អន្តរជាតិ
តៃវ៉ាន់​ថា ចិន​កំពុង​អនុវត្ត «​ការ​វាតទី​របប​ផ្តាច់ការ​» នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​
08, Oct 2019 , 7:19 pm        
រូបភាព
​កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​៧ ខែតុលា បាន​ហៅ​ចំៗ​តែ​ម្តងថា សកម្មភាព​របស់​ចិន​ក្នុងពេល​បច្ចុប្បន្ន​គឺ «​ការ​វាតទី​របប​ផ្តាច់ការ​» នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។ ការចោទប្រកាន់​របស់​តៃវ៉ាន់ ធ្វើឡើង​ក្រោយ​មាន​របាយការណ៍​បង្ហាញ​ពី​គម្រោង​កសាង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​ប្រទេស​ពីរ​នៃ​តំបន់​នេះ​ដែល​ទើប​ទទួលស្គាល់​ចិន​។​


 
​បន្ទាប់ពី​ផ្តាច់ទំនាក់ទំនង​ការទូត​ពី​តៃវ៉ាន់​ទៅ​កសាង​សម្ពន្ធភាព​ជាមួយ​ចិន ពេលនេះ​ប្រជុំ​កោះ​សូ​លូ​ម៉ូ​ន និង​គី​រី​បាទី ត្រូវបាន​ចិន​សម្លឹង​ឃើញ​ជា​តំបន់​យុទ្ធសាស្ត្រ និង​មូលដ្ឋាន​យោធា ដើម្បី​ពង្រីក​ដែន​ឥ​ទ្វិ​ពល​របស់ខ្លួន ទៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។

«​យើង​បានឃើញ​របាយការណ៍រ​បស់​ចិន កំពុង​ចាប់អារម្មណ៍​បើក​ស្ថានីយ​រ៉ា​ដា​នៅក្នុង​គី​រី​ប៉ា​ទី និង​កសាង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ខេត្ត​ភាគ​ខាងលិច​នៃ​ប្រជុំ​កោះ​សូ​លូ​ម៉ូ​ន​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ការទូត​តៃវ៉ាន់ លោក Joseph Wu នៅ​ថ្ងៃទី​៧ ខែតុលា នៅ​ក្នង​វេទិកា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។

​ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រទេស​ជា​មិត្ត​ទាំងអស់ ត្រូវមាន​ការបារម្ភ​លើ​ការពង្រីក​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង បើទោះបីជា​តំបន់​ប៉ាស៊ីហ្វិក​នៅតែ​បើក និង​សេរី​ក្នុង​ការធ្វើ​នាវាចរ​ក៏ដោយ​។ ជាពិសេស លោក Wu ថែមទាំង​ជំរុញ​ឲ្យ​អាមេរិក ចូលមក​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់​ការ​វាតទី​និយម​របស់​ចិន​នៅក្នុង​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ថែមទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ប្រមុខ​ការទូត​តៃវ៉ាន់ ក៏បាន​ភ្ជាប់​បញ្ហា​តំបន់​ប៉ាស៊ីហ្វិក​ទៅនឹង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ បានសេចក្តីថា ប្រសិនបើ​បណ្តោយ​ឲ្យ​ទីក្រុង​ប៉េកាំង បន្ត​អនុវត្ត​អនុត្តរភាព​នៅ​តំបន់​ប៉ាស៊ីហ្វិក ដូច​សមុទ្រ​ចិន​ខាងត្បូង​នោះ អ្វីៗ​វា​នឹង​ហួសពេល​។ ជាក់ស្តែង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ចិន​បាន​កសាង​កោះ​សិប្ប​និ​ម្ម​ត និង​មូលដ្ឋាន​យោធា​នៅក្នុង​ដែនទឹក​ជម្លោះ​។ ប៉ុន្តែ​ការអះអាង​បែបនេះ​របស់​តៃវ៉ាន់ មិនទាន់មាន​ការឆ្លើយ​តប​ណាមួយ​ពី​ភាគី​ចិន​នៅឡើយ​ទេ​។

​សូមបញ្ជាក់ ការចូល​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​ស្រី Tsai Ing-wen នៅក្នុង​ឆ្នាំ ២០១៦ ចិន​តែងតែ​សង្ស័យថា លោកស្រី​T sai អាច​នឹង​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃ​ណាមួយ​។ ការណ៍​នេះហើយ​បាន​បង្ក​ឲ្យ​ភាព​តានតឹង​រវាង​ចិន និង​កោះ​តៃវ៉ាន់​កាន់តែ​ក្តៅគគុក​។ បន្ថែម​ពីលើ​នេះ នៅក្នុង​អាណត្តិ​ប្រ​ធានា​ប​តី​តៃវ៉ាន់​រូបនេះ កោះ​តៃវ៉ាន់​នៅសល់​មិត្ត​តែ ១៥​ប្រទេស​តែប៉ុណ្ណោះ ក្នុងចំណោម​នោះ ៤​ប្រទេស​មកពី​តំបន់​ប៉ាស៊ីហ្វិក​។


© រក្សាសិទ្ធិដោយ thmeythmey.com