អន្តរជាតិ
អាមេរិក ក្បត់ក្រុមឃើដស៊ីរី? ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយមេដឹកនាំយោធាសំខាន់ៗនៅសេតវិមាន។ រូបភាព AFP
× ការប្រកាសដកទ័ពអាមេរិកចេញពីតំបន់ភាគខាងជើងស៊ីរីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើក្រុមសកម្មជនឃើដខកចិត្តយ៉ាងខ្លាំង ហើយរងការរិះគន់ខ្លាំងទៀតផង។ ការដកទ័ពនេះ ធ្វើឡើងស្របពេលដែតួកគីត្រៀមបើកប្រតិបត្តិការលុកលុយតំបន់ភាគខាងជើងស៊ីរីដើម្បីបោសសម្អាតការគំរាមសន្តិសុខរបស់ខ្លួន។ ច្បាស់ណាស់ថា ក្រុមឃើដស៊ីរីដែលមកពីអម្បូរតែមួយនឹងក្រុមឃើដតួកគី ជាគោលដៅរបស់យោធាក្រុងអង់ការ៉ា។ តើលោក ត្រាំ កំពុងក្បត់ក្រុមឃើដ?
សេតវិមានអាមេរិក នៅថ្ងៃទី៦ ខែតុលា បានប្រកាសដកកងទ័ពពិសេសអាមេរិកប្រមាណ៥០ទៅ១០០នាក់ពីតំបន់ភាគខាងជើងស៊ីរីដែលជាប់ព្រំដែនជាមួយតួកគី។ ការដកទ័ពនេះ ត្រូវបានមើលឃើញថា ជាការផ្ដល់ភ្លើងបៃតងឲ្យទីក្រុងអង់ការ៉ាបើកយុទ្ធនាការយោធាក្នុងទឹកដីស៊ីរីដែលកំពុងគ្រប់គ្រងដោយក្រុមសកម្មជនឃើដ។ ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ប្រកាសពីគម្រោងវាយក្រុមឃើដនេះជាយូរមកហើយ។
កន្លងទៅ យោធាអាមេរិកនៅភាគខាងជើងស៊ីរីនេះ បានដើរតួនាទីទ្រនាប់ខណ្ឌចែករវាងក្រុមឃើដស៊ីរី និងតួកគីដែលត្រៀមតែហាមាត់សង្គ្រប់សកម្មជនមួយក្រុមនេះ។ យោធាអាមេរិក បានផ្ដល់ការហ្វឹកហាត់ និងធ្វើជាទីប្រឹក្សាឲ្យក្រុមឃើដអំឡុងពេលយុទ្ធនាការបោសសម្អាតក្រុមរដ្ឋឥស្លាម។ បើគ្មានក្រុមឃើដទេនោះ ប្រតិបត្តិការកម្ចាត់ក្រុមជ្រុលនិយមនេះ ក៏ទំនងមិនអាចទទួលបានជោគជ័យដែរ។ ប៉ុន្តែភាពខ្លាំងរបស់ក្រុមឃើដ ធ្វើឲ្យតួកគីមិនសប្បាយចិត្ត និងចាត់ទុកជាការគំរាមកំហែងសន្តិសុខ។
ប្រធានាធិបតី ដូណាល់ ត្រាំ រងការរិះគន់យ៉ាងខ្លាំងទាក់ទងការសម្រេចចិត្តបែបនេះ សូម្បីតែសម្ព័ន្ធមិត្តក្នុងស្រុករបស់លោក ក៏មិនពេញចិត្តដែរ ហើយគិតថា លោកកំពុងក្បត់ក្រុមឃើដដែលជួយប្រយុទ្ធក្រុមរដ្ឋឥស្លាមប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាមិញ លោក ត្រាំ ដែលរងពាក្យរិះគន់ខ្លាំង បាននិយាយការពារចំណាត់ការនេះ។ លោកហៅការដកទ័ពចេញពីទឹកដីស៊ីរីភាគខាងជើងនេះ ជាការបញ្ចប់វត្តមានអាមេរិកក្នុងសង្គ្រាមដែលគ្មានកោះត្រើយ។
ក្រោយរងការរិះគន់ខ្លាំងៗ លោក ត្រាំ បានព្រមានតួកគី មិនឲ្យធ្វើអ្វីលើសលស់ឡើយក្នុងយុទ្ធនាការរបស់ខ្លួននៅស៊ីរី។ នៅលើបណ្ដាញសង្គម Twitter របស់ខ្លួននៅថ្ងៃទី៧ ខែតុលា លោក ត្រាំ បញ្ជាក់ថា លោកបានប្រាប់តួកគីរួចហើយ នោះគឺបើហ៊ានធ្វើអ្វីទៅហួសពីមនុស្សធម៌ សេដ្ឋកិច្ចតួកគី នឹងត្រូវបំផ្លាញទាំងស្រុង។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ មិនបានបញ្ជាក់ពីលក្ខខណ្ឌអ្វីឡើយ តែទំនងចង់ប្រាប់តួកគីកុំឲ្យប៉ះក្រុមឃើដ។
ពាក់ព័ន្ធគម្រោងប្រតិបត្តិការរបស់តួកគីវិញ លោក អ៊ែរដូហ្កាន់ នឹងទៅជួបលោក ត្រាំ ដោយផ្ទាល់ដើម្បីជជែកពីការបង្កើតតំបន់សុវត្ថិភាពមួយក្នុងទឹកដីស៊ីរី មុននឹងឈានដល់ការបញ្ជូនភៀសខ្លួនស៊ីរីត្រឡប់ទៅវិញ។ ប៉ុន្តែក្រុមឃើដអះអាងថា ក្រុងអង់ការ៉ាចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ដោយបញ្ជូនជនភៀសខ្លួនស៊ូនីចូលទឹកដីស៊ីរី។ ម្យ៉ាងទៀត ការបង្កើតតំបន់សុវត្ថិភាពនោះ ទំនងជាលេសដើម្បីកម្ចាត់ក្រុមឃើដស៊ីរីតែប៉ុណ្ណោះ៕
Tag:
អាមេរិក
តួកគី
ឃើដ
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com