ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ស្រ៊ា​ត មុំ​សុភា តស៊ូ​ពី​បុគ្គលិក​ធម្មតា​រហូត​ក្លាយជា​សហគ្រិន​ឆ្នើម​នៅ​កម្ពុជា​
06, Oct 2019 , 5:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ស្រ៊ា​ត មុំ​សុភា ដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​ធម្មតា​ម្នាក់ ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រី​បានក្លាយ​ជា​អ្នកជំនួញ​លេចធ្លោ​ម្នាក់ ដែល​បាន​ក្តោប​ក្តាប់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ និង​ហាង​ស្ប៉ា​៣​សាខា​នៅ​ភ្នំពេញ​។ បើតាម​ស្ត្រី​អ្នក​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ទម្រាំ​ទទួលបាន​ជោគជ័យ​មកដល់​បច្ចុប្បន្ន អ្នកស្រី​បាន​ហែល​ឆ្លង​រឿងរ៉ាវ​លំបាក​ជាច្រើន​។ ប៉ុន្តែ​ឱកាស​ធ្វើការ​ជានា​រី​អាកាសចរណ៍​អស់​រយៈពេល​ឆ្នាំ​២ បានធ្វើ​ឲ្យ​អ្នកស្រី​អាច​សន្សំ​ទុន និង​ស្វែងយល់​ពី​វិស័យ​ទេសចរណ៍​បាន​យ៉ាង​ទូលំទូលាយ រហូត​មានលទ្ធភាព​បើក​ក្រុមហ៊ុន​ទេសចរណ៍​ដែល​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃ​។ 



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ដូចតទៅ​៖




​អ្នកស្រី ស្រ៊ា​ត មុំ​សុភា ត្រូវបាន​មជ្ឈដ្ឋាន​អ្នកជំនួញ​ចាត់ទុកថា ជា​សហគ្រិន​ជើង​ខ្លាំង​មួយរូប​ដែល​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន​ត្រឹម​ដើមទុន​២​ពាន់​ដុល្លារ និង​មាន​បុគ្គលិក​តែ​៣​នាក់ រហូត​មាន​បុគ្គលិក​លើស​៥០​នាក់ និង​អាចឈរជើង​ក្នុង​ផ្សារ​យ៉ាងរឹងមាំ​អស់​រយៈពេល​ជាង​១​ទសវត្ស៍​។ អ្នកស្រី​ជា​ប្រធាន​ក្រុមហ៊ុន SOPHIYA Travel & Tour ដែលមាន​ការិយាល័យ​ស​ហ​ការ​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក និង​ជា​ស្ថាបនិក​ហាង​ស្ប៉ា​យីហោ U & ME ដែលមាន​សាខា​ចំនួន​៣​នៅ​ភ្នំពេញ​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​សុ​ហ្វី​យ៉ា ក្នុង​សង្កាត់​បឹង​កេង​កេង​១ ខណ្ឌចំការមន អ្នកស្រី ស្រ៊ា​ត មុំ​សុភា បាន​អះអាងថា មុន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មកដល់​បច្ចុប្បន្ន អ្នកស្រី​បាន​ជម្នះ​ឧបសគ្គ​ជាច្រើន​។



​អ្នកស្រី​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​កាលនោះ ខ្ញុំ​ជួល​Office មួយខែ​១៥០​ដុល្លារ ទិញ​កុំព្យូទ័រ​២​គ្រឿង មួយគ្រឿង​តម្លៃ​ប្រហែល​ជាង​២០០​ដុល្លារ មាន​ម៉ាស៊ីន​ព្រី​ន តុ ទូ កៅ ប្រហែល​អស់​ជាង​១​ពាន់​ដុល្លារ​។ លុយ​ហ្នឹង យើង​បង្វិល​លុយ​ចុះឡើង​ជាង​២​ពាន់​ដុល្លារ ព្រោះ​ធម្មតា ទិញ​សំបុត្រ​យន្តហោះ គេ​ទិញ​ឲ្យ​យើង​សល់​លុយ​ចំណេញ លក់​សំបុត្រ​ឡាន សំបុត្រ​ទូក ធ្វើ​វី​សា លិខិតឆ្លងដែន ពោល​វា​ជា​សេវាកម្ម​។ កាលនោះ បើ​ខ្ញុំ​ជឿ​មិត្តភក្តិ ក៏​ខ្ញុំ​អត់​មាន​ថ្ងៃ​ហ្នឹង​ដែរ​។ ពេលធ្វើការ​លើ​យន្តហោះ​មាន​មិត្តភក្តិ​ច្រើន​។ ខ្ញុំ​បាន​សួរ​យោបល់​មនុស្ស​បី​បួន​នាក់ ថា ខ្ញុំ​ចង់​បើក​ក្រុមហ៊ុន​រកស៊ី​ខ្លួនឯង​។ តែ​ពួកគេ​ថា បើក​ធ្វើ​អី គេ​បិទ​ចង់​អស់ហើយ​។ សម័យ​ហ្នឹង កើត​ជំងឺផ្តាសាយបក្សី អ្នកទេសចរ​ធ្លាក់ចុះ​មែន​។ អ៊ីចឹង​ជា​កាលៈទេសៈ​មួយ ដែល​Business វា Down​។ តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា យើង​មាន​ដើមទុន​តិច ពេល​ខាត​ក៏​តិច​ដែរ​។ តែបើ​យើង​អត់​ដែល​ចាប់ផ្តើម ប្រហែលជា​អត់​រហូត​។ ហើយ​បើ​ចាំ​តិច​ទៀត លុយ​ប៉ុណ្ណឹង​ក៏​ធ្វើ​អី​អត់​កើត​ដែរ​»​។​
 
