ជាតិ
យោធាជាន់ខ្ពស់ ប្រាប់កងអង្គរក្ស ឲ្យវាយបំបាក់ឧបាយកលធ្វើរដ្ឋប្រហារ លោក មាស សាវ៉ន ថ្លែងទៅកាន់នាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស (រូបពីក្រសួងការពារជាតិ)
× បញ្ជាកាដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន ត្រូវបន្តការពារព្រះមហក្សត្រនិងរដ្ឋាភិបាល ព្រមទាំងវាយបំបាក់រាល់ឧបាយកលទាំងឡាយណា ដែលមានបំណងធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមនិងបំផ្លាញសុខសន្តិភាកម្ពុជា។ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ថ្លែងដូច្នេះទៅកាន់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
គេទំព័រក្រសួងការពារជាតិ បានស្រង់សម្តីរបស់លោក មាស សាវ៉ន ទៅចុះផ្សាយថា ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ នៅតែបន្តឃោសនាសង្គ្រាមចិត្តសាស្ត្រ ដោយមួលបង្កាច់និងវាយប្រហារមកលើរដ្ឋាភិបាលជាបន្តបន្ទាប់។ លោក បន្ថែមថា បរទេសដែលមាននិន្នាការទៅខាងក្រុមប្រឆាំង ក៏បានរៀបចំនិងដាក់ចេញយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នា ដើម្បីឲ្យអតីតគណបក្សប្រឆាំងបានរស់ឡើងវិញ។ លោក ចាត់ទុកទង្វើបែបនេះរបស់បរទេសនិងក្រុមប្រឆាំងថា ជានយោបាយដ៏គ្រោះថ្នាក់បំផុតនិងបង្កមហន្តរាយដ៏ធ្ងន់ធ្ងរដល់កម្ពុជា។
នៅចំពោះមុខកងអង្គរក្ស ក្នុងបញ្ជាការដ្ឋានអង្គក្រុងតាខ្មៅ មន្ត្រីយោធាជាន់ខ្ពស់រូបនេះ បានរម្លឹកពីប្រវត្តិសាស្ត្រថា កម្ពុជា ធ្លាប់ជួបប្រទះច្រើនណាស់មកហើយ ពីការដណ្តើមអំណាច តាមរយៈកងកម្លាំងប្រដាប់អាវុធ ដូចជានៅប្រទេសមជ្ឈឹមបូរព៌ា និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដែលរហូតមកដល់បច្ចុប្បន្ន មិនទាន់មានសន្តិភាពនោះទេ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ទោះបីក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវតែប្តូរផ្តាច់ មិនត្រូវបណ្តែតបណ្តោយឲ្យនរណាម្នាក់មកបំផ្លាញដល់សុខសន្តិភាព ដែលកំពុងកើតមាននៅកម្ពុជានាពេលនេះ បាននោះឡើយ»។
លោក សម រង្ស៊ី ប្រកាសថាលោក នឹងមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសង្ឃឹមថា មានប្រជាពលរដ្ឋខ្មែរជាច្រើនក្រៅប្រទេស នឹងមកជាមួយលោក។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយទៅចូលរួមជាមួយលោក ដោយលោក ធ្លាប់អះអាងថា អតីតគណបក្សប្រឆាំងរបស់លោក បានត្រៀមថវិកាសម្រាប់ផ្តត់ផ្គង់ដល់ពួកគេ។
ការដាក់ចេញនូវផែនការទាំងនេះ ធ្វើឲ្យលោក សម រង្ស៊ី និងគ្នីគ្នា៨នាក់ទៀត រងពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ តុលាការ លើកពីក្រមព្រហ្មទណ្ឌថា បទល្មើសនេះ អាចឲ្យពួកគេ ជាប់ពន្ធនាគារពី១៥ឆ្នាំ៣០ឆ្នាំ ហើយអ្នកចូលរួម អាចជាប់ពី៥ឆ្នាំទៅ១០ឆ្នាំ៕
Tag:
កងអង្គរក្ស
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com