អន្តរជាតិ
ក្រុមហ៊ុន​Apple​ដក​កម្មវិធី​ផែនទី​ហុងកុង​ដែល​បាតុករ​ប្រើ​តាមដាន​ទីតាំង​ប៉ូលិស
10, Oct 2019 , 10:39 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន Apple នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ តុលា បាន​លុបចោល​កម្មវិធី​មួយ ដែល​ក្រុមបាតុករ​ហុងកុង​ប្រើប្រាស់​ដើម្បី​កំណត់​ទីតាំង​ប៉ូលិស​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ បាន​អះអាងថា កម្មវិធី​ផែនទី​នេះ​បំពាន​ច្បាប់ ព្រោះ​វា​ត្រូវយក​ទៅប្រើ​ក្នុង​គោលដៅ​វាយឆ្មក់​ប៉ូលិស​។​



​ទើបតែ​យល់ព្រម​ដាក់បញ្ចូល​កម្ម​វិធី HKmap.live ក្នុង Store របស់ខ្លួន កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Apple បានសម្រេច​លុបចោល​វិញ ក្រោយពី​រង​ការព្រមាន​ពី​ចិន​។ ក្រុមហ៊ុន Apple បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ បន្ទាប់ពី​មនុស្ស​ជាច្រើន​ក្នុង​ក្រុង​ហុងកុង បាន​ទាក់ទង​មក​ក្រុមហ៊ុន ដោយ​បង្ហាញ​កង្វល់​ពី​កម្មវិធី​ផែនដី​នោះ​។ ក្រោយមក ក្រុមហ៊ុន​បាន​រកឃើញថា កម្មវិធី​បាន​បង្ក​គ្រោះថ្នាក់​ដល់​ការអនុវត្ត​ច្បាប់ និង​ប្រជាជន​ស្លូតត្រង់​ក្នុង​ក្រុង​ហុងកុង​។

«​កម្មវិធី​នេះ បង្ហាញ​ទីកន្លែង​ប៉ូលិស​ឈរជើង ហើយ​យើង​បាន​ពិនិត្យ​បញ្ជាក់​ជាមួយ​នាយកដ្ឋាន​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​សន្តិសុខ​តាម​ប្រ​ព័​ន្ឌ​អ៊ីនធឺណិត​[​ហុងកុង​]​ថា កម្មវិធី​នេះ​ត្រូវបាន​ប្រើប្រាស់​d​ដើម្បី​កំណត់​គោលដៅ​និង​វាយឆ្មក់​ប៉ូលិស​, គំរាមកំហែង​សុវត្ថិភាព​សាធារណៈ ហើយ​ឧក្រិដ្ឋជន​បាន​ប្រើ​វា​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ស្លូតត្រង់​ក្នុង​តំបន់​នោះ ទី​ដែល​ពួកគេ​ដឹងថា គ្មាន​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ​»​។​

​ឆ្លើយតប​នឹង​ការដកហូត​នេះ អ្នក​អភិវឌ្ឍ​កម្មវិធី HKlive.map តាមរយៈ​បណ្តាញ​សង្គម Twitter បានបង្ហាញ​ការមិនយល់ស្រប​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​។ ត្រង់ចំណុច​នេះ ខ្លួន​លើកឡើងថា វា​គ្មាន​ភស្តុតាង​ណាមួយ​គាំទ្រ​ចំពោះ​ការអះអាង​របស់​ប៉ូលិស​ហុងកុង​ដែលថា  កម្មវិធី​នេះ ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលដៅ​សកម្មភាព​វាយឆ្មក់​ឡើយ​។​

​សូមបញ្ជាក់ថា កម្មវិធី HKlive.map ត្រូវបាន​លុបចោល​ពី Store របស់​ក្រុមហ៊ុន Apple នៅ​ទូទាំង​ពិភពលោក ក៏ប៉ុន្តែ​វា​នៅ​បន្តដំណើរ​សម្រាប់​អ្នកប្រើប្រាស់​ដែល​បាន​ទាញយក​កម្មវិធី​រួចរាល់​។ ចំណែក វេ​ប​សាយ​របស់​វា ក៏​នៅតែ​អាច​មើល​បាន​ដដែល​សម្រាប់​ទូរ​សព្ទ​ម៉ូ​ឌែ​ល Iphone គ្រប់​ប្រភេទ​៕

Tag:
 Apple
  ហុងកុង​
  បាតុករ​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com