កីឡាអន្តរជាតិ
អន្តរជាតិ
​កាសែត​អេ​ស្ប៉ា​ញ ថា Bale ខឹង Zidane កាន់តែខ្លាំង​ហើយ
09, Oct 2019 , 10:19 pm        
រូបភាព
Gareth Bale មានការ​ខឹងសម្បា និង​ធុញទ្រាន់​ទៅនឹង​ក្រុម Real Madrid ដោយ​បង្ហាញ​ការចង់​ចាកចេញ​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មូ​យ​នេះ​ទៀតផង​។ នេះ​បើតាម​អ្នកកាសែត​អេ​ស្ប៉ា​ញ Guillem Balague របស់ BBC Radio 5 Live​។​



​ខ្សែបម្រើ​សញ្ជាតិ​វេ​លស៍ វ័យ​៣០​ឆ្នាំ​រូបនេះ ស្ទើរតែ​ផ្លាស់​ទៅ​ក្រុម Jiangsu Suning នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​ចិន (Chinese Super League) ទៅហើយ អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ដើមរដូវ​កាល​នេះ​ជាមួយ​ថ្លៃឈ្នួល ១,២ លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​យ៉ាងណា​ក្លិប​ស្តេច​ស បដិសេធ​វិញ​ដោយសារ​ក្លិប​ចង់បាន​ការផ្ទេរ​ដែលមាន​តម្លៃ​សមរម្យ​មួយ​។
​ខណៈ​ការចរចា​លើ​ការផ្ទេ Bale កំពុងដំណើរការ លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ Real Madrid ធ្លាប់បាន​អះអាងថា​លោក​សង្ឃឹមថា​អតីត​កី​សមាជិក​ក្រុម Tottenham Hotspur រូបនេះ​នឹង​ចាក​ចេញពី Santiago Bernabéu ឆាប់ៗ​។

​ការលើកឡើង​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​បែបនេះ បានធ្វើ​ឲ្យ​ភ្នាក់ងារ​របស់ Bale លោក Jonathan Barnett មាន​ការមិន​ពេញចិត្ត ដោយ​ឆ្លើយតប​វិញ​ថា Zidane ប្រើ​ភាសា​យ៉ាង​ន​អាម៉ាស់ និង​មិន​គោរព​កីឡាករ​ដែល​បានធ្វើ​អ្វី​ជាច្រើន​សម្រាប់ Real Madrid​។​

Bale បាន​ជួយ Real ឈ្នះ Champions Leageu ៤​ដង La Liga និង Copa del Rey ១​លើក UEFA Super Cups ៣ ដង និង Club World Cups ៣​ដង រួមទាំង​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​លើសពី ១០០ គ្រាប់​ផង​។​

​សម្រាប់​រដូវ​កាល​ថ្មី​នេះ Bale បានបង្ហាញ​ខ្លួន​ចំនួន​៧​ប្រកួត និង​ស៊ុត​បាន​២​គ្រាប់​ដើម្បី​ជួយ Real ឡើងឈរ​កំពូល​តារាង La Liga​។ យ៉ាងណាក៏ដោយ Bale មិន​ជាប់​ឈ្មោះ​លេង​ក្របខ​ណ្ខ​កំពូល​អឺរ៉ុប​ឡើយ​ពេល Real ស្មើគ្នា ២-២ ទល់ Club Bruges ដែល​ធ្វើ​ឲ្យ​រូបគេ​មាន​អារម្មណ៍​ថ្នាំងថ្នាក់ រហូត​ចង់​ចាកចេញ​តែម្តង​។​

«Bale ឆ្អែត​ចិត្ត​ហើយ​។ គាត់​មិនអាច​ធ្វើ​អ្វី​បាន​ទៀត​ទេ​។ នៅពេលដែល​គាត់​ចាប់ផ្តើម​លេចធ្លោ​ហើយ​ចាប់ផ្តើម​លេង ត្រូវ​គ្នា​ជាមួយ​ក្រុម​បែរជា​គាត់​បាន​ត្រឹម​ទស្សនាការ​ប្រកួត​ជាមួយ Bruges ទៅវិញ​»​។ នេះ​ការអះអាង​របស់លោក Guillem Balague តាមរយៈ BBC Radio 5 Live​។​

​លោក Balague ស្រង់​សម្តី​របស់ Bale ទៀតថា នៅពេល Zidane ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​វិញ Bale គឺ​មិន​ស្ថិតក្នុង​កែវភ្នែក​របស់​អ្នកចាត់ការ​រូបនេះ​ឡើយ​។ Bale បាន​ប្រាប់ Zidane ហើយ​ថា​រូបគេ​សម្រេចចិត្ត​ច្បាស់​ហើយ និង​ត្រៀម​ចាក​ចេញពី​ក្រុម​៕


Tag:
 Gareth Bale
  Real Madrid
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com