លោក ឃួ​ង ស្រេង ប្រាប់​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​ដើមឈើ ប្រៀប​ដូច​ស្រឡាញ់​កូនចៅ​ខ្លួន​
ជាតិ
សង្គមជាតិ
លោក ឃួ​ង ស្រេង ប្រាប់​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​ដើមឈើ ប្រៀប​ដូច​ស្រឡាញ់​កូនចៅ​ខ្លួន​
09, Oct 2019 , 8:19 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ចុះ​ទៅត្រួតពិនិត្យ​ការ​ដាំដើម​ឈើ​នៅ​អម​សង​ខាង​គល់ស្ពាន​ជ្រោយចង្វារ កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ចុះ​ទៅត្រួតពិនិត្យ​ការ​ដាំដើម​ឈើ​នៅ​អម​សង​ខាង​គល់ស្ពាន​ជ្រោយចង្វារ កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​ឲ្យ​ស្រឡាញ់​ដើមឈើ ប្រៀប​ដូច​ស្រឡាញ់​កូន​ខ្លួន ដើម្បី​ចូលរួម​ថែរក្សា​សោភ័ណភាព​ទីក្រុង ។​



«​សូម​ប្រជាពលរដ្ឋ ស្រឡាញ់​ដើមឈើ ដូច​ស្រឡាញ់​កូនចៅ !​ស្រឡាញ់​កូនចៅ ដូច​ស្រឡាញ់​ដើមឈើ​។ នេះ​ជាការ​លើកឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង ដែល​បាន​ចុះ​ប្រតិបត្តិ​ការដាំ​ដើម​ធ្នង់ គគីរ នាងនួន ប្រមាណ​៣០០​ដើម​បន្ថែម​នៅ​គល់ស្ពាន​ជ្រាយ​ចង្វារ  ដើម្បី​កែប្រែ​ស្ពាន​ជ្រាយ​ចង្វារ​ក្លាយជា​ឧទ្យាន​បៃតង និង​ជា​ម្លប់​សម្រាប់​អ្នកធ្វើដំណើរ​។​

​លោក ឃួ​ង ស្រេង ដែល​បង្ហាញ​ការយកចិត្តទុកដាក់​លើ​សោភ័ណភាព​ទីក្រុង ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ឧទ្យាន​ស្ថានទូត​បារាំង​កន្លងមក​ថា លោក​ចង់ឃើញ​ទីក្រុង​ភ្នំពេញ​មាន​ដើមឈើ​ធំៗ​ជាច្រើន ដែល​ប្រកបដោយ​ពណ៌​បៃតង សម្រាប់​ទុកជា​ម្លប់​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ជាពិសេស​លោក ចង់ឃើញ​មាន​អាគារ​ខ្ពស់ៗ ដែល​ប្រកបដោយ​រុក្ខជាតិ​ពណ៌​បៃតង សម្រាប់​ទ្រទ្រង់​ជីវិត​ផងដែរ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ បាន​ត្រៀម​ដើមឈើ​ប្រណិត​សម្រាប់​ទុក​ដាំ​នៅតាម​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ​រួចជាស្រេច​ហើយ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាំ​ដើមឈើ​ប្រមាណ​ពី​២៥០​ដើម ទៅ​៣០០​ដើម​នៅ​អម​សងខាង​គល់ស្ពាន​ជ្រោយចង្វារ​។ ចំណែក រដ្ឋបាល​ខណ្ឌទួលគោក បាន​ដាំ​ដើមឈើ ប្រភេទ​ដើម​ធ្នង់​ជិត​២០០​ដើម​ហើយ នៅតាម​ដងផ្លូវ និង​សួនច្បារ ក្នុង​ខណ្ឌទួលគោក​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ឯក ឃុន ដឿ​ន អភិបាលខណ្ឌ​ទួលគោក ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។​

​លោក ឯក ឃុន ដឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​អះអាងថា រដ្ឋបាល​ខណ្ឌ​នឹង​សហការ​ជាមួយ​សង្កាត់ ដើម្បី​ទៅ​ត្រួតពិនិត្យ​ដើមឈើ ដែល​ងាប់​នៅតាម​ផ្ទះ​របស់​ពលរដ្ឋ និង​សន្យា​ដាំ​ឡើងវិញ​ជំនួស​ដើមឈើ​ដែល​ត្រូវ​ងាប់​នោះ​ផងដែរ ដើម្បី​ឲ្យ​មាន​ផ្ទៃ​ពណ៌​បៃតង បរិយាកាស​ល្អ និង​ទទួលបាន​ឧស្ម័ន​អុកស៊ីសែន​។​

​អភិបាលខណ្ឌ​ទួលគោក បាន​សង្កត់ធ្ងន់ថា ជន​ណា​ដែល​លួច​កាប់បំផ្លាញ​ដើមឈើ​សាធារណៈ ជន​នោះ​នឹង​ប្រឈមមុខ​ច្បាប់ និង​ពិន័យ​ជា​ទឹកប្រាក់​។ លោក​អះអាង​បន្ថែមថា ចំពោះ​ករណី​ដើមឈើ​ដែល​ដួលរលំ​សង្កត់​លើ​រថយន្ត សម្ភារ​ផ្សេងៗ ឬ​មនុស្ស រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនមាន​ការធានារ៉ាប់រង​ឡើយ​។ លោក​លើកឡើង​ដូច្នេះ  ដោយ​សំអាងថា មិនមាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​ចត​រថយន្ត​នៅក្រោម​ដើមឈើ​សាធារណៈ​ឡើយ គឺ​ដើមឈើ​ទុក​សម្រាប់​ជា​ម្លប់​ដល់​អ្នកធ្វើដំណើរ និង​សម្រាប់​រក្សា​សោភ័ណភាព​ទីក្រុង​តែប៉ុណ្ណោះ​៕

Tag:
 ​ឃួ​ង ស្រេង​
 ​ដើមឈើ​
 ​រាជធានី​ភ្នំពេញ​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com