អន្តរជាតិ
ការសិក្សា​៖ ទស្សន​វិជ្ជមាន​ក្នុង​ជីវិត អាចជួយ​មនុស្ស​ឲ្យ​មាន​អាយុ​វែង ហើយ​ចៀស​ផុតពី​ជំងឺ​បេះដូង​
05, Oct 2019 , 8:59 pm        
រូបភាព
រូបភាព CNBC
រូបភាព CNBC
ដោយ: ថ្មីៗ
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន​នៅក្នុង​ជីវិត ទំនងជា​ជួបប្រទះ​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម តិចជាង​អ្នក​ដែល​តែងតែ​មានគំនិត​ទុទិដ្ឋិនិយម​។ មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន​បែបនេះ ក៏​អាចមាន​អាយុ​វែង​ផងដែរ​។​



​អ្នកស្រាវជ្រាវ​បាន​ស្រង់​ទិន្នន័យ​ពី​ការសិក្សា​ចំនួន ១៥ ដែលមាន​អ្នកចូលរួម​សរុប​ជាង​២២​ម៉ឺន​នាក់​ដែល​ត្រូវបាន​គេ​តាមដាន​ជា​មធ្យម​ប្រហែល​១៤​ឆ្នាំ​។ លទ្ធផល​បង្ហាញថា ចិត្តគំនិត​បែប​វិជ្ជមាន និង​អវិជ្ជមាន មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​គុណភាព​ជីវិត​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចទាក់ទង​ទៅនឹង​សុខភាព​របស់​មនុស្សម្នា​ក់​ផងដែរ​។ នេះ​បើតាម​សម្តី​របស់​វេជ្ជបណ្ឌិត Alan Rozanski ជា​អ្នកស្រាវជ្រាវ​នៅ​សាលា​វេជ្ជសាស្ត្រ Icahn នៅក្នុង​ទីក្រុង​ញូវយ៉ក​។​

​អ្នក​មានគំនិត​សុទិដ្ឋិនិយម អាចមាន​សុខភាព​ល្អប្រសើរ​ដែល​ជួយ​ឱ្យ​ពួកគេ​មាន​អាយុ​វែង​។ ជា​ឧទាហរណ៍​ពួកគេ​អាច​ញ៉ាំ​បានល្អ ហាត់ប្រាណ​ច្រើន និង​ជក់បារី​តិចជាង​អ្នក​មានគំនិត​ទុទិដ្ឋិនិយម ហើយ​បានធ្វើ​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​ពេលវេលា​ដោយ​មិន​ងាក​ទៅរក​ឥរិយាបទ​មិនល្អ​ផ្សេងៗ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ខណៈពេលដែល​ការសិក្សា​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​បាន​ផ្សារភ្ជាប់​ភាព​តានតឹង និង​ភាពមិន​ស្រួល​នៃ​អារម្មណ៍​ទៅនឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង លទ្ធផល​នៃ​ការសិក្សា​បាន​ផ្តល់នូវ​ភស្តុតាង​ថ្មី​ដែល​បង្ហាញថា ទស្សនៈ​របស់​មនុស្ស​ចំពោះ​ជីវិត​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ផងដែរ​។ គំនិត​សុទិដ្ឋិនិយម ត្រូវបាន​ភ្ជាប់​ទៅនឹង​ការ​បាន​ពិន្ទុ​ល្អ​ក្នុងពេល​សិក្សា និង​ការបំពេញ​ការងារ​បាន​ល្អ ទំនាក់ទំនង​ល្អ​ក្នុងសង្គម ព្រមទាំង​ការលេង​កីឡា​ផងដែរ​។​

​យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត Jeff Huffman ប្រធាន​កម្មវិធី​ស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៃ​បេះដូង​នៅ​រដ្ឋ​ម៉ា​សាជូ​សេត សហរដ្ឋអាមេរិក​បាន​និយាយថា វា​ក៏​មិន​ច្បាស់​ដែរ​ថា​តើ​សុទិដ្ឋិនិយម​គឺជា​លក្ខណៈ​ដែល​មនុស្ស​អាច​ផ្លាស់ប្តូរ​ដើម្បី​ពង្រឹង​សុខភាព​បេះដូង ឬ​វា​ជា​អ្វី​ដែលមាន​តាំងពី​កើតមក ហើយ​មិនអាច​ផ្លាស់ប្តូរ​បាន​។​

​ផ្ទុយទៅវិញ ភាព​ទុទិដ្ឋិនិយម​មិន​ត្រឹមតែ​អាច​បង្ក​ជម្ងឺ​បេះដូង​នោះទេ វា​ក៏​ជះឥទ្ធិពល​ដល់​រាងកាយ​មនុស្ស ដោយ​បង្កើន​ការ​រលាក ធ្វើឱ្យ​ងាយ​នឹង​វិ​វត្ត​ទៅជា​បញ្ហា​មិន​ប្រក្រតី​នៃ​ការរំលាយ​អាហារ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន​យ៉ាង​ឆាប់រហ័ស​៕

© រក្សាសិទ្ធិដោយ thmeythmey.com