កណ្តុរ​៖ សត្វ​ដែល​បូជាជីវិត​សម្រាប់​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​សង្គ្រោះ​ជីវិត​មនុស្ស​
អន្តរជាតិ
កណ្តុរ​៖ សត្វ​ដែល​បូជាជីវិត​សម្រាប់​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​សង្គ្រោះ​ជីវិត​មនុស្ស​
06, Oct 2019 , 8:39 pm        
រូបភាព
​សត្វ​កណ្តុរ​ភាគច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ការរស់នៅ​របស់​មនុស្ស​។ វា​ជាស​ត្វ​មួយ​ដែល​អាច​ចម្លងជំងឺ ឬ​បំផ្លាញ​ផលដំណាំ​និង​របស់​ប្រើប្រាស់​ទៀតផង​។ ប៉ុន្តែ​សត្វ​កណ្តុរ​បាន​ជួយ​ជីវិត​មនុស្ស ដោយសារ​ការសិក្សា​ស្រាវជ្រាវ​អំពី​ជីវវិទ្យា​ក្នុង មន្ទីរពេទ្យ និង​សកល​វិទ្យាល័យ​នានា​នៅក្នុង​ពិភពលោក​។



​គេហទំព័រ Smithsonian Mag បាន​បញ្ជាក់ថា កាលពី​ជាង​២០​ឆ្នាំមុន និស្សិត​ពេទ្យ​ពីររូប​មកពី​សកលវិទ្យា​ល័យ Harvard បាន​បណ្តុះ​ត្រចៀក​មនុស្ស​ម្ខាង​នៅលើ​ខ្នង​របស់​សត្វ​កណ្តុរ​មួយ​ប្រភេទ​ក្នុង​មន្ទីរពិសោធន៍​ដោយ​ជោគជ័យ​។​

 ជាធម្មតា​គេ​អាច​ប្រើប្រាស់​បច្ចេកទេស​មួយ​នេះ​ក្នុងការ​បណ្តុះ​សរីរាង្គ​មនុស្ស​សាមញ្ញ​ផ្សេងៗ​ទៀត ដែល​បាន​ខូ​ត​ខាត​ដោយ​ប្រការ​ណាមួយ ជាជាង​ការប្រើប្រាស់​សរីរាង្គ​សិប្បនិម្មិត​។ ការប្រើប្រាស់​កណ្តុរ​សម្រាប់​ពិសោធន៍​ត្រូវបាន​គេ​ធ្វើឡើង​តាំងពី​អំឡុង​ឆ្នាំ​១៨៥០​មកម្ល៉េះ​។​

 «Lab Rats» ឬ «Mus Musculus» គឺជា​សត្វ​កណ្តុរ​មួយ​ប្រភេទ​ដែល​គេ​ប្រើប្រាស់​នៅក្នុង​សកម្មភាព​វេជ្ជសាស្ត្រ​ទាំងនោះ ដោយសារតែ​លក្ខណៈ​ជីវសាស្ត្រ​របស់​ពួកវា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​មនុស្ស​។ គេ​ប្រើប្រាស់​វា​សម្រាប់​ការពិសោធន៍​ថ្នាំ​វ៉ាក់សាំង ថ្នាំពេទ្យ ឬ សកម្មភាព​វះកាត់​នានា​។​

 លើសពីនេះទៅទៀត កណ្តុរ​អាច​បន្ត​ពូជ​បាន​លឿន ឆាប់រហ័ស វា​រស់នៅ​ជា​ក្រុម​ដែលមាន​ការប្រាស្រ័យ​ទាក់ទង ហើយ​វា​ជា​សត្វ​មួយ​ដែល​ស៊ី​អាហារ​សឹងតែ​គ្រប់​ប្រភេទ​។ ក្រៅពីនេះ គេ​ក៏បាន​ប្រើ​សត្វ​ឆ្មា ឬ​សត្វ​ឆ្កែ​ក្នុងការ​ពិសោធន៍​មួយចំនួន​ផងដែរ​។​

 បើទោះបីជា​យ៉ាងនេះ​មែន ស្ថាប័ន​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​មួយចំនួន​បាន​បង្កើត​លំនាំ​ក្នុងការ​ការពារ​សត្វ​មួយ​នេះ​ពី​ការពិសោធន៍​ហួស​កម្រិត​។ លំនាំ​នេះ​មានដូចជា​ការប្រើប្រាស់​ស​ត្វ​កណ្តុរ​កាន់តែ​តិច​តាមតែ​អាចធ្វើ​បាន ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ជំនួស​សត្វ​កណ្តុ​របើ​អាចធ្វើ​បាន និង​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​មិន​បង្ក​ភាពឈឺចាប់​ខ្លាំង​ដល់​សត្វ​កណ្តុរ​។

​មុននឹង​ថ្នាំពេទ្យ​មួយ​អាច​ចូលទៅក្នុង​ទីផ្សារ​វេជ្ជសាស្ត្រ និង​ទៅកាន់​ប្រជាជន​ទូទៅ​បាន ថ្នាំ​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ការពិសោធន៍​ពីស​ត្វ​កណ្តុរ បន្ទាប់មក​សត្វ​ជ្រូក ឬ​ឆ្កែ និង​សត្វ​ដែល​ធំ​ជាង​នេះ​ដូចជា​សត្វ​ស្វា​ជាដើម មុននឹង​ការធ្វើ​ពិសោធន៍​លើ​មនុស្ស​។ ជាទូទៅ ការពិសោធន៍​អាច​ចំណាយពេល​ពី​១០​ទៅដល់​១៥​ឆ្នាំ​។ គេ​ប៉ាន់​ស្មានថា កណ្តុរ​ជាង​១០០​លាន​ក្បាល​ត្រូវបាន​ស្លាប់​នៅក្នុង​សកម្មភាព​វេជ្ជសាស្ត្រ ឯ​សហរដ្ឋអាមេរិក​ជា​រៀងរាល់ឆ្នាំ​។​

 ទោះបីជា​សត្វ​កណ្តុរ​ជា​សត្វ​ដែល​រំខាន​ការរស់នៅ​របស់​អ្នក​មែន តែ​អ្នក​គួរ​យល់ថា សត្វ​មួយ​នេះ​បាន​ជួយ​ស្រង់​ជីវិត​មនុស្ស​រាប់លាន់​នាក់​នៅក្នុង​ពិភពលោក​ពី​ជំងឺ​។​

 នៅក្នុង​ឆ្នាំ​២០១៣ រូបសំណាក​កណ្តុរ​ត្រូវបាន​គេ​សាងសង់ឡើង​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឯ​ទីក្រុង Novosibirsk ប្រទេស​រុស្សី ដើម្បី​រំលឹក​ដល់​ការបូជា​អាយុជីវិត​របស់​សត្វ​កណ្តុរ​៕

Tag:
 ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com