អន្តរជាតិ
សភា​ស្កុ​តឡែ​ន បោះឆ្នោត​ដាក់ទោស​ឪពុកម្ដាយ​ដែល​ប្រើ​អំពើហិង្សា​លើ​កូន​ដោយ «​ការ​ទះ​»
04, Oct 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ​៖ ងួន​សុ​ភាវ​ត្តី​

​សមាជិកសភា​ស្កុ​តឡែ​ន នៅ​ថ្ងៃទី​៣​ខែតុលា​នេះ បាន​បោះឆ្នោត​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ហាមឃាត់​ការប្រើ​ហិង្សា​លើ​កុមារ​ដោយ​ការ​ទះ​។ សំណើ​ច្បាប់​នេះ ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ស្កុ​តឡែ​ន ប៉ុន្តែ​ក្រុម​អភិរក្សនិយម បាន​ជំទាស់​ព្រោះ​វា​នាំ​ឲ្យ​ឪពុកម្ដាយ​ក្លាយជា​ឧក្រិដ្ឋ​ដោយ​មិនដឹង​ខ្លួន​។



​ដោយ​សំឡេង​៨៤​ទល់​២៩ សភា​ស្កុ​តឡែ​ន​បាន​បោះឆ្នោត​លើ​សំណើ​ច្បាប់​ថ្មី​ដែល​ដាក់ទោស​ឪពុកម្ដាយ ឬ​អ្នកមើល​ថែរក្សា​ក្មេង​ដែល​ប្រើប្រាស់​ហិង្សា​លើ​រាងកាយ​កុមារ​តូចៗ ទោះ​មាន​សំឡេង​ប្រឆាំង​ក៏ដោយចុះ​។ បច្ចុប្បន្ននេះ មាតាបិតា​នៅ​ស្កុ​តឡែ​ន អាច​ប្រើប្រាស់​កម្លាំងបាយ​សមស្រប​ណាមួយ​ដើម្បី​ប្រដៅ​កូនៗ​របស់​ពួកគេ​។ ប៉ុន្តែ​ក្រោយ​ការអនុម័ត​ច្បាប់​ដោយ​សភា ស្កុ​តឡែ​ន នឹង​ក្លាយជា​ប្រទេសមួយ​នៅ​ចក្រភព​អង់គ្លេស​ដែល​ហាមឃាត់​ឪពុកម្ដាយ​មិន​ឲ្យ​ទះ​កូនៗ​របស់​ពួកគេ​។

​ច្បាប់​ថ្មី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​១២​ខែក្រោយ​នេះ បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ម្ចាស់​ក្ស​ត្រី​Elizabeth II ។ លោក John Finnie អ្នកតាក់តែង​ច្បាប់​មួយរូប​នៅ​ស្កុ​តឡែ​ន​បាន​និយាយថា អំពើហិង្សា​លើ​កុមារ គឺ​មិន​ទទួលយក​បានទេ​ទោះ​ក្នុង​កាលទេសៈ​ណាក៏ដោយ​។ លោក​បន្តថា ការដាក់ទណ្ឌកម្ម​លើ​រាងកាយ​កុមារ​មិនគួរ​កើតមាន​ក្នុង​សតវត្សរ៍​ទី​២១​ទេ​។ អន្តរជាតិ​បានផ្តល់​ភស្តុតាង​យ៉ាងច្បាស់​ថា ការប្រើ​អំពើហិង្សា​ប៉ះពាល់​លើ​កុមារ​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែមទាំង​គ្មាន​ប្រសិទ្ធិភាព​ក្នុងការ​អប់រំ​ពួកគេ​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​អ្នកស្រី Nicola Sturgeon រដ្ឋមន្ត្រី​ទីមួយ​របស់​ស្កុ​តឡែ​ន ដែល​គាំទ្រ​ច្បាប់​ថ្មី​នេះ និយាយថា ច្បាប់​នេះ​នឹង​ផ្តល់អោយ​កុមារ​នូវ​ការការពារ​ពី​អំពើហិង្សា​ដូចដែល​មនុស្សពេញវ័យ​ទទួលបាន​ស្រាប់​។​

​យ៉ាងណាមិញ​ច្បាប់​ថ្មី​នេះ ត្រូវ​ប្រឆាំង​ដោយ​គណបក្ស​អភិរក្ស​។ លោក Oliver Mundell សមាជិកសភា​បក្ស​អភិរក្ស លើកឡើងថា ច្បាប់​ថ្មី​នេះ​គឺ​នៅមាន​ភាពខ្វះខាត​និង​គ្មាន​ស្តង់ដារ​។ លោក​មិន​គិតថា​ច្បាប់​នេះ​អាចមាន​ប្រសិទ្ធភាព​ទេ ដ្បិត​អាណាព្យាបាល​មិនដឹងថា ការធ្វើសកម្មភាព​បែប​នេះ អាច​ជាការ​ល្មើសច្បាប់​ឡើយ​។ ក្រុម​យុទ្ធនាការ Be Reasonable Scotland បាន​និយាយ​ដែរ​ថា វា​នឹងធ្វើ​ឲ្យ​អាណាព្យាបាល​ល្អ​ប្រែ​ទៅជា​ឧក្រិដ្ឋជន ខណៈ​ច្បាប់​សព្វថ្ងៃ​បាន​ការពារ​ក្មេងៗ​ស្រេច​ទៅហើយ​។​

​គួររំលឹកថា ស៊ុយអែត គឺជា​ប្រទេស​ទីមួយ​ក្នុង​ពិភពលោក​ដែល​បានអនុម័ត​ច្បាប់​ហាម​ការប្រើ​អំពើហិង្សា​ដោយ​ការ​ទះ​លើ​កុមារ​នៅក្នុង​ផ្ទះ​តាំងពី​ឆ្នាំ ១៩៧៩ ហើយ​បច្ចុប្បន្ននេះ​មាន​ប្រទេស​ប្រមាណ​ជាង​៥០​ហើយ​ដែរ​ដើរ​តាម​គំរូ​របស់​ស៊ុយអែត​៕

© រក្សាសិទ្ធិដោយ thmeythmey.com