កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool នាំមុខ Man City ៨​ពិន្ទុ រីឯ Man Utd និង Spurs កាន់តែ​ស្ពឹក​
07, Oct 2019 , 11:24 am        
រូបភាព
Manchester City និង Manchester United រង​ភាពអាម៉ាស់​ធ្ងន់ធ្ងរ​ក្រោយ​បរាជ័យ​រៀងខ្លួន​ក្នុងការ​ប្រកួត Premier League ខណៈ Liverpool នៅតែ​បន្ត​ជ័យជម្នះ​របស់ខ្លួន​ដោយ​ឈរ​នៅ​កំពូល​តារាង​ជាមួយ​ពិន្ទុ​នាំមុខ​គូប្រជែង​ដល់​ទៅ​៨​ពិន្ទុ​។ Everton ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​បន្ទាប់ពី​បរាជ័យ​៥​លើក​ក្នុងចំណោម​៨​ប្រកួត​។​



​ម្ចាស់​ការពារ​តំណែង​ជើងឯក Man City កាន់​តែមាន​គម្លាត​ឆ្ងាយ​ពី Liverpool តាមរយៈ​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង Wolverhampton ក្នុង​លទ្ធផល ២-០ នា​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៨ នៅ​យប់​ថ្ងៃទី​៦ ខែតុលា​។​

​ក្រុម​របស់លោក Pep Guardiola មានការ​គ្រប់គ្រង​បាល់​យ៉ាងច្រើន​លើសលប់ និង​ដាក់​សម្ពាធ​ខ្លាំង​លើ​គូប្រជែង​ប៉ុន្តែ​ពួកគេ​មិនអាច​រក​គ្រាប់​បាល់​បានឡើយ​។ ផ្ទុយទៅវិញ​ក្រុម​ដែល​រង​សម្ពាធ អាច​សម្រេច​គ្រាប់​បាល់​បាន​ដល់ទី​២​គ្រាប់​តាមរយៈ​ការ​វាយបក​។​

​ទាំង​២​គ្រាប់​របស់ Wolves ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Adama Traore នៅ​ចុង​ម៉ោង​នាទី​៨០ និង​៩០ តាមរយៈ​ការបញ្ជូន​បាល់​ពី​ដៃគូ Raul Jimenez ទាំង​ពីរលើក​។
​ហង្ស​ក្រហម​ដែល​យកឈ្នះ Leicester City​ ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ២-១ នៅតែ​រក្សា​ភាព​ឈ្នះ​របស់ខ្លួន​ដដែល​ក្នុងការ​ប្រកួត​ទាំង​៨​លើកចុងក្រោយ​ដោយ​ទទួលបាន​ពិន្ទុ​ពេញ​២៤​ពិន្ទុ នាំមុខ Man City ចំនួន​៨​ពិន្ទុ​។​

​ដោយឡែក​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ច្រើនជាងគេ Man Utd កំពុង​ត្រដាបត្រដួស​ខ្លាំង​មែនទែន​នៅ​រដូវ​កាល​២០១៩-២០​នេះ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ Newcastle United ១-០ និង​ជា​បរាជ័យ​ទី​៣ ក្នុងការ​ប្រកួត​៨​លើក​។ បិសាច​ក្រហម​របស់​បាន​តែ​៩​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១២ ដោយនៅ​ពីលើ​ក​ក្រុម​ត្រូវ​កាត់ចោល​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។​

​នេះ​ជា​រដូវ​កាល​ដ៏​អាក្រក់​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær បើទោះជា​ពួកគេ​នាំចូល​ខ្សែការពារ​ថ្លៃ​បំផុត​លើក​លោក​មកជួយ​ក្រុម​ក៏ដោយ​។​
​សម្រាប់ Everton ដែល​ចំណាយ​ប្រាក់​មិន​ស្ទើរ​ដែរនោះ ក៏​មិនទាន់​បានបង្ហាញ​ទម្រង់​លេង​អ្វី​គួរ​ភ្ញាក់ផ្អើល​ដែរ ហើយ​ថែមទាំង​ខ្ទាត​ចូលទៅ​តំបន់​ត្រូវ​កាត់​ចេញពី​លី​គ​កំពូល​ថែមទៀត ក្រោយ​ចាញ់​ក្រុម Burnley ១-០​។ ឆ្លងកាត់​ការប្រកួត​៨​លើក Everton ឈ្នះ​តែ​២​ប៉ុណ្ណោះ និង​ចាញ់​៥ ស្មើ​១ មាន​៧​ពិន្ទុ ខណៈ Norwich City និង Watford ក៏​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់​ដូចគ្នា​។ Norwich មាន​៦​ពិន្ទុ រីឯ Watford មិនទាន់​ស្គាល់​ឈ្នះ​សោះ មាន​៣​ពិន្ទុ​។​

Arsenal និង Chelsea សុទ្ធតែ​រកបាន​៣​ពិន្ទុ​រៀងខ្លួន​។ កាំភ្លើង​ធំ​បាន​យកឈ្នះ AFC Bournemouth​ តាមរយៈ​ការសម្រេច​ទី​របស់​ខ្សែការពារ​ចំណូល​ថ្មី David Luiz នៅ​នាទី​ទី​៩ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ មាន​១៥​ពិន្ទុ​។

​តោ​ខៀវ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Frank Lampard បាន​ជួយ​ក្រុម​យកឈ្នះ Southampton​ ក្នុង​លទ្ធផល ៤-១ ដែល​នាំ​ពួកគេ​១៤​ពិន្ទុ ឈរ​នៅ​លេខ​រៀ​ងទី៥​បណ្តោះអាសន្ន​៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com