អន្តរជាតិ
ជា​លើកទីមួយ​ដែល​លោក Joe Biden អំពាវនាវ​ឲ្យ​ប្តឹង​ទម្លាក់​លោក Trump ចេញពី​តំណែង​
10, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
 ​ជា​លើកទីមួយ​ដែល​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden អំពី​នាវ​ឲ្យ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ចេញពី​តំណែង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ជា​លើក​ទី​១ ឲ្យ​ប្តឹង​ទម្លាក់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ចេញពី​តំណែង​។​

 
​លោក Joe Biden ដែលជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​នៅ​រដ្ឋ New Hampshire កាលពី​ថ្ងៃ​ពុធ​ថា «​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រំលោភ​សម្បថ​ការចូល​កាន់តំណែង​បាន​ក្បត់ប្រទេសជាតិ ហើយ​បាន​ប្រព្រឹត្ត​សកម្មភាព​ដែល​ត្រូវតែ​ប្តឹង​ទម្លាក់​ចេញពី​តំណែង​»​។​
 
​សេត​វិមាន​បាន​និយាយថា ខ្លួន​នឹងមិន​ចូលរួម​នៅក្នុង​អ្វីដែល​ខ្លួន​ហៅថា «​ការស៊ើបអង្កេត​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញពី​តំណែង​ដែល​ខុស​នឹង​រដ្ឋធម្មនុញ្ញ​នោះទេ​»​។​
 
​លោក Pat Cipollone មេធាវី​របស់​សេត​វិមាន​បាន​ផ្ញើលិខិត​មួយច្បាប់​ដែលមាន​៨​ទំព័រ​ទៅ​ឲ្យ​ពួក​មេដឹកនាំ​ប្រជាធិបតេយ្យ​នៅក្នុង​សភាតំណាងរាស្ត្រ ដែល​រួមមាន​លោកស្រី Nancy Pelosi ដែល​កំពុង​ពិនិត្យ​មើលថា​តើ​ប្រធានាធិបតី​ត្រាំ​បាន​រំលោភច្បាប់​ដោយ​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លោក Biden​។​
 
​លោក Cipollone ចោទប្រកាន់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ពី​ការរំលោភ​គោលការណ៍​នៃ​ភាពស្មើគ្នា​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​។​
 
​លោក​បាន​និយាយថា គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បដិសេធ​មិន​ផ្តល់ឱកាស​ឲ្យ​ប្រធានាធិបតី​ត្រាំ​ដើម្បី​សាកសួរ​សាក្សី​និង​ឃើញ​ភស្តុតាង​ដែល​ពួកគេ​កំពុង​ប្រើ​ដើម្បី​សម្រេច​ថា​តើ​លោក​ប្រធានាធិបតី​ត្រូវតែ​ប្តឹង​ទម្លាក់​ចេញពី​តំណែង​ដែរឬទេ​។​
 
​បើ​សមាជិក​ភាគច្រើន​នៅក្នុង​សភាតំណាងរាស្ត្រ​បានអនុម័ត​មាត្រា​នៃ​ការប្តឹង​ទម្លាក់​ប្រធានាធិបតី​ត្រាំ​ចេញពី​តំណែង បន្ទាប់មក​នឹងមាន​ការកាត់ទោស​នៅក្នុង​ព្រឹទ្ធសភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ ដែល​នៅ​ទីនោះ​ក្រុម​មេធាវី​របស់​ប្រធានាធិបតី​ត្រាំ​នឹងមាន​ឱកាស​ដើម្បី​បង្ហាញ​ការការពារ​ខ្លួន​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com