អន្តរជាតិ
លោក ពូ​ទីន​៖ រុស្ស៊ី​កំពុង​ជួយ​ចិន​សាងសង់​ប្រព័ន្ធ​ព្រមាន​ការវាយប្រហារ​មី​ស៊ី​ល​
05, Oct 2019 , 7:59 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបមួយ។ រូបភាព AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបមួយ។ រូបភាព AFP
​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​៣ ខែតុលា និយាយថា រុស្ស៊ី​កំពុង​ជួយ​ចិន​ក្នុងការ​សាងសង់​ប្រព័ន្ធ​ព្រមាន​ទុក​មុន​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ បើតាម​លោក ពូ​ទីន មានតែ​រុស្ស៊ី និង​អាមេរិក​ប៉ុណ្ណោះ​ដែលមាន​ប្រព័ន្ធ​ការពារ​បែបនេះ​។ ទោះជា​យ៉ាងណា មេដឹកនាំ​រុស្ស៊ី​រូបនេះ​នៅតែ​អះអាងថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ចិន មិន​សំដៅ​ប្រទេស​ទី​បី​ណាមួយ​ឡើយ​។​



​ចិន កំពុងស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់តំណែង​ប្រទេស​ទី​បី​ដែលមាន​ប្រព័ន្ធ​ព្រមាន​ទុក​មុន​ពី​ការវាយប្រហារ​របស់​មី​ស៊ី​ល ហើយ​រុស្ស៊ី​កំពុង​ជួយ​ចិន​ក្នុង​កិច្ចការ​នេះ​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​។ នេះ​បើតាម​ការទម្លាយ​តាម​មីក្រូ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។

​នា​កម្មវិធី​សំណួរ​-​ចម្លើយ​ក្នុង​វេទិកា​នយោបាយ Valdai Club នៅ​ថ្ងៃទី​៣ ខែតុលា លោក ពូ​ទីន ប្រាប់​អ្នកចូលរួម​ថា​៖ «​ខ្ញុំ​មិន​គិតថា វា​ជា​រឿង​សំងាត់​ទៀតឡើយ ហើយ​វា​នឹង​លេចចេញ​កាន់តែច្បាស់​។ នោះ គឺ​យើង​កំពុង​ជួយ​ដៃគូ​ចិន​របស់​យើង​ក្នុង​ការបង្កើត​ប្រព័ន្ធ​ព្រមាន​មួយ​។ វា​ជា​ប្រព័ន្ធ​ដែល​នឹង​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​របស់​ចិន​មួយកម្រិត​ថែមទៀត​។​» ចំពោះមុខ​មេដឹកនាំ​បរទេស​ដូចជា​មហាក្សត្រ​ហ្ស៊​កដា​នី និង​ប្រធានាធិបតី​ហ្វីលីពីន​ផង​នោះ លោក ពូ​ទីន បញ្ជាក់ថា មកទល់ពេលនេះ​មានតែ​រុស្ស៊ី និង​អាមេរិក​ប៉ុណ្ណោះ​ដែលមាន​ប្រព័ន្ធ​បែបនេះ​។​

​ប្រព័ន្ធ​ព្រមាន​ទុក​នេះ ជាការ​រួមបញ្ចូល​រវាង​រ៉ា​ដា​នៅ​លើដី និង​ផ្កាយរណប​នៅលើ​លំហ​អាកាស ដែលមាន​តួនាទី​តាម​ចាប់​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​គន់គូរ​ពី​ផ្លូវ​ហោះ​របស់​មី​ស៊ី​ល​។ ទិន្នន័យ​ដែល​ប្រមូលបាន នឹង​បញ្ជូន​ភ្លាមៗ​ទៅកាន់​ទីបញ្ជាការ​មួយ​ដើម្បី​យកទៅ​គិតគូរ​ពី​វិធីសាស្ត្រ​ដែល​ត្រូវ​ឆ្លើយតប​នឹង​ការវាយប្រហារ​។

​បច្ចុប្បន្ន រុស្ស៊ី កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក A-135 ដើម្បី​ការពារ​ខ្លួន​។ ប្រព័ន្ធ​នេះ រួមមាន​បណ្ដាញ​រ៉ា​ដា​ព្រមាន​ទុក​មុន ដែល​ត្រូវបាន​ពង្រាយ​តាម​ទីតាំង​ជាច្រើន​ដើម្បី​ចាប់យក​ព័ត៌មាន​នៃ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ណាមួយ រួច​ប​ញ្ចូ​ន​ព័ត៌មាន​ដែល​ចាប់បាន​ទៅកាន់​ទីបញ្ជាការ​មួយ ដែល​បន្ត​មក​បញ្ជូន​ព័ត៌មាន​នោះ​ទៅ​ឲ្យ​រ៉ា​ដា Don-2N ដើម្បី​វិភាគ​។ មី​ស៊ី​ល ABM ដែលជា​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក នឹងត្រូវ​ប្រើ​ដើម្បី​កម្ទេច​មី​ស៊ី​ល​សត្រូវ​។

​ក្រៅពី​បង្ហើប​ព័ត៌មាន​ដ៏​សំខាន់​នេះ លោក ពូ​ទីន ក៏​ឆ្លៀត​ផ្ញើ​សារ​ទៅកាន់​ប្រទេស​ណា​ដែល​ចង់​បំពាន​ចិន​ទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នា​វេទិកា​នៅឯ​ទីក្រុង​មាត់សមុទ្រ​ស៊ូ​ជី ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​អះអាងថា ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឡោមព័ទ្ធ​ចិន នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ តែ​នឹង​ភ្លើង​ឆេះ​ខ្លួនឯង​វិញទៀត​ផង​។ និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី លោក ពូ​ទីន លើកឡើងថា រុស្ស៊ី និង​ចិន​កំពុង​សហការគ្នា​យ៉ាង​ល្អ​ដើម្បី​ប្រយោជន៍​គ្នា​ទៅវិញទៅមក​៕

Tag:
 ​ចិន​
  រុស្ស៊ី​
  អាមេរិក​
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com