អន្តរជាតិ
មហាសេដ្ឋី លី កាស៊ី​ង នឹង​បរិច្ចាគ​ប្រាក់​១២៨​លាន​ដុល្លារ​ជួយ​សហគ្រាស​ក្នុង​ក្រុង​ហុងកុង​
05, Oct 2019 , 11:34 am        
រូបភាព
លោក លី កាស៊ីង, រូបភាព (Bloomberg)
លោក លី កាស៊ីង, រូបភាព (Bloomberg)
​លោក លី កាស៊ី​ង (Li Ka-shing)  បុរស​មាន​ជាងគេ​ប្រចាំ​ហុងកុង នឹង​បរិច្ចាគ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រមាណ​ជា ១២៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ជំរុញ​ជំនួញ​ខ្នាតតូច និង​មធ្យម បន្ទាប់ពី​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​កំពុង​ជួប​វិបត្តិ ដោយសារតែ​ការតវ៉ា​របស់​ក្រុមបាតុករ​។ នេះ​បើតាម​ការអះអាង​របស់​មូលនិធិ​របស់លោក​លី នៅ​ថ្ងៃទី​៤ ខែតុលា​។
​បន្ទាប់ពី​វិបត្តិ​នយោបាយ​នៅក្នុង​ទីក្រុង​ហុងកុង ធ្លាក់​កាន់តែ​ជ្រៅ ភាពដុនដាប​ខាង​សេដ្ឋកិច្ច​ក៏​កាន់តែ​យ៉ាប់យ៉ឺន ជាពិសេស​គឺ​សហគ្រាស​ខ្នាតតូច និង​មធ្យម​កំពុង​ជួប​បញ្ហា ដោយសារតែ​បាតុកម្ម​បានអូសបន្លាយ​ជាច្រើន​ខែ​។



​ដើម្បី​ជួយសង្គ្រោះ​នូវ​ជំនួញ​ខ្នាតតូច និង​មធ្យម​ពី​វិបត្តិ ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ មូលនិធិ​របស់លោក​លី កាស៊ី​ង នឹង​បរិច្ចាគ​ទឹកប្រាក់ មួយ​ពាន់​លាន​ដុល្លារ​ហុងកុង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​កំពុង​ប្រឈម​ក្នុង​ទីក្រុង​។ នេះ​បើ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

​ជាការ​ពិត រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានដាក់​សម្ពាធ​កាន់តែ​ធ្ងន់​ឡើងៗ​មកលើ​មហាសេដ្ឋី និង​អ្នក​អភិវឌ្ឍ​អចលនវត្ថុ លោក លី កាស៊ី​ង បន្ទាប់ពី​បុរស​រូបនេះ មិន​អាចជួយ​បន្ធូរបន្ថយ​បញ្ហា​បាន​នៅក្នុង​ទីក្រុង​ហុងកុង​។ ជាក់ស្តែង កាលពី​ខែសីហា គណៈកម្មាការ​កណ្តាល​កិច្ចការ​ច្បាប់ និង​នយោបាយ​របស់​ចិន បានចាត់ទុក​លោក​លី ថា​ជា «​ជម្រក​បទឧក្រិដ្ឋ​» បន្ទាប់ពី​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​មានការ​ប្រោសប្រណី​ចំពោះ​ក្រុមយុវជន​ដែល​ធ្វើ​សកម្មភាព​តវ៉ា​។​

​ប៉ុន្តែ​លោក​ក៏​មានការ​ស្តាយក្រោយ​ផងដែរ នូវ​អ្វីដែល​លោក​បាន​និយាយ​សំដៅទៅ​ក្រុមបាតុករ ថា​ជាការ​បកស្រាយ​ខុស ហើយ​លោក​បាន​និយាយ​ម្តង​ទៀតថា សកម្មភាព​ទាំងឡាយណា ដែល​ប្រឆាំងនឹង​អធិបតេយ្យភាព គឺ​មិនអាច​អត់ឱន​បានឡើយ​។ 

​សូមបញ្ជាក់ថា ការបរិច្ចាគ ក្នុង​គោលបំណង​ជួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះ គឺធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន​អចលនវត្ថុ New World Development និយាយថា ខ្លួន​នឹង​ផ្តល់​ដី​កសិដ្ឋាន​បម្រុង​ជាង ៩១​ម៉ឺន​ម៉ែត្រការ៉េ​សម្រាប់​សង្គមកិច្ច​ផងដែរ​៕

Tag:
 ហុងកុង​
  លី កាស៊ី​ង
© រក្សាសិទ្ធិដោយ thmeythmey.com