សុខភាព
អន្តរជាតិ
អត្ថប្រយោជន៍​ទាំង​៥​នៃ​រុក្ខជាតិ​ក្រវាញ​ចំពោះ​សុខភាព​
05, Oct 2019 , 5:49 pm        
រូបភាព
​រុក្ខជាតិ​ក្រវាញ​ត្រូវបាន​គេ​រកឃើញថា មាន​ដើមកំណើត​ដំបូង​នៅក្នុង​ទឹកដី​ឥណ្ឌា​។ សព្វថ្ងៃ​វា​បានជា​រុក្ខជាតិ​មួយ​ដែលមាន​វត្ត​មាននៅ​លើទឹក​ដី​នៃ​ប្រទេស​ជាច្រើន​ទៀត​។ គ្រាប់ និង​ប្រេង​របស់​រុក្ខជាតិ​ក្រវាញ ឬ Cardamom ជា​ភាសា​អង់គ្លេស ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល ឬ​សម្រាប់​ថែរក្សា​សុខភាព​អស់​រយៈពេល​ជាច្រើន​សតវត្ស​ន៍​ណាស់​មកហើយ​។



​ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​រុក្ខជាតិ​ក្រវាញ ដកស្រង់​ចេញពី​គេហទំព័រ​សុខភាព Heathline ។

​ទី​១៖ សម្រួល​សម្ពាធ​ឈាម​
​ក្រវាញ​អាចជួយ​សម្រួល​សម្ពាធ​ឈាម​មនុស្សពេញវ័យ​មួយចំនួន​ជាមួយនឹង​សារធាតុ អង់​ទី​អុកស៊ីដ​ង់​។ ការសិក្សា​មួយ ធ្វើ​ឡើងលើ​មនុស្ស​វ័យ​ចំណាស់​ចំនួន​២០​នាក់​ដែលមាន​ជំងឺលើសឈាម ពួកគេ​ម្នាក់ៗ​ត្រូវបាន​អ្នកជំនាញ តម្រូវ​ឲ្យ​បរិភោគ​ម្សៅ​ក្រវាញ​ចំនួន​៣​ក្រាម​ក្នុង​មួយថ្ងៃ​។ ក្រោយ​
​រយៈពេល​១២​សប្តាហ៍ សម្ពាធ​ឈាម​របស់​ពួកគេ​បាន​វិល​មក​កម្រិត​មួយ​សមស្រប និង​បរិមាណ​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ខ្លួន​កើនឡើង​។

​ទី​២៖ អាចមាន​ផ្ទុក​សារធាតុ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​
​ការសិក្សា​មួយ​នៅក្នុង​សត្វ​កណ្តុរ​បាន​បង្ហាញថា ម្សៅ​ក្រវាញ​បាន​ទៅ​ជួយ​ជំរុញ​សមាសធាតុ​
​អង់ស៊ីម​មួយចំនួន​ដែលមាន​នាទី​ប្រយុទ្ធ​ប្រឆាំងនឹង​កោសិកា​មហារីក​។ ម្យ៉ាងវិញទៀត វា​មាន​នាទី​ក្នុងការ​ជម្រុញ​សមត្ថភាព​កោសិកា​ការពារ​រា​ង្គ​កាយ​ក្នុងការ​ប្រយុទ្ធ​នឹង​ដុំ​សាច់​មហារីក​ដែរ​។

​ទី​៣៖ ការពារ​ជំងឺ​រ៉ាំរ៉ៃ​
​ក្រវាញ​មាន​សមាសធាតុ​មួយចំនួន​ដែល​ការពារ និង​បង្ការ​រាងកាយ​ពី​ការ​រលាក ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​ការថែរក្សា​កោសិកា​របស់​មនុស្ស​។ ការសិក្សា​មួយទៀត​ដែល​ធ្វើ​ឡើយ​លើស​ត្វ​កណ្តុរ​ដដែល​គឺ រុក្ខជាតិ​ក្រវាញ​ជួយ​កាត់បន្ថយ​ការ​រលាក​លើ​កោសិកា​ថ្លើម នៅពេលដែល​របប​អាហារ​របស់​សត្វ​កណ្តុរ​ទាំងនោះ​ពោរពេញ​ទៅដោយ​ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​។

​ទី​៤៖ ជួយ​រំលាយ​អាហារ​
​បន្ថែម​ពីលើ​ជួយ​សម្រួល​អារម្មណ៍​វិលមុខ ឬ​ចង់​ក្អួត ក្រវាញ​ក៏បាន​សមត្ថភាព​ក្នុងការ​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​មួយចំនួន​ផងដែរ​។ ការសិក្សា​លើស​ត្វ​កណ្តុរ​ពីរ​ក្រុម​ដែល​ទទួល​ថ្នាំ Aspirin ដូចគ្នា ដែល​ក្រុម​ទីមួយ​បានទទួល​របប​រុក្ខជាតិ​ក្រវាញ​បន្ថែម និង​ក្រុមទី​ពីរ​មិនបាន​ទទួល​របប​រុក្ខជាតិ​ក្រវាញ​នោះទេ​បង្ហាញថា ក្រុម​កណ្តុរ​ដែល​ទទួល​ទាន​ក្រវាញ មាន​ភាគរយ​កើត​ជំងឺ​រំលាយ​អាហារ​តិច​ជា​កណ្តុរ​ដែល​មិនបាន​ទទួល​របប​រុក្ខជាតិ​ក្រវាញ​។

​ទី​៥៖ កាត់បន្ថយ​ក្លិន​មាត់ និង​ការពុក​ធ្មេញ​
​ក្រវាញ ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​មនុស្ស​ប្រើប្រាស់​សម្រាប់​សម្អាត​ធ្មេញ​អស់​រយៈពេល​រាប់រយឆ្នាំ​មកហើយ​។ វា​មាន​សមាសធាតុ​ដែល​អាច​ទៅ​ប្រយុទ្ធប្រឆាំង​មួយ​នឹង​បាក់តេរី​មួយចំនួន​ដែល​រស់នៅក្នុង​មាត់ និង​បង្ក​ជំងឺ​ពុក​ធ្មេញ​។​

​ខណៈ​ការសិក្សា​មួយចំនួន​ខាងលើ​ត្រូវបាន​គេ​ពិសោធ​តែ​នៅលើ​សត្វ​កណ្តុរ​ក៏ពិតមែន គេ​មិនអាច​ទាញយក​ការសន្និដ្ឋាន​មួយ​ច្បាស់លាស់​ថា វា​នឹង​ឥទ្ធិពល​វិជ្ជមាន​នៅលើ​រាងកាយ​មនុស្ស​ដែរនោះ​ទេ​។ តែដោយសារ​តែ​សត្វ​កណ្តុរ​ជា​ប្រភេទ​ថនិកសត្វ ដែលមាន​ប្រព័ន្ធ​រា​ង្គ​កាយ​ស្រដៀង​គ្នា​ទៅនឹង​មនុស្ស​ដែរនោះ លទ្ធផល​មួយចំនួន​ដែល​បាន​កើតឡើង​ក្នុង​សត្វ​កណ្តុរ ក៏​អាច​កើត​ឡើងលើ​ខ្លួនប្រាណ​មនុស្ស​បានដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com