​តាមពិតទៅ ការរកស៊ី​មិនមែនជា​បំណង​របស់​សុភា​នោះទេ ប៉ុន្តែ នាង​មានបំណង​ធ្វើការ​ក្នុង​ធនាគារ​។ ជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​៣​នាក់​ក្នុង​គ្រួសារ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ សុភា​បាន​ចាក​ចេញពី​ស្រុកកំណើត មក​ជ្រកកោន​ជាមួយ​បងប្អូន​ជីដូនមួយ​នៅ​ភ្នំពេញ ក្រោយពី​ម្តាយ​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ឪពុក​។​

​បន្ទាប់ពី​រៀន​ចប់​បាក់​ឌុប​នៅ​ភ្នំពេញ សុភា ដែលមាន​រូប​សម្ផស្ស​ស្រស់ស្អាត​ផង​នោះ បាន​ស្រឡាញ់ និង​ចាប់ចិត្ត​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ហើយ​នាង​បាន​រៀន​ជំនាញ​នេះ​រហូត​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញា​ផងដែរ​។​

​ទន្ទឹមនឹង​ការសិក្សា​បរិញ្ញាបត្រ​ក្នុង​គ្រា​ដែល​ជីវភាព​មានការ​លំបាក​ផង នាង​បាន​ដើរ​ដាក់ពាក្យ​ធ្វើការ​ចំនួន​៥០​លើក ទើប​ទទួលបាន​ការងា​រ​ដំបូង ផ្នែក​រដ្ឋបាល​នៅ​រោងចក្រ​កាត់ដេរ​មួយ​។ ប៉ុន្តែ​នាង​បោះបង់​ការងារ​នេះ ដោយ​ស្រវា​ការងារ​ថ្មី​នៅ​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង​។ បន្ទាប់មក នាង​ប្រឡង​ជាប់​ការងារ​ជា​នារី​អាកាសចរណ៍ ដែល​នាង​មិនដែល​នឹក​ស្រមៃ​ទាល់តែសោះ​។    

​ការងារ​ជានា​រី​អាកាសចរណ៍ ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​សន្សំ​ទុន និង​បង្កើត​បណ្តាញ​

​បើតាម​អ្នកស្រី ស្រ៊ា​ត មុំ​សុភា ការដាក់​ពាក្យ​ចូលធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ក៏​ព្រោះតែ​អ្នកស្រី​ចង់​បំពេញ​បំណង​បងស្រី​របស់ខ្លួន ដែល​កាលនោះ​បានដាក់​ពាក្យ​ធ្វើការ​នេះ​ជា​ញឹកញាប់ តែ​មិនបាន​ជាប់​។  ទោះយ៉ាងណា ការងារ​ជានា​រី​អាកាសចរណ៍​រយៈពេល​២​ឆ្នាំ​នេះហើយ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកស្រី​អាច​សន្សំ​ទុន និង​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាច្រើន ព្រមទាំង​បាន​ស្វែងយល់​ពី​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​យ៉ាង​ទូលំទូលាយ​។​



