ONE Championship
កីឡាជាតិ
ជាតិ
វី ស្រីខួច៖«កីឡាករកីឡាការិនី គួរមានការប្រកួតច្រើនទើបមានផលល្អនៅស៊ីហ្គេម»
×
អត្ថបទ៖ ស៊ីធី
វី ស្រីខួច ដែលជាកីឡាការិនីប្រដាល់សកលជម្រើសជាតិលេចធ្លោម្នាក់ និង ធ្លាប់មានបទពិសោធន៍ល្អនៅសង្វៀន ONE CHAMPIONSHIP សង្ឃឹមទទួលលទ្ធផលល្អនៅស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនចុងឆ្នាំនេះ។ ការរំពឹងបែបនេះ បន្ទាប់ពីស្រីខួចចេញទៅហ្វឹកហាត់ និងប្រកួតសមញឹកញាប់នៅជប៉ុន តាំងពីដើមខែកញ្ញា ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ដែលចាប់ផ្ដើមពីថ្ងៃទី៣០ វិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩។
វី ស្រីខួច ថ្លែងពីប្រទេសជប៉ុនថា៖«ការហ្វឹកហាត់នៅជប៉ុននេះ គឺ បំពេញរាល់ចំណុចខ្វះខាត ហើយ យើងដឹងតែផ្ដោតលើការហ្វឹកហាត់តែម្ដង។ វាជារឿងល្អច្រើន ព្រោះគ្រូបង្វឹកក៏គាត់ត្រូវប្រាប់ចំណុចមិនល្អរបស់យើងដើម្បីកែប្រែដែរនិងវ៉ៃសមជាប្រចាំ។ គ្រូបង្វឹកនិងក្លិបនៅជប៉ុននេះតែងតែរកដៃគូឲ្យឡើងប្រកួតសមគ្នានៅសង្វៀននានា និង ឆ្លងទៅតាមខេត្តផ្សេងក៏មាន។
វី ស្រីខួច បានបង្ហើបអំពីការតាំងចិត្តមោះមុតដើម្បីទទួលបានលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ចុងឆ្នាំនេះ។ ប្អូនស្រីរបស់ វី សាវុធ សង្កត់ធ្ងន់ថា៖«ខ្ញុំគិតថានៅជប៉ុនល្អប្រសើរច្រើន ដូចជាកន្លែងហ្វឹកហាត់ល្អ កន្លែងស្នាក់នៅល្អ ការហូបចុកល្អដោយតម្រូវតាមពួកយើង។ មួយទៀតយើងមិនបាច់ខ្វល់ខ្វាយច្រើន។ យើងគិតតែបុកហាត់ខ្លាំងតែម្ដង»។
ស្រីខួច ជាកីឡាការិនីលេចធ្លោម្នាក់ដែលទទួលបានឈ្មោះចូលហ្វឹកហាត់ជម្រើសជាតិតាំងពីស៊ីហ្គេម ឆ្នាំ ២០១៧ ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី និង បានចេញទៅប្រកួតស៊ីហ្គេមលើកទី២៩ផងដែរ។ មុនចេញទៅហ្វឹកហាត់នៅជប៉ុន កីឡាការិនីរូបនេះ និងមិត្តរួមក្រុម នៅ ស្រីពៅ បានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិប្រមាណជា ៥ ខែមកហើយ។ គ្រូបង្វឹកដែល ស្រីខួច ទទួលការហ្វឹកហាត់មានដូចជា Rolando Castellano Rodriquez ជនជាតិគុយបា , លោក វ៉ែន សុផល, លោក ជ័យ ណារ៉ា, និង លោក ឡុង សាលីន។
បែបណាក្ដី ការហ្វឹកហាត់នៅក្នុងស្រុកជួបការលំបាកបន្តិចសម្រាប់កីឡាការិនីប្រដាល់សកលជម្រើសជាតិ ព្រោះអត់មានដៃគូឡាំឬ សមគ្នាគ្រប់គ្រាន់។ ពេលហ្វឹកហាត់នៅស្រុកខ្មែរ មានតែការសម ឬ ឡាំជាមួយកីឡាករគ្នាឯងប៉ុណ្ណោះ ដែលពិបាករកចំណុចខ្សោយ និងបច្ចេកទេសពិត។ ប៉ុន្តែការហ្វឹកហាត់នៅជប៉ុនលើកនេះមានកីឡាការិនីឡាំគ្នាគ្រប់គ្រាន់ និង បំប៉នផ្នែកចង្វាក់ប្រយុទ្ធឲ្យល្អថែមទៀតផង។ នាពេលកន្លងទៅ វិញ្ញាសាប្រដាល់សកលនៅស៊ីហ្គេមឆ្នាំ ២០១៩ ត្រូវបានគេបង្ហើបគម្រោងបឋមថានឹងបញ្ជូនកីឡាករ ៤ នាក់ និង កីឡាការិនី ២ នាក់ទៅចូលរួមប្រកួត។ ដូច្នេះកីឡាករ ៣ នាក់ផ្សេងទៀតកំពុងហ្វឹកហាត់នៅកម្ពុជា ហើយ ៣ នាក់ទៀតហ្វឹកហាត់នៅប្រទេសជប៉ុន មាន វី ស្រីខួច, នៅ ស្រីពៅ និង ណាត សៀកនិន។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ វី ស្រីខួច នឹងប្រកួតប្រភេទទម្ងន់ចន្លោះពី ៥៨ ទៅ ៦០ គីឡូក្រាម។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
© រក្សាសិទ្ធិដោយ thmeythmey.com