នឹក​ដល់​គ្រូ​មតេយ្យ និង​គ្រូ​បឋម ផង​!
គំនិតមួយ
ជាតិ
សង្គមជាតិ
នឹក​ដល់​គ្រូ​មតេយ្យ និង​គ្រូ​បឋម ផង​!
05, Oct 2019 , 4:13 pm        
រូបភាព
សិស្សស្រី​នៅ​សាលាបឋមសិក្សាមួយនៅ​កំពង់ឆ្នាំង លេងលោតអន្ទាក់ពេល​ចេញលេង។ រូបនេះថតដោយ AFP កាលពីឆ្នាំ​២០១៨
សិស្សស្រី​នៅ​សាលាបឋមសិក្សាមួយនៅ​កំពង់ឆ្នាំង លេងលោតអន្ទាក់ពេល​ចេញលេង។ រូបនេះថតដោយ AFP កាលពីឆ្នាំ​២០១៨
​សិស្ស​ទូទៅ មាន​អនុស្សាវរីយ៍​ដ៏​ចងចាំ​បំផុត​ជាមួយ​គ្រូបង្រៀន គឺ​នៅពេលដែល​ពួកគេ​រៀន​នៅ​កម្រិត​អនុវិទ្យាល័យ វិទ្យាល័យ និង​ជាពិសេស​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​ចងចាំ​ស្រពិចស្រពិល ឬ​ភ្លេច​ទាំងស្រុង នៅ​ដែល​ពួកគេ​រៀន​ចាប់ផ្តើម​ជីវិត​សិក្សា​ជាមួយ​គ្រូបង្រៀន​ថ្នាក់​មតេយ្យ និង​ថ្នាក់​បឋម​។​

 
«​ទិវា​គ្រូបង្រៀន​» ជា​ឱកាស​នៃ​រំលឹក​គុណ​ដល់​គ្រូ​ទូទៅ​ចំពោះ​ការលះបង់​ដ៏​ធំធេង​របស់​ពួកគាត់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ ប៉ុន្តែ​ជញ្ជីង​នៃ​សេចក្តីស្រឡាញ់​របស់​សិស្ស ហាក់ដូចជា​ថ្លឹង​មិន​ស្មើគ្នា​ទាល់តែសោះ​។ បើ​ឲ្យ​បណ្តា​សិស្ស​ងើយ​ឡើងលើ​សញ្ជឹងគិត ឬ​បិទ​ភ្នែក​មួយសន្ទុះ​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ដ៏​ចងចាំ​ជាមួយ​គ្រូបង្រៀន ភាគច្រើន​ច្បាស់​ជា​នឹកឃើញ​ដល់​គ្រូ​ដែល​ធ្លាប់​បណ្តុះ​ពួកគេ​នៅ​អនុវិទ្យាល័យ វិទ្យាល័យ ឬ​មហាវិទ្យាល័យ​។ ជា​រឿង​ដ៏​កម្រ សម្រាប់​សិស្ស​ដែល​នឹកឃើញ គ្រូ​មតេយ្យ ឬ​គ្រូ​បឋម​ដែល​ចាប់ដៃ​ពួកគេ​ឲ្យ​រៀន​សំពះ ឬ​កាន់​ខ្មៅ​ដៃ​ជា​លើកដំបូង​។​
 
​តាមពិតទៅ គ្មាន​អ្វីដែល​ត្រូវ​បន្ទោស ឬ​ទាមទារ​យុត្តិធម៌​នោះឡើយ ពីព្រោះ​ដំណាក់​កាលដែល​សិស្ស​រៀន​នៅ​ថ្នាក់​មតេយ្យ ឬ​បឋមសិក្សា ពួកគេ​បាន​បង្កើត​អនុស្សាវរីយ៍​ដោយផ្ទាល់​តិចតួច​បំផុត​ជាមួយ​គ្រូបង្រៀន ហើយ​វា​ក៏​ពិបាក​ផងដែរ​សម្រាប់​ពួកគេ​ក្នុងការ​ចងចាំ​រឿងរ៉ាវ​ពី​កុមារភាព បន្ទាប់ពី​មាន​វិវត្តន៍​អាយុកាល និង​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​ច្រើន​ជា​បន្តបន្ទាប់​ក្នុង​ឆាកជីវិត​។​
 

សិស្សម្នាក់ឡើង​សរសេរអក្សរ​នា​ការបង្រៀន​នៅ​សាលាបឋមសិក្សាមួយនៅកំពង់ឆ្នាំង។ រូបថត AFP

សិស្ស​ខ្លះ​អាច​រំលង​កម្រិត​មតេយ្យ​សិក្សា ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ឆ្លងកាត់​កម្រិត​បឋម​សិ​ស្សា​នៅ​ថ្នាក់​ទី​១ ថ្នាក់​ទី​២ និង​កម្រិត​បន្ត​បន្តា​ប់​។ តើ​លោកគ្រូ ឬ​អ្នកគ្រូ រូប​ណា ដែល​បង្រៀន​ឲ្យ​អ្នកចេះ​សរសេរ​អក្សរ លេខនព្វន្ត ដំបូង​គេ​បំផុត​? សិស្ស​ខ្លះ​នឹកឃើញ ខណៈ​សិស្ស​ខ្លះ​បាន​ភ្លេច​ទាំងស្រុង​។​
 
​នា​សម័យកាល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញ​មានការ​រៀបចំ​ជំនួប​ដ៏​គួរ​ឲ្យ​កត់សម្គាល់​រវាង​អតីត​មិត្ត​ដែល​ធ្លា​ប់រៀន​ជាមួយគ្នា​នៅ​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ប៉ុន្តែ​អាច​មិនមាន ឬ​មាន​តិចតួច​ចំពោះ​ការជួប​ជុំគ្នា​រវាង​អតីត​មិត្ត​រួម​ថ្នាក់បឋមសិក្សា ដោយសារ​គម្លាត​នៃ​ទំនាក់ទំនង និង​ទីតាំង​រស់នៅ​ឆ្ងាយ​ពីគ្នា​។​
 
​ជាទូទៅ ការរៀបចំ​សង្ក្រាន្ត​តាម​ទីតាំង​សិក្សា​នា​អំឡុង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ដែល​ធ្វើតាម​លំនាំ «​អង្គរ​សង្ក្រាន្ត​» ផ្តល់ឱកាស​ដល់​សិស្ស​ជួបជុំគ្នា និង​បង្ហាញ​ការគោរព​ដឹងគុណ​ចំពោះ​គ្រូបង្រៀន​។ «​សង្ក្រាន្ត​មតេយ្យ​សិក្សា​»? «​សង្ក្រាន្ត​បឋមសិក្សា​»? ពិតជា​ពិសេស​ណាស់ ប្រសិនបើ​មានការ​រៀបចំ​បែបនេះ ប៉ុន្តែ​មិន​ងាយ​កើតឡើង​នោះឡើយ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន បាននាំគ្នា​ផ្តួចផ្តើម​រៀបចំ​ការជួបជុំ ដូចជា ទិវា​រំលឹក​គុណគ្រូ សង្ក្រាន្ត​វិទ្យាល័យ ឬ​សង្ក្រាន្ត​មហាវិទ្យាល័យ​។ គ្រូ​ថ្នាក់​មតេយ្យ ឬ​បឋម មួយចំនួន ក៏មាន​សំណាង បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំងនោះ​ផងដែរ​៕
 

Tag:
 អប់រំ
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com