

៤​គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Salah ២​គ្រាប់ (៣៦, ៦៩) Sadio Mane (៩) និង​ខ្សែការពារ Andrew Robertson (២៥) ចំណែក​៣​គ្រាប់​របស់ Salzburg ធ្វើបាន​ដោយ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Hee-Chan Hwang (៣៩) កីឡាករ​ជប៉ុន Takumi Minamino (៥៦) និង​ខ្សែប្រយុទ្ធ Erling Braut Haaland (៦០)​។​

​យ៉ាងណាក៏ដោយ ៣​ពិន្ទុ​នេះ​មិនអាច​ជួយ Liverpool គេច​ផុតពី​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​ពូ​ល E ឡើយ ដ្បិត Salzburg មាន​៣​ពិន្ទុ​ដូចគ្នា​តែមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​
Napoli នៅ​រក្សា​កំពូល​តារាង​ដដែល​ដោយ​ទទួលបាន​៤​ពិន្ទុ ក្រោយ​បាន​ត្រឹម​ស្មើ​ជាមួយ Genk ០-០ សម្រាប់​ប្រកួត​លើក​ទី​២​ក្នុង​ពូ​ល E នេះ​។ កាលពី​ជើង​ទីមួយ Napoli បាន​យកឈ្នះ Liverpool ២-០​។​



​លទ្ធផល​គូ​ដទៃទៀត នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្របខណ្ឌ Champions League មាន​ដូចខាងក្រោម​៖

​ពូ​ល E
Genk ០-០  Napoli
Liverpool ៤-៣ Salzburg

​ពូ​ល F
Slavia Prague ០-២ Borussia Dortmund
Barcelona ២-១ Inter

​ពូ​ល G
RasenBallsport Leipzig ០-២ Lyon
Zenit St. Petersburg ៣-១ Benfica

​ពូ​ល H
Lille ១-២ Chelsea
Valencia ០-៣ Ajax ៕

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com