​អ្នកស្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះ​ខ្ញុំ​អត់​ដែល​ស្រមៃ និង​អត់​ដែល​គិត​មែន តែ​ពេល​ប្រឡង​ជាប់ រំភើប​ដែរ​ណា ដោយបាន​ឆ្លងកាត់​ការសម្ភាស និង​ធ្វើតេស្ត​តឹងរឹង​ខ្លាំង ព្រោះ​ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែរ​។ គេ​សម្ភាស ថ្លឹង​គីឡូ ពិនិត្យ​ស្បែក មិនមែន​តែ​សម្ផស្ស​ស្អាត​តែមួយ​មុខ​នោះទេ​។ កាលណា​យើង​មាន​សម្លាក​ធំ​ពេក យើង​ធ្វើការ​លើ​អាកាស​អត់​កើត​ទេ ហើយ​វា​មាន​ភាពមិន​ល្អមើល​ដែរ វា​អត់​ស្អាត​។ ហើយ​គេ​ធ្វើតេស្ត​ជា​ភាសា​អង់គ្លេស និង​ភាព​វៃឆ្លាត ព្រោះ ការងារ​ជានា​រី​អាកាសចរណ៍​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​។ បន្ទាប់ពី​ជាប់​ហើយ គេ​បញ្ជូន​ខ្ញុំ​ទៅ​រៀន​នៅ​ប្រទេស​ថៃ​៣​ខែ ទើប​ចេញមក​ធ្វើ​ការងារ​។ ខ្ញុំ​ចាប់ផ្តើម​យល់​ពី​តម្លៃ​នៃ​ការងារ​ហ្នឹង​ច្បាស់​ជាង​មុន មាន​កម្លាំងចិត្ត និង​ទឹកចិត្ត​ជាង​មុន ព្រោះ​ទីមួយ​៖ ប្រាក់ខែ​ក៏​ខ្ពស់ ទី​ពីរ​៖​ការងារ​ល្អ ទី​បី​៖​យើង​ចាប់ផ្តើម​អភិវឌ្ឍន៍​ខ្លួនឯង មើលឃើញ​ពិភពលោក​ទូលំទូលាយ​ជាង​មុន ចំណេះដឹង​យើង​ក៏​កើន​ជាង​មុន ភាព​ទំនាក់​ទង​ជាមួយ​មនុស្ស​ក៏​ល្អ​ជាង​មុន​។ ហើយ​វា​បាន​ជំរុញ​ទឹកចិត្ត​នៃ​ក្តី​ស្រមៃ​កាល​ខ្ញុំ​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ទេសចរណ៍ ថា​ថ្ងៃ​ណាមួយ បើ​ខ្ញុំ​មានលទ្ធភាព ខ្ញុំ​នឹង​បើក​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ដោយ​ខ្លួនឯង​»​។​
 
​នៅក្នុង​ឆ្នាំ​២០០៥ អ្នកស្រី ស្រ៊ា​ត មុំ​សុភា ក៏បាន​ធ្វើការ​លើ​យន្តហោះ​បណ្តើរ និង​បាន​បង្កើត​ក្រុមហ៊ុន​សុ​ហ្វី​យ៉ា​ដោយ​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន អ្នកស្រី​បាន​ពង្រីក​ក្រុមហ៊ុន​ទេសចរណ៍​របស់ខ្លួន ដែល​ចាប់ផ្តើម​ពី​ដើមទុន​ដ៏​ស្តួចស្តើង រហូត​មាន​ការិយាល័យ​សហការ ជាច្រើន​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ក្រៅពី​ក្តោប​ក្តាប់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​ហើយ​នោះ ស្ត្រី​កូន​មួយរូប​នេះ ក៏​ជា​ស្ថាបនិក​ហាង​ស្ប៉ា U & ME ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨ ហើយ​មកដល់​សព្វថ្ងៃនេះ មាន​សាខា​ចំនួន​៣​នៅ​ភ្នំពេញ និង​មាន​ប្រាក់ចំណេញ​ក្រាស់ក្រែល​ដែរ​។ 

​ជា​ជំ​ហ៊ានៗ ក្រៅពី​មាន​ជំនួញ​ក្នុង​ដៃ​ហើយ​នោះ អ្នកស្រី ស្រ៊ា​ត មុំ​សុភា ដែលមាន​វ័យ​៣៧​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា ជា​សហគ្រិន​ស្ត្រី​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់ តាមរយៈ​ការ​កាន់តំណែង​សំខាន់ៗ​មួយចំនួន​។ អ្នកស្រី​ជា​អនុប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែលមាន​សមាជិក​៥០០​ក្រុមហ៊ុន ជា​តំណាង​បណ្តាញ​សហគ្រិន​ស្ត្រី​ប្រចាំ​តំបន់​អាស៊ាន​(AWEN) និង​ចុង​ក្រោយនេះ​អ្នកស្រី​ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកជំនួញ​ស្ត្រី​ទាំង​១២​នាក់ ដែល​ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ការពង្រឹង​អំណាច​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា នៅ​សហរដ្ឋអាមេរិក ព្រមទាំង​បាន​ចូលរួមចំណែក​ជួយ​សង្គម​ជាច្រើន រហូត​ទទួលបាន​ងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ​នៅក្នុង​ឆ្នាំ​២០១៤​ទៀតផង​។ 



