ជាតិ
សង្គមជាតិ
ជប៉ុនម្នាក់ជាប់ទោស១៣ឆ្នាំ និង ម្នាក់ទៀតជាប់១០ឆ្នាំ ពីបទសម្លាប់អ្នករត់តាក់ស៊ីនៅសៀមរាប បុរសជនជាតិជប៉ុនទាំងពីរនាក់ ពេលត្រូវចាប់ខ្លួនកាលពីអំឡុងខែមីនា ឆ្នាំ២០១៩ (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
× បុរសជនជាតិជប៉ុនពីរនាក់ គឺឈ្មោះ Ryuji Nakakuki ត្រូវជាប់ពន្ធនាគារ១៣ឆ្នាំ និង ឈ្មោះ Reimon Ishida ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ក្នុងអំពើឃាតកម្មលើអ្នករត់តាក់ស៊ីជនជាតិខ្មែរម្នាក់ឈ្មោះ ហ៊ឹម ចាន់ នៅខេត្តសៀមរាប។ លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការខេត្តសៀមរាប បានឲ្យដឹងថា ចៅក្រម បានប្រកាសសាលក្រមលើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
លោក យិន ស្រាង ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បច្ចុប្បន្ន ជនល្មើសជាជនជាតិជប៉ុនទាំងពីរនាក់នោះ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តសៀមរាប។ លោក បន្តថា ក្រៅពីទោសជាប់ពន្ធនាគារ ចៅក្រម នៅតម្រូវឲ្យពួកគេទាំងពីរ បង់៥០លានរៀលក្នុងម្នាក់ៗ ជូនទៅគ្រួសារជនរងគ្រោះ។
បើតាមប្រធានលេខាធិការដ្ឋានរដ្ឋបាលរូបនេះ ជនជាតិជប៉ុនឈ្មោះ Ryuji Nakakuki ជាជនដៃដល់ក្នុងការប្រព្រឹត្តបទល្មើស ហើយឈ្មោះ Reimon Ishida ជាអ្នកសមគំនិត។
អ្នកទាំងពីរ រងការសង្ស័យថា បានប្លន់ស្លាប់ យករថយន្តពីអ្នករត់តាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ពួកគេ ត្រូវឃុំខ្លួនតាំងពីថ្ងៃទី១៩ ខែមីនាមក៕ © រក្សាសិទ្ធិដោយ thmeythmey.com