​ចង់​ក្លាយជា​សហគ្រិន​ជោគជ័យ បើ​មានឱកាស ត្រូវ​ហ៊ាន​សម្រេចចិត្ត​ធ្វើ​វា​

​ក្រោយ​ប្រឡូក​ក្នុង​មុខ​ជំនួញ​ជាង​១​ទសវត្ស៍ អ្នកស្រី ស្រ៊ា​ត មុំ​សុភា បាន​អះអាងថា ភាពជោគជ័យ​របស់ខ្លួន​បានមកពី​ការចាប់​ឱកាស និង​ភាពក្លាហាន​ក្នុងការ​សម្រេចចិត្ត​លើ​កិច្ចការ​នានា​។ បើតាម​សហគ្រិន​ស្ត្រី​ដែលមាន​អត្តចរិត​ម៉ត់ចត់ និង​ប៉ិន​វោហារ​រូបនេះ ការ​មាន​ជំហរ​ច្បាស់លាស់ និង​ហ៊ាន​ធ្វើការ​សម្រេច​នេះហើយ ទើប​ជា​ចរិត​របស់​សហគ្រិន​ជោគជ័យ​។ ក្រោយ​បង្កើត​អាជីវកម្ម​ហើយ​នោះ ការ​ដំណើរការ​អាជីវកម្ម​ឲ្យ​មាន​ប្រាក់ចំណេញ និង​ឈរជើង​បាន​រឹងមាំ​ក្នុង​ទីផ្សារ គឺជា​រឿង​ដែល​ចាំបាច់​ដែល​សហគ្រិន​ត្រូវធ្វើ​។ តើ​ធ្វើ​ដូចម្តេច​?  
​អ្នកស្រី ស្រ៊ា​ត មុំ​សុភា ពន្យល់​បន្ថែម​៖ «​ត្រូវមាន​ការអភិវឌ្ឍ​ន៍​ខ្លួនឯង​ជាប្រចាំ​។ ដូច​យើង​ធ្វើ​ការងារ គឺ​យើង​កំពុង​ដុះខាត់​ខ្លួនឯង និង​បង្កើត​ទំនាក់ទំនង​។ នៅក្នុង​វិស័យ​ទេសចរណ៍ យើង​មិន​ត្រឹមតែ​ទំនាក់ទំនង​នៅក្នុង​ប្រទេស​ទេ គឺ​នៅក្រៅ​ប្រទេស​ទៀត​។ ហើយ​មិនមែន​តែ​លើ​វិស័យ​ឯកជន​តែមួយ​នោះទេ ត្រូវ​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រដ្ឋាភិបាល និង​សង្គមជាតិ​ទៀត មានន័យថា ត្រូវ​ចូលរួមចំណែក​ត្រឡប់​ទៅ​សង្គម​វិញ​។ បុគ្គលិក​របស់​យើង និង​ថ្នាក់​គ្រប់គ្រង សមត្ថភាព​របស់គាត់​ត្រូវតែ​អភិវឌ្ឍន៍​ប្រចាំ​ដែរ​។ មួយទៀត ត្រូវ​ដើរ​ឲ្យ​ទាន់​សម័យកាល ដើរ​ឲ្យ​ទាន់​ព័ត៌មាន​សព្វថ្ងៃ និង​មានការ​បន់​បែន​។ សម្រាប់​ខ្ញុំ ខ្ញុំ​ឲ្យ​និយមន័យ ភាពជោគជ័យ​នៃ​អាជីវកម្ម គឺជា​អា​ជី​កម្ម​កើតមក​ហើយ ទោះ​យឺត​យ៉ាងណា តែ​អាច​ឈរលើ​ទីផ្សារ​បាន​មិន​ថា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​»​។​

​ក្រៅពី​ចង់​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​មានឈ្មោះ​បោះ​សំឡេង​ត​ជំនាន់ អ្នកស្រី ស្រ៊ា​ត មុំ​សុភា គ្រោង​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ ដូចជា សណ្ឋាគារ និង​រមណីយដ្ឋាន​ជាដើម​៕                     

Tag:
 ស្រ៊ា​ត មុំ​សុភា​
 ​នារី​អាកាសចរណ៍